កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Oleg Starynskyi៖ សូលទីឡូអង្គររៀបចំល្អ តែភ្នំពេញក្រោនមានការប្ដេជ្ញាចិត្តខ្ពស់ ទើបឈ្នះនៅជំនួបបើកឆាក
13, Feb 2023 , 12:09 pm        
រូបភាព
កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ដណ្ដើមបាល់ជាមួយកីឡាករ សូលទីឡូអង្គរ រូបពី CPL
កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ដណ្ដើមបាល់ជាមួយកីឡាករ សូលទីឡូអង្គរ រូបពី CPL
ក្រុមការពារដំណែងជើងឯក ភ្នំពេញក្រោន បានយកឈ្នះ ក្រុមសូលទីឡូអង្គរ ២-០ ក្នុងការប្រកួតពានរង្វាន់ខាមបូឌាលីគខាប់ (League Cup) ពូល B រដូវកាល២០២៣ នៅថ្ងៃទី១២ ខែកុម្ភៈ នាកីឡដ្ឋាន Smart RSN។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បញ្ជាក់ថា បើទោះជាសូលទីឡូអង្គរ មានការរៀបចំខ្លួន និងទម្រង់ប្រកួតវាយបកល្អ ប៉ុន្ដែកីឡាកររបស់ភ្នំពេញក្រោន មានការប្ដេជ្ញាចិត្តខ្ពស់ ព្រោះជាក្រុមការពារដំណែងជើងឯក។

 
លោក Oleg Starynskyi បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា សូលទីឡូអង្គរ ជាក្រុមដែលមានការរៀបចំខ្លួនបានល្អ សម្រាប់ការប្រកួត។ កីឡាករ ប្រកួតមានភាពជឿជាក់ ជាមួយទម្រង់ប្រកួតដ៏ល្អ របស់គ្រូបង្វឹក។ ប្រសិនជាក្រុមភ្ញៀវនេះ មិនបានរៀបចំខ្លួនបានល្អទេ ភ្នំពេញក្រោន ប្រាកដជាអាចរកគ្រាប់បាល់បានច្រើនជាងនេះ។ បើទោះជាសូលទីឡូអង្គរ មានការរៀបចំខ្លួនបានល្អក៏ដោយ ប៉ុន្ដែកីឡាករ ភ្នំពេញក្រោន មានការលើកទឹកចិត្តទ្វេដង ក្នុងការប្រកួតព្រោះជាក្រុមការពារដំណែងជើងឯក។
  

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន រូបពី CPL
 
«កីឡាករ ហត់នឿយក្នុងការប្រកួត ប៉ុន្ដែសប្បាយព្រោះទទួលបានជ័យជម្នះ ក្នុងការប្រកួតដំបូងរដូវកាល ២០២៣។ ក្រុម បានរៀបចំខ្លួនបានយ៉ាងល្អ។ ច្បាស់ណាស់ ក្រុមទាំងអស់ ចង់ប្រកួតយកឈ្នះលើក្រុមការពារដំណែងជើងឯក ដូចជាពួកយើង។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។ 
 
ដោយឡែក សារព័ត៌មានថ្មីៗ អាចសុំការទំនាក់ទំនង ពីក្លិបសូលទីឡូអង្គរ បានទេ។
 
ក្នុងថ្ងៃជាមួយគ្នានោះ នៅក្នុងពូល B ដដែរ ណាហ្គាវើលដ៍ បានយកឈ្នះ លើនគរបាលជាតិ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។​ រីឯ ISI ដង្កោសែនជ័យ បានយកឈ្នះលើម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានហនុមាន ក្នុងលទ្ធផល ៤-២។
 
ចំណែក ការប្រកួតក្នុងពូល A នាថ្ងៃទី១១ ខែកុម្ភៈ អគ្គិសនីកម្ពុជា ចាញ់កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋានស្តាតចាស់។ រីឯ វិសាខា បានឈ្នះ ព្រៃវែង ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន AIA KMH Sport Park។ ចំណែកគិរីវង់សុខសែនជ័យ ទទួលបានជ័យជម្នះក្នុងប្រកួតដំបូងជាមួយ កោះកុង នៅទីលានបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០។
 
រីឯ បឹងកេត និងព្រះខ័នរាជស្វាយរៀង មិនទាន់ចាប់ផ្ដើមការប្រកួតនៅឡើយទេ ព្រោះការប្រកួតធ្វើឡើងនៅចុងសប្ដាហ៍ ថ្ងៃសៅរ៍ និងអាទិត្យ មួយថ្ងៃ៣គូ៕
 

Tag:
 បាល់ទាត់
  League Cup
© រក្សាសិទ្ធិដោយ thmeythmey.com