កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គុនខ្មែរ៖លោក Rafael បងប្រុស Thiago ថានឹងវិលមកសងសឹក ធឿន ធារ៉ា ជាថ្មី
14, Feb 2023 , 11:19 am        
រូបភាព
កីឡាករ Thiago (អាវលឿង) និងកីឡាករ Rafeal (អាវក្រឡាការ៉ូ) ពេលចេញដំណើរទៅប្រទេសថៃវិញ។
កីឡាករ Thiago (អាវលឿង) និងកីឡាករ Rafeal (អាវក្រឡាការ៉ូ) ពេលចេញដំណើរទៅប្រទេសថៃវិញ។
ដោយ:
អ្នកប្រយុទ្ធក្នុងទ្រុង MMA កីឡាករ Rafael ជនជាតិប្រេស៊ីលបងប្រុសកីឡាករ Thiago Teixeira ថា នឹងវិលមកសងសឹក ធឿន ធារ៉ា វិញ។ ធឿន ធារ៉ា បានយកឈ្នះThiago  នៅទឹក៤ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ IPCC នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសង្វៀនថោន ខេត្តស្វាយរៀង។

 
«ការប្រកួតរវាង Thiago និងធារ៉ា គឺល្អតែយើងត្រូវកែតម្រូវចំណុចមួយចំនួនទៀត។ ពេលដ៏ខ្លីសម្រាប់ការហាត់សមរបស់ពួកយើង យើងនឹងវិលមកប្រទេសកម្ពុជាសាជាថ្មី ដើម្បីប្រកួតជាមួយ ធារ៉ា យើងនឹងឈ្នះ»។ កីឡាករជនជាតិប្រេស៊ីល Rafael ផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានថ្មីៗដូច្នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលរូបគេទាំងពីរនាក់បងប្អូន ត្រៀមចេញដំណើរពីទឹកដីកម្ពុជា ទៅកាន់កោះសាម៊ុយ ប្រទេសថៃវិញ នៅថ្ងៃទី១៣ ខែកុម្ភៈ។
 
ពេលវិលទៅទឹកដីថៃវិញនេះ Rafael ថា ខ្លួននឹងប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីវិលត្រលប់មកសងសឹក ធឿន ធារ៉ា ម្តងទៀត ។
 
យ៉ាងណាការមកកាន់ទឹកដីកម្ពុជា របស់កីឡាករសញ្ជាតិប្រេស៊ីល Thiago Teixeira បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាពេញចិត្តជាខ្លាំង នឹងមានការសុំថតរូបនៅមុខព្រះបរមរាជវាំងផងដែរ។ Thiago ក៏បានបង្ហើបប្រាប់ផងដែរថា ថ្ងៃណាមួយគេនឹងបើកក្លិបប្រដាល់ដែលដាក់ឈ្មោះថា«សាម៊ុយ គុនខ្មែរ» នៅទឹកដីថៃ។
 
គួបញ្ជាក់ដែរថា កីឡាករ Rafael អ្នកប្រយុទ្ធក្នុងទ្រុងជាបងប្រុសរបស់កីឡាករ Thiago ដែលតែងតែចាំជួយ និងនៅក្បែរ Thiago ដោយការលើកទឹកចិត្តគ្រប់ឧបសគ្គ ។ ពីឆ្នាំ២០១៦-២០១៨ Thiago ធ្លាប់មានបញ្ហាផ្លូវចិត្ត គឺបាន Rafael ជាអ្នកជួយលើកទឹកចិត្ត និងជំរុញឱ្យចូលប្រឡូកលើសង្វៀនសាជាថ្មី។ នេះបើតាមការបញ្ជាក់ពីកីឡាករ Thiago៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 Thiago Teixeira
  Rafeal
  ធឿន ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com