កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ប្រកាសផ្តល់​ការ​ព្យាបាលដោយឥតគិតថ្លៃ​សម្រាប់កីឡាករ-ការិនី ដែលរងរបួស
15, Feb 2023 , 10:10 am        
រូបភាព
ខ្សែប្រយុទ្ធក្លិបបឹងកេត និងជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ធ្លាប់​ទទួលការឧបត្ថម្ភពីសម្តេច ហ៊ុន សែន សម្រាប់ការព្យាបាលរបួសកន្លងមក។ រូបថត​ ហ្វេសប៊ុក ចាន់ វឌ្ឍនាកា​
ខ្សែប្រយុទ្ធក្លិបបឹងកេត និងជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ធ្លាប់​ទទួលការឧបត្ថម្ភពីសម្តេច ហ៊ុន សែន សម្រាប់ការព្យាបាលរបួសកន្លងមក។ រូបថត​ ហ្វេសប៊ុក ចាន់ វឌ្ឍនាកា​
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះ បានបញ្ជាក់ពីការផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កីឡាករ-កីឡាការិនី ដែលរងរបួសដោយការប្រកួត ជាពិសេសកីឡាបាល់ទាត់ និងប្រដាល់។


«ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និង ឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន។
 
ដោយមើលឃើញស្ថានភាពលំបាកបែបនេះ ប្រមុខរដ្ឋាភិបាល បានពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិការ លើការរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ ទៅ២០០គ្រែ។
 
សម្តេចបានអះអាងថា៖ «ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ សូមក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ»។
 
«សូមកីឡាករ កីឡាការិនី ទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះ ដោយការពេញចិត្ត»។ សម្តេច ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com