កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លេងបាល់ទះខុសក្បួន៖ មន្រ្តីសហព័ន្ធនឹងមានវិធានការចំពោះម្ចាស់តារាងអាជីវកម្ម
15, Feb 2023 , 4:09 pm        
រូបភាព
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ពេលទទួលក្រុមបាល់ទះបារាំងនៅព្រលានយន្តហោះ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ពេលទទួលក្រុមបាល់ទះបារាំងនៅព្រលានយន្តហោះ។
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថានឹងមានវិធានការចំពោះម្ចាស់តារាងបាល់ទះដែលអនុញ្ញាតឱ្យកីឡាករលេងខុសច្បាប់លក្ខន្តិកកីឡា ដែលនាំឱ្យខូចច្បាប់កីឡាបាល់ទះ។



អំឡុងពេលទៅទទួលប្រតិភូ គ្រូបង្វឹក កីឡាករយុវជនអាយុក្រោម១៩ឆ្នាំ បារាំង មកប្រកួតមិត្តភាពជាមួយជម្រើសជាតិកម្ពុជានាថ្ងៃទី១៤ ខែកុម្ភៈ លោក សិរីពិសិដ្ឋ ថ្លែងប្រាប់អ្នកសារព័ត៌មានថា នឹងមានច្បាប់លើទីតាំងលេងបាល់ទះឯកជន ដែលបណ្តាយឱ្យអ្នកលេង លេងខុសបច្ចេកទេស ដែលជាគំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ។
 
«នៅពេលដែលយើងមានច្បាប់ទាក់ទងនឹងវិស័យកីឡាបាល់ទះ យើងអាចយកវិធានមួយនោះអនុវត្តន៍ទៅលើបណ្តាអាជីវកម្មដ្ឋាន (ម្ចាស់តារាង)»។ លោក អាំង សិរីពិសិដ្ឋ និយាយដូច្នេះក្រោយឃើញវិស័យកីឡាបាល់ទះក្រៅផ្លូវការលេងខុសក្បួន និងលក្ខន្តិកស្តង់ដារនៃច្បាប់បាល់ទះ។
 
លោក អាំង សិរីពិសិដ្ឋ បន្ថែមថា៖«ជំហានដំបូងសហព័ន្ធនឹងកោះអញ្ជើញពួកគាត់មកពន្យល់ណែនាំ ពីនីតិវិធីនៃការលេងហើយថតផ្សាយផ្ទាល់ ក្នុងករណីដែលម្ចាស់តារាងនៅតែបន្តការលេងខុសក្បួនខ្នាតនេះ យើងនឹងអាចឈានទៅដល់ចាត់វិធានការរដ្ឋបាលផងដែរ»។ យ៉ាងណាលោក សិរីពិសិដ្ឋ បញ្ជាក់ថា រង់ចាំច្បាប់ចេញជាធរមានសិន។
 
លោកអគ្គលេខាធិការ ក៏សង្ឃឹមថាកីឡាករដែលលេងក្រៅផ្លូវការនឹងយល់អំពីការលេងដោយមិនត្រូវតាមក្បួនដែលនាំឱ្យប៉ះពាល់ដល់យុវជនជំនាន់ក្រោយ ដែលជាថ្នាលសម្រាប់ជម្រើសជាតិនាពេលអនាគតផង ក៏ដូចជាក្មេងៗដែលមិនបានជាប់ជម្រើសជាតិផង។
 
ក្រុមកីឡាបាល់ទះជម្រើសជាតិបារាំង U19 នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ២ជើង ទល់ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១៩ និងថ្ងៃទី២២ ខែកុម្ភៈ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕ 
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com