កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ហ៊ុន មានី៖ Soccer League បង្កើតឡើងដើម្បីផ្ដល់ឱកាសដល់យុវជន, សាមគ្គីភាព និងចំណងមិត្តភាពក្នុងសង្គមកម្ពុជា
13, Feb 2023 , 6:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីបិទពានរង្វាន់ Soccer League លើកទី៦
លោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីបិទពានរង្វាន់ Soccer League លើកទី៦
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អះអាងថា Soccer League លើកទី៦ បង្កើតឡើងដើម្បីអភិវឌ្ឍ និងផ្ដល់ឱកាសឲ្យយុវជនកម្ពុជាបញ្ចេញសមត្ថភាពក្នុងវិស័យកីឡា ជាពិសេសការបង្កើតសុខដុមរម្មនារវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន នៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពកីឡា។



នាពិធីបិទការប្រកួត Soccer League កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ លោក ហ៊ុន ម៉ានី បានបញ្ជាក់ពីគោលបំណងសំខាន់ៗនៃការបង្កើតពាននេះ ដើម្បីបង្កើតឱកាសឲ្យយុវជនកម្ពុជា អាចជួបជុំគ្នា, រឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាព ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់យុវជន-យុវនារីមកពីអង្គភាព និងស្ថាប័នផ្សេងៗគ្នា អាចស្វែងយល់ពីគ្នាទៅវិញទៅមក។ ចំណែកគោលបំណង ១ទៀតនោះគឺ ការជំរុញទឹកចិត្តយុវជន និងអ្នកដែលមិនមែនជាកីឡាករ-កីឡាការិនីអាជីព ឲ្យចូលរួមលេងកីឡា ដើម្បីកាត់បន្ថយហានីភ័យទាំងឡាយ ដូចជាគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ។
  

ពានរង្វាន់ Soccer League លើកទី៦
 
«ការជំរុញ និងលើកទឹកចិត្តយុវជន និងអ្នកដែលមិនមែនជាកីឡាករ និងកីឡាការិនីអាជីព ឲ្យលេងកីឡាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយក៏ជាការផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងវិស័យកីឡាបាល់ទាត់នេះផងដែរ។ ម្យ៉ាងវិញទៀត ក៏យុវជន ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា និងការងាររបស់ខ្លួន មកលេងកីឡា ជាជាងយកពេលវេលា ទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ ដូចជាការសេពគ្រឿងញៀន ការប្រអំពើហឹង្សារក្នុងគ្រួសារ ក្នុងសង្គម និងការលេងល្បែងស៊ីសងជាដើម។»។ នេះជាការបញ្ជាក់របស់ប្រធាន ស.ស.យ.ក.។ 
 
លោក ហ៊ុន ម៉ានី បន្ដទៀតថា ស.ស.យ.ក បានរៀបចំការប្រកួតកីឡាជាបន្ដបន្ទាប់ ដើម្បីចូលរួមវិស័យអប់រំ ការងារសង្គម និងស្ម័គ្រចិត្ត ការលើកដំកើនវប្បធម៌ ប្រវត្តិសាស្ដ្រ និងការពង្រឹងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្ដរជាតិ។ 
 
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្ដាល ឈ្នះជើងឯក Soccer League រដូវកាលទី៦ ក្រោយឈ្នះក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិនៅវគ្គផ្តាច់ព្រ័ត្រផ្នែកបុរស។ ចំណែកផ្នែកនារី ក្រុមបាល់ទាត់សុភីណាអេហ្វស៊ី ជាម្ចាស់ជើងឯក ដោយការយកឈ្នះួក្រុមបាល់ទាត់នារីភ្នំពេញក្រោន ១-០៕
 
 

Tag:
 បាល់ទាត់
  Soccer League
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com