កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អនុប្រធានសហព័ន្ធសង្ឃឹមថា កីឡាហាប់គីដូនឹងមានឈ្មោះបោះសំឡេង ទោះមិនបញ្ចូលក្នុងស៊ីហ្គេម
16, Feb 2023 , 7:59 am        
រូបភាព
ពិធីប្រគល់វិញ្ញាប័ណ្ណបត្រគ្រូកម្រិតមធ្យមថ្នាក់ជាតិនៃសហព័ន្ធកីឡាហាប់គីដូកម្ពុជា។
ពិធីប្រគល់វិញ្ញាប័ណ្ណបត្រគ្រូកម្រិតមធ្យមថ្នាក់ជាតិនៃសហព័ន្ធកីឡាហាប់គីដូកម្ពុជា។
ដោយ:
លោក គួច ហុងជៀក អនុប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា សង្ឃឹមថាកីឡាហាប់គីដូនឹងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានគេស្គាល់កាន់តែច្រើន ទោះគ្មានឈ្មោះនៅស៊ីហ្គេមឆ្នាំ២០២៣ក៏ដោយ។



ក្នុងពិធីប្រគល់វិញ្ញាប័ណ្ណប័ត្រ គ្រូកម្រិតមធ្យមថ្នាក់ជាតិដល់គ្រូបង្វឹកកីឡាហាប់គីដូនគរបាលជាតិកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក ហុងជៀក ថ្លែងថា៖«កីឡាហាប់គីដូនេះយើងចាប់ផ្តើមមាននៅឆ្នាំ២០២១ ដែលកាលពីមុនយើងអត់មាន និងអត់មានអ្នកស្គាល់ទេហាប់គីដូហ្នឹង។ ខ្ញុំសង្ឃឹមថាកីឡាហាប់គីដូនេះនឹងបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនាពេលអនាគតដ៏ខ្លី»។ 
 
អនុប្រធានសហព័ន្ធរូបនេះ ក៏បានជំរុញឱ្យអត្តពលិកទាំងអស់ប្រឹងប្រែងហ្វឹកហាត់ និងពង្រឹងបន្ថែមដើម្បីកែលម្អរចំនុចខ្វះខាតបន្ថែម និងជាទុនដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ផ្សេងៗ។
 
«បាទ! ចំនុចខ្វះខាតយើងមានលើផ្នែកបច្ចេកទេស ដែលយើងនៅទន់ខ្សោយច្រើន ដោយសារកូនសិស្សគាត់ពុំទាន់មានពេលគ្រប់គ្រាន់ អ្នកខ្លះជាប់រវល់រៀន ធ្វើការ អ៊ីចឹងការហ្វឹកហាត់នេះអត់បានគ្រប់ម៉ោងទៀងពេលទៅតាមកាលវិភាគទេ ហើយខ្ញុំនឹងព្យាយាមរក្សាជំហរទោះបីយើងខ្វះខាតក៏ដោយតែយើងនឹងព្យាយាមជ្រោងឱ្យកីឡានេះទៅមុខមានអនាគតល្អ»។ លោក គួច ហុងជៀក បន្ថែមដូច្នេះ។
 
គួបញ្ជាក់ថា ការប្រគល់វិញ្ញាប័ណ្ណប័ត្រគ្រូកម្រិតមធ្យមថ្នាក់ជាតិនៃសហព័ន្ធកីឡាហាប់គីដូកម្ពុជា មាន១០រូប ក្នុងនោះមាននារី១រូប ដែលមកពីសមាគមកីឡានគរបាលជាតិកម្ពុជា ធ្វើឡើងនៅសាលហ្វឹកហ្វឺនកីឡាហាប់គីដូកម្ពុជា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៣៕
 
 

Tag:
 កីឡាហាប់គីដូ
 គួច ហុងជៀក
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com