កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម២០២៣៖ វិញ្ញាសាបាល់ទាត់បុរស កំណត់ត្រឹមអាយុ២២ឆ្នាំ មិនមានកីឡាករលើសអាយុ៣នាក់ឡើយ
16, Feb 2023 , 6:12 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា អបអរចំពោះគ្រាប់បាល់ទីមួយ លើក្រុមភ្ញៀវ ហ្វីលីពីន
ក្រុមជម្រើសជាតិកម្ពុជា អបអរចំពោះគ្រាប់បាល់ទីមួយ លើក្រុមភ្ញៀវ ហ្វីលីពីន
កីឡាករបាល់ទាត់កម្ពុជា ដែលកើតថ្ងៃទី១ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០១ នឹងអាចជាប់ឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គមេ លើកទី៣២ នៅកម្ពុជា លើវិញ្ញាបុរស។ ស៊ីហ្គេម២០២៣ នឹងមិនមានកីឡាករលើសអាយុចំនួន៣រូប ដូចប្រឹត្តិការណ៍មុនៗឡើយ។ លោក ភា សុភក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា បញ្ជាក់ថា ការប្រកួតលីគកម្ពុជា បានបន្សំកីឡាករអាយុ ២២ឆ្នាំ និងក្រោមនេះ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។



យោងទៅលើការផ្សាយរបស់ CAMSOC នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡាករបាល់ទាត់ផ្នែកបុរសកើតមុនឆ្នាំ២០០១ នឹងមិនបានលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទេ។

លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា កម្ពុជា នឹងមិនដាក់កីឡាករ ដែលលើសអាយុ២២ឆ្នាំទេ ដោយការកំណត់នេះ CAMSOC បានបង្ហោះជាផ្លូវការហើយ។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា នឹងបញ្ចូល សមាសភាពកីឡាករ ដែលមានបទពិសោធន៍ប្រកួតអន្ដរជាតិជាច្រើនលើកនៅក្នុងការប្រកួតស៊ីហ្គេម ដើម្បីដឹកនាំកីឡាករ អាយុ២២ឆ្នាំ ប៉ុន្ដែសមាសភាពកីឡាករលើសាំអាយុកំណត់ចំនួន៣រូប នឹងមិនត្រូវបានដាក់បញ្ចូលទេ។ 
 
ជុំវិញរឿងនេះដែរ លោក ភា សុភ័ក្ដ្រា បានបង្ហាញពីទស្សនៈ ក្នុងការថ្លឹងថ្លែងទៅលើផលចំណេញ និងកត្តាខាតបង់មួយចំនួន ប្រសិនជាប្រើកីឡាករចាស់ៗ ក្នុងនាមជាម្ចាស់ផ្ទះ ដែលមានអាទិភាពក្នុងការកំណត់អាយុកីឡាករ។ 
 
គ្រូជំនួយរូបនេះ និយាយដូច្នេះថា៖« យើង ជាម្ចាស់ផ្ទះ យើងមានសិទ្ធថ្លឹងថ្លែង និងកំណត់ថា ប្រសិនជាដាក់កីឡាករចាស់៣នាក់នោះ ក្រុមយើង ទទួលបានផលល្អជាង ឬមួយក្រុមដែលចូលរួមទទួលបានផលច្រើនជាង។ តាមក្លិបនីមួយៗ ក្នុងការប្រកួតលីគ យើងបានបន្សំកីឡាករក្មេងៗ ដែលមានអាយុ២២ ឆ្នាំនិងក្រោមនេះបន្ដិចបន្ដួច ឲ្យទទួលយកបទពិសោធន៍ប្រកួតលើទីលាន។ អ្នកទាំងអស់នោះ ធ្វើបានល្អ យើងមានធនធានគ្រប់គ្រាន់។ ក្នុងការប្រើប្រាស់សម្រាប់ស៊ីហ្គេមនេះ។»។
 
តាមគោលការណ៍ខាងលើនេះ កីឡាករ ដែលធ្លាប់ជាប់ជម្រើសជាតិក្នុងពេលពីមុនមួយចំនួន នឹងមិនមានវត្តមានប្រកួតនោះទេ។ កីឡាករ ដែលធ្លាប់ជាប់ជម្រើសជាតិ ហើយផុតអាយុដែលបានកំណត់ឲ្យចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា មាន៖ 
 
-ក្លិបវិសាខា៖ កែវ សុខសិលា, ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ, ទៀត គីមហេង, រឹង ប៊ុនហៀង, កែវ សុខផេង, ស៊ិន កក្កដា, ឆេង ម៉េង, អ៊ិន សុដាវីដ, ច្រឹង ពលរដ្ឋ, អ៊ុក សុវណ្ណ។
-ក្លិបបឹងកេត៖ ស្លេះ សេន, ម៉ាត់ ណូរុន, ចាន់ វឌ្ឍនាកា និងឱ ភារុណ។
-ក្លិបណាហ្គាវើលដ៍៖ គួច សុគុម្ភៈ, សុះ ស៊ូហាណា និងស៊ូ យ៉ាទី។
-ក្លិបព្រះខ័នរាជ ស្វាយរៀង៖ សឿយ វិសាល, សារ៉េត គ្រីយ៉ា, ប៊ីន ចន្ថា ធារី, និង Nick Taylor។
-ក្លិបភ្នំពេញក្រោន៖ យ៉ើ សាហ្វី, យ៉ើ ម៉ូស្លីម, អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា, សាវែង សំណាង, សឿត បារាំង, ជួន ចាន់ចាវ, ឆុំ ភីសា និង អ៊ុំ វិចិត្រ។
 
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបង្ហាញនូវសមាសភាពកីឡាករ ដែលមានឈ្មោះតេស្ដ និងហ្វឹកហាត់សម្រាប់ប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
 

Tag:
 បាល់ទាត់
  Camsoc
© រក្សាសិទ្ធិដោយ thmeythmey.com