កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក អេ ភូថង៖ ធឿន ធារ៉ា ប្រើយុទ្ធសាស្ដ្របញ្ឆោត ទើបវាយឈ្នះ Thiago
16, Feb 2023 , 3:56 pm        
រូបភាព
លោក អេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានប្រាប់ពីយុទ្ធសាស្ដ្របញ្ឆោតដល់ ធឿន ធារ៉ា មុនពេលប្រកួតជាមួយកីឡាករ ThiagoTeixeira។ ប្រធានក្លិបរូបនេះ ពន្យល់ថា យុទ្ធសាស្ដ្រនេះ មានប្រសិទ្ធភាពនៅពេល ដែលភាគីម្ខាង ដឹងពីបច្ចេកទេស និងភាពខ្លាំងរបស់ភាគីម្ខាងទៀត ដូចអ្វីដែល Thiago បានប្រុងប្រយ័ត្នចំពោះកែងរបស់កីឡាករ ធឿន ធារ៉ា ដូច្នេះដែរ។



លោក អេ ភូថង បានអរគុណអ្នកគាំទ្រ ធឿន ធារ៉ា ក្នុងការផ្ញើរ និងបង្ហោះវីឌីអូប្រកួតរបស់កីឡាករ Thiago ជាមួយកីឡាករថៃ នៅលើបណ្ដាញហ្វេសប៊ុក។ ក្រោយមើលវីឌីអូនេះ គ្រូបង្វឹករូបនេះ បានកែក្បាច់ឲ្យ ធឿន ធារ៉ា ដើម្បីត្រៀមប្រកួតជាមួយ Thiago។ លោក អេ ភូថង  បញ្ជាក់ថា កីឡាករប្រេស៊ីលប្រើ ដៃស្ដាំ មិនសូវល្អដូចដៃឆ្វេងទេ ប៉ុន្ដែការប្រកួតរបស់ Thiago ស្ទុះល្អគ្រប់ទឹក។ 
  

លោក អេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
 
លោក អេ ភូថង និយាយថា៖«ពេលដែលបងប្អូន បង្ហោះឲ្យខ្ញុំមើល ខ្ញុំ បានមកកែក្បាច់ឲ្យ ធឿ ធារ៉ា។ ខ្ញុំដឹងថា Thiago នេះ ពូកែប្រើដៃដែរ ប៉ុន្ដែដៃស្ដាំ មិនសូវខ្លាំងទេ ចំណែកដៃឆ្វេង គឺដៃខាងមុខ គាត់វាយបានល្អណាស់។ គាត់ល្អតែដៃឆ្វេង ១ទេ ប៉ុន្ដែស្ទុះគាត់ល្អ។ គាត់វាយមួយតឹក ដឹងមួយតឹក។»។
 
នៅមុនជំនួបទល់ធឿន ធារ៉ា Thiago បានបញ្ជាក់លើវីឌីអូខ្លួន ថាប្រយ័ត្ន និងការពារកែងរបស់ ធារ៉ា។ ដោយឡែកអំឡុងពេលប្រកួត នាចុងតឹកទី៤ កីឡាករប្រេស៊ីលនេះ នៅតែចាញ់ក្រោមកែងរបស់ កីឡាករកម្ពុជាដដែរ។ ជុំវិញជ័យជម្នះនេះ លោក អេ ភូថង បានពន្យល់ថា ធារ៉ា ប្រើដៃវាយច្រើនទៅលើគូប្រកួត រង់ចាំដល់ពេលគូប្រកួតប្រហែស ទើបវាយកែងតែម្ដង។ ប៉ុន្ដែ ការវាយបែបនេះ ត្រូវការពេលវេលា មិនអាចចេះតែប្រើៗ មិនត្រូវចំណុចទេ ព្រោះអាចធ្វើឲ្យគូប្រកួតចាប់ក្បាច់បាន។
  

ធឿន ធារ៉ា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
«ធម្មតាគេ បារម្ភខ្លាចកែង។ អ៊ីចឹងតឹកទី១ យើង កុំវាយកែង យើងគ្រាន់តែបញ្ឆោត ហើយយើងប្រើកណ្ដាប់ដៃវិញ។ យើង ធាក់ឲ្យបានច្រើន ប្រើកណ្ដាប់ដៃឲ្យបានច្រើន។ ខ្ញុំ ប្រាប់គាត់ថា តឹកទី១ យើងសម្រុកទៅ យើងអស់កម្លាំងច្រើន។ តឹកទី២ យើងបន្ថូរ ហើយទឹកទី៣ យើងបន្ថូរដែរ គ្រាន់តែវាយឲ្យលើសគេបន្ដិច កុំឲ្យពិន្ទុគេ នៅលើយើង។ ធ្វើយ៉ាងមិចក៏ដោយ ឲ្យពិន្ទុលើសគេ។ ហើយតឹកទី៤ ខ្ញុំនិយាយថា វាយបណ្ដោយទៅ វាយកែងទៅ។ ខ្ញុំប្រាប់ធឿន ធារ៉ា ពេលចូលវាយ ត្រូវមានម៉ាត់ មានកែង ហើយសម្រុកទៅ។»។ លោក អេ ភូថង បានពន្យល់ដូច្នេះ។
 
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ កីឡាករ ធឿន ធារ៉ា បានផ្ដួល កីឡាករ Thiago Teixeira ដោយការប្រើកែងវាយចំក្បាល និងត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងតឹកទី៤ នៅសង្វៀន នៅស្វាយរៀង៕ 
 

Tag:
 ប្រដាល់គុនខ្មែរ
  ធឿន ធារ៉ា
  អេ ភូថង
© រក្សាសិទ្ធិដោយ thmeythmey.com