ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរ និងអែនធើប្រាយវីហ្សិនអាខេដេមី ដាក់ឱ្យដំណើរការកម្មវិធី«ធ្វើឱ្យអាជីវកម្មប្រសើរឡើង»រដូវកាលទី៣
08, Feb 2023 , 10:49 am        
រូបភាព
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣ ជុំទី១ (Enterprise Solution Finders Season 3 Round 1) តាមរយៈប្រព័ន្ធZoom ក្រោមកិច្ចសហការជាមួយ អែនធើប្រាយវីហ្សិនអាខេដេមី (Enterprise Vision​ Academy) ។ កម្មវិធីនេះ មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ រួមជាមួយវត្តមានសហស្ថាបនិកនៃអែនធើប្រាយវីហ្សិនអាខេដេមី សហគ្រិន និងយុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីរដូវកាលនេះ និងសហគ្រិនរដូវកាលមុនៗ។
 
កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ តាមរយៈគំនិតផ្ដួចផ្ដើម ក្រោមកិច្ចសហការភាពជាដៃគូ រវាងសហគ្រិនខ្មែរ និងអែនធើប្រាយវីហ្សិនអាខេដេមី ដើម្បីផ្ដល់ការគាំទ្រក្នុងការកែប្រែផែនការធុរកិច្ចរបស់ សហគ្រិននៅក្នុងខេត្តសៀមរាប ដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ លក្ខណៈពិសេសរបស់កម្មវិធី គឺការបណ្តុះបណ្តាលទីប្រឹក្សាវ័យក្មេង ហៅថា Solution Finders ដែលជាការតម្រង់ទិសដើម្បី ពួកគាត់អាចសហការ ឬគាំទ្រដល់ម្ចាស់ធុរកិច្ចក្នុងការដោះស្រាយបញ្ហាប្រឈម និងបង្កើតជាផែនការ យុទ្ធសាស្រ្តថ្មី។ កម្មវិធីនេះ ធ្លាប់បានអនុវត្តចំនួនពីររដូវកាលរួចមកហើយ នៅក្នុងខេត្តសៀមរាប ដោយផ្ដោតទៅលើសហគ្រាស ស្ថិតនៅក្នុងវិស័យសេវាកម្ម ដែលក្នុងនោះមានវិស័យទេសចរណ៍ និងបដិសណ្ឋារ​កិច្ច។ ចំពោះរដូវកាលទី១ និងទី២ ម្ចាស់សហគ្រាសចំនួន ២១នាក់ និងទីប្រឹក្សាវ័យក្មេងចំនួន២២ នាក់បានចូលរួមក្នុងកម្មវិធីនេះ។



នៅក្នុងរដូវកាលទី៣ ដើម្បីពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទៀត កម្មវិធី“ធ្វើឱ្យអាជីវកម្មប្រសើរឡើង” នឹងត្រូវអនុវត្តដោយរួមបញ្ចូលការរៀន តាមរយៈអនឡាញ ការសិក្សាថ្នាក់ Masterclass​ ជាក្រុម និងការប្រឹក្សាយោបល់មួយទល់មួយ ជាមួយគ្រូជំនាញ។ កម្មវិធីនេះនឹងត្រូវធ្វើឡើងចំនួនបួនជុំ ដែលក្នុងមួយជុំមានខេត្តចំនួនពីរចូលរួម។ ក្រុមការងារកម្មវិធីនឹងសម្រិតសម្រាំងជ្រើសរើសយកសហគ្រាសណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយក្នុងមួយសហគ្រាស អាចមានតំណាងចំនួន ២រូបចូលរួម ក្នុងនោះម្នាក់ជាម្ចាស់សហគ្រាសផ្ទាល់ និងម្នាក់ទៀតជាបុគ្គលិកស្នូល ឬដៃស្ដាំរបស់ម្ចាស់សហគ្រាស។
 
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ មាន​ប្រសាសន៍ថា៖ “នៅក្នុងឆ្នាំ២០២៣នេះ សហគ្រិនខ្មែរ បានពង្រីកវិសាលភាពកម្មវិធីដែលសហគ្រិនខ្មែរ បានរៀបចំដោយផ្ទាល់ និងក្រោមការសហការជាមួយដៃគូ បានស្ទើរតែគ្រប់ ២៥ ខេត្តក្រុង ដែលក្នុងនោះក៏មានកម្មវិធី “ធ្វើឱ្យអាជីវកម្ម​ប្រសើរឡើង” រដូវកាលទី៣ ផងដែរ។  ក្រោយពីបានអនុវត្តកម្មវិធីនេះ ចំនួនពីរដូវកាលរួមមក សហគ្រិនខ្មែរ និង អែនធើប្រាយវីហ្សិនអាខេដេមី បានសង្កេតឃើញថា ម្ចាស់សហគ្រាសដែលចូលរួម បានប្រែក្លាយ អាជីវកម្មរបស់គាត់ឱ្យកាន់តែរីកចម្រើនទៅមួយកម្រិត ខណៈទីប្រឹក្សាវ័យក្មេង(Solution Finder)​ ក៏បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការបម្រើកិច្ចការនៅតាមសហគ្រាសដទៃ ឬបង្កើតជាធុរកិច្ចថ្មី។”
 


ដោយមើលឃើញពីលទ្ធផលជាផ្លែផ្ការបស់កម្មវិធី លោក បានបន្ថែមទៀតថា សហគ្រិនខ្មែរ បានសម្រេចចិត្តពង្រីកវិសាលភាពនៃកម្មវិធី​ ដើម្បីផ្ដល់ការគាំទ្រទៅកាន់ម្ចាស់សហគ្រិន នៅតាមបណ្ដា ខេត្តចំនួន ៨ ផ្សេងទៀតកម្មវិធី ដែលនេះបានចូលរួមចំណែក ដល់ការអនុវត្តយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការស្ដារសេដ្ឋកិច្ចជាតិឱ្យមានភាពប្រសើរឡើងវិញ នៅក្នុងបរិបទការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងត្រឡប់ទៅរកវិថីនៃកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលទាមទារឱ្យមានការកែទម្រង់ និងការកសាងភាពធន់”។ 
 
លោក សេង រតន:វិស្ស័យ នាយកប្រតិបត្ដិនៃអែនធើប្រាយវីហ្សិនអាខេដេមី បានលើកឡើងថា៖ “យើងពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ ដៃគូយុទ្ធសាស្រ្ដរបស់យើង  ដែលផ្ដល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន។ រដូវកាលទី៣នេះ  គឺជាវគ្គបណ្ដុះបណ្ដាល និងប្រឹក្សាអាជីវកម្មទម្រង់ថ្មី សិក្សាតាមអនឡាញ និងពង្រីកការគាំទ្រដល់សហគ្រិនរហូតដល់ ៨ ខេត្ដ ដែលវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ ម្ចាស់សហគ្រាស នឹងអាចកសាងសមត្ថភាពសហគ្រិន ចំណេះដឹងស្ដីពីធុរកិច្ច និងជំនាញបច្ចេកទេសមួយចំនួនផ្សេងទៀត។ ចុងបញ្ចប់នៃកម្មវិធី ម្ចាស់សហគ្រាសនឹងមានផែនការយុទ្ធសាស្ដ្រថ្មីមួយដែលជួយកសាងគ្រឹះអាជីវកម្មឱ្យបានរឹងមាំ និងជំរុញឱ្យអាជីវកម្មមានភាពរីកលូតលាស់កាន់តែប្រសើរ សមស្របតាមបរិបទថ្មី និងបម្រែបម្រួលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក”។
 


គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣ ជុំទី១ នេះ ក្រុមការងារ កម្មវិធីបាន​ប្រកាសរើសម្ចាស់សហគ្រាសមកចូលរួមកម្មវិធី តាមបណ្ដាខេត្ដនានាក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល មានម្ចាស់សហគ្រាស ដាក់ពាក្យចូលរួមចំនួនរហូតដល់ទៅ ៧៥ នាក់ ដែលក្នុងនោះ ភាគច្រើនគឺជាម្ចាស់សហគ្រាសមកខេត្ដសៀមរាប និងកំពង់ធំ។ ដោយហេតុដូចនេះ ក្រុមការងារ ក៏បានសម្រេចចាប់ផ្ដើមកម្មវិធី ដោយផ្ដោតលើម្ចាស់សហគ្រាសមកពីខេត្តទាំងពីរនេះ។ ក្រោយពីឆ្លងកាត់ការវាយតម្លៃយ៉ាងយកចិត្តទុកដាក់រួចមក ក្រុមការងារកម្មវិធីបានជ្រើសរើសម្ចាស់សហគ្រាស ចំនួន ១១ នាក់ មកពីខេត្តសៀមរាប និង​៨ នាក់ មកពីខេត្តកំពង់ធំ ឱ្យចូលរួមនៅក្នុងកម្មវិធីរយៈពេល៤ខែ ដោយ ចាប់ផ្ដើមពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ នៅចុងបញ្ចប់ ម្ចាស់សហគ្រាសទាំងអស់ នឹងធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្ដ្រថ្មី ដែលខ្លួនបង្កើតបាន ព្រមទាំងយុទ្ធសាស្ត្រនៃការអនុវត្ត ផែនការនេះផងដែរ៕
 
(អត្ថបទពាណិជ្ជកម្ម)






 
 
 

Tag:
 Khmer interprise
© រក្សាសិទ្ធិដោយ thmeythmey.com