អន្តរជាតិ
ការបំពានដែនអាកាសជប៉ុនដោយបាឡុងចិន ជាសកម្មភាពមិនអាចទទួលយកបាន
15, Feb 2023 , 5:59 pm        
រូបភាព
លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន។ រូបភាព Kyodo
លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន។ រូបភាព Kyodo
រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃទី១៥ ខែកុម្ភៈ បានប្រាប់ក្រុងប៉េកាំងយ៉ាងច្បាស់ៗថា ការបំពាន ដែនអាកាសជប៉ុនដោយបាឡុងចារកិច្ចចិន ជារឿងមិនអាចទទួលយកបាន។ ការអះអាងបែបនេះ ធ្វើឡើងក្រោយជប៉ុន បានសង្ស័យថាបាឡុងឈ្លបយកការណ៍ចិន បានចូលដែនអាកាសជប៉ុនយ៉ាងហោចណាស់៣លើក បើគិតចាប់តាំងពីឆ្នាំ២០១៩ មក។

 
ប្រធានបទបាឡុងចិន នៅមិនទាន់ស្ងៀមស្ងាត់នៅឡើយ ក្រោយអាម៉េរិកបាញ់ទម្លាក់នៅពេលកន្លងទៅ។ ប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ទម្លាក់នោះ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ បានអះអាងថា បាឡុងឈ្លបការណ៍ចិន បានហោះចូលដែនអាកាសខ្លួនយ៉ាងហោចណាស់ ៣លើក ចាប់តាំងពីឆ្នាំ២០១៩ មក។​
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន បានចាត់ទុកសកម្មភាពបាឡុងចិន ជាទង្វើមិនអាចទទួលយកបាន។ 
 
«ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតចំពោះវត្ថុហោះរាងដូចបាឡុង ដែលបានចូលក្នុងដែនអាកាសជប៉ុននៅពេលកន្លងមក វាត្រូវបានសង្ស័យថា ជាបាឡុងឈ្លបការណ៍របស់ចិន»។ លោក Hirokazu Matsuno បានសង្កត់ធ្ងន់បែបនេះ។ 
 
ក្នុងថ្ងៃដដែលនេះ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាបន្ធូរបន្ថយលក្ខខណ្ឌតម្រូវក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងវត្ថុហោះ ដែលបំពានដែនអាកាសជប៉ុនផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។​
 
ក្នុងច្បាប់បច្ចុប្បន្ន កម្លាំងស្វ័យការពារជប៉ុន អាចប្រើប្រាស់អាវុធស្របច្បាប់ ឬចាត់វិធានការ ដើម្បីបណ្តេញយន្តហោះចម្បាំងឱ្យចាកចេញពីដែនអាកាសរបស់ខ្លួនប៉ុណ្ណោះ។ ទាក់ទិននឹងបញ្ហានេះ សមាជិកសភាជប៉ុន យល់ឃើញថា ច្បាប់នោះ គួរតែមានការកែលម្អ ដោយសារ ដ្រូន ក៏ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង ហើយពេលនេះមានបាឡុងថែមទៀត។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Yasukazu Hamada បានអះអាងថា កម្លាំងស្វ័យការពារជប៉ុន នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធ រួមទាំងមីស៊ីលបាញ់ពីអាកាសទៅអាកាសផងដើម្បីទម្លាក់បាឡុង ដែលបំពានដែនអាកាសខ្លួន។ 
 
គួររំឮកថា តាមការបញ្ជាក់របស់ក្រសួងការពារជាតិ នៅក្នុងឆ្នាំ២០២៩ ជប៉ុនបានចាប់សញ្ញាបានវត្ថុហោះពណ៌ស នៅលើក្រុងភាគនិរតី Kagoshima, នៅក្នុងខែមិថុនា ឆ្នាំ២០២០ នៅលើក្រុងភាគឦសាន Miyagi និងក្នុងឆ្នាំ២០២១ នៅលើក្រុង Aomori៕ 
 
 

Tag:
 ជប៉ុន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com