កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក បឺត ខាំ៖ កីឡាករប្រដាល់មាន២ប្រភេទ គឺកីឡាករក្បាច់ និងកីឡាករបុក
15, Feb 2023 , 8:59 am        
រូបភាព
លោក បឺត ខាំ គ្រូប្រដាល់ជម្រើសជាតិកម្ពុជា ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ។
លោក បឺត ខាំ គ្រូប្រដាល់ជម្រើសជាតិកម្ពុជា ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ។
លោក បឺត ខាំ អតីតកីឡាករប្រដាល់គុនខ្មែរ បានពន្យល់ថាកីឡាករប្រដាល់មានពីរប្រភេទ គឺកីឡាករក្បាច់ និងកីឡាករបុក។ អតីតកីឡាករប្រដាល់រូបនេះ បញ្ជាក់ថា កីឡាករក្បាច់ មានសង្ឃឹមឈ្នះច្រើនជាង ប្រសិនជាកម្លាំង និងភាពរឹងមាំរបស់គូប្រកួត មានកម្រិតប្រហាក់ប្រហែលគ្នា។



លោក បឺត ខាំ ដែលជាគ្រូជម្រើសជាតិប្រដាល់ឃីគបុកស៊ីង បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា ការហាត់ប្រដាល់ក្នុងក្លិបជាមួយមិត្តរួមអាជីពដទៃទៀត មិនប្រាកដថាកីឡាករ អាចប្រើបច្ចេកទេសដូចគ្នា និងយុទ្ធសាស្ដ្រប្រកួតដូចគ្នាទាំងស្រុងនោះទេ។ 
 
លោក បឺត ខាំ ដែលជាអតីតកីឡាករម្នាក់ ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករពូកែក្បាច់ និងស្នៀតប្រដាល់នោះ បានពន្យល់ដូច្នេះថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគឺជាកីឡាករក្បាច់។ ពាក្យថាក្បាច់គុន គឺចេះក្បាច់ច្រើន។ យើងចេះក្បាច់ច្រើន ទើបយើងលេងក្បាច់បាន។ ប៉ុន្ដែបើយើងជាកីឡាករបុក មានន័យថា មិនសូវចេះក្បាច់ច្រើនទេ ប៉ុន្ដែធន់ និងកម្លាំងល្អ។»។
 
លោក បឺត ខាំ បានពន្យល់ទៀតថា អំឡុងពេលប្រកួត ប្រសិនជាដៃគូមានកម្លាំងល្អ និងភាពរឹងមាំនោះ កីឡាករត្រូវពឹងផ្អែកលើបច្ចេកទេស។ នោះមានន័យថា ប្រសិនជាកីឡាករណាមានបច្ចេកទេសច្រើន នោះរូបគេនឹងទទួលបានជោគជ័យជាមិនខាន។
 
«អ៊ីចឹងបើកីឡាករបុក ឡើងទៅវាយលើឆាកអន្ដរជាតិ ទី១ គេនិយាយពីកម្លាំងល្អដូចគ្នា, ទី២ គឺភាពរឹងមាំដូចគ្នា និងទី៣ គេលេងក្បាច់គុនហើយ។ ខាងណាចេះក្បាច់គុនច្រើនជាង អ្នកហ្នឹងមានសង្ឃឹមឈ្នះច្រើនជាង។ អ៊ីចឹងបាននៅលើពិភពលោក គេឲ្យតម្លៃខ្លាំងទៅលើកីឡាករក្បាច់។ ពាក្យថាកីឡាករក្បាច់ គឺកីឡាករដែលចេះច្រើន ចេះច្រើនស្នៀតបាន។»។ លោក បឺត ខាំ និយាយដូច្នេះ។ 
 
ការហ្វឹកហាត់ប្រដាល់គុនខ្មែរ មិនមែនសុទ្ធតែអាចក្លាយជាកីឡាករក្បាច់ទាំងអស់ទេ បើទោះហាត់ក្លិបតែមួយក៏ដោយ។ គ្រូបង្វឹកជម្រើសជាតិរូបនេះ ពន្យល់បន្ថែមថា ការក្លាយជាកីឡាករក្បាច់ ឬកីឡាករបុក គឺអាស្រ័យលើទេពកោសល្យពីធម្មជាតិ និងចំណងចំណូលចិត្ត នៃការហ្វឹកហាត់។ លោក បឺត ខាំ បាននិយាយសំយោគបែបនេះ ថា កីឡាករខ្លាំង គឺជាកីឡាករដែលស្គាល់កាលៈទេសៈ និងចេះបត់បែនតាមការប្រកួតនីមួយៗ។
 
អតីតកីឡាកររូបនេះ និយាយទាំងមានជំនឿចិត្តថា រូបលោក មិនដែលខ្លាចកីឡាកររូបណាឡើយ អំឡុងពេលខ្លួនប្រកបអាជីពជាកីឡាករ។ ប៉ុន្ដែ លោក បឺត ខាំ ក៏មិនដែលមើលងាយ ឬធ្វេសប្រហែស ចំពោះគូប្រកួតណាមួយឡើយ។
 
គ្រូជម្រើសជាតិរូបនេះ បានប្រាប់ដូច្នេះថា៖ «ចាប់តាំងពីខ្ញុំប្រកួតគីឡូ៤៨ រហូតដល់៦០គីឡូ ខ្ញុំមិនដែលចាត់ទុកកីឡាករណាល្អជាងខ្ញុំទេ។ ប៉ុន្ដែខ្ញុំ​នៅតែប្រឹងហ្វឹកហាត់ និយាយឲ្យចំ គឺខ្ញុំមិនមើលងាយគេ។ ព្រោះពេលខ្លះ សុខភាពខ្ញុំអន់ ពេលខ្លះ យើងវាយទៅធ្លាក់ទម្រង់នៃការប្រកួត ក៏ពិបាកជាមួយកីឡាករបុក ក៏ពេលខ្លះពិបាកជាមួយកីឡាករក្បាច់។ ប៉ុន្ដែអ្វី ដែលសំខាន់ ខ្ញុំមិនសូវព្រួយបារម្ភ ដោយសារខ្ញុំចេះក្បាច់ច្រើនជាងគេ។ ប៉ុន្ដែការប្រកួតចប់ទើបយើងដឹងលទ្ធផល។»៕
 

Tag:
 ប្រដាល់គុនខ្មែរ
  បឺត ខាំ
© រក្សាសិទ្ធិដោយ thmeythmey.com