កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់មេដាយមាសសីដក់ រៀម សុភិរម្យ រីករាយជាមួយកីឡាថ្មីបាល់ទាត់លើតុ ត្រៀមប្រកួតស៊ីហ្គេម២០២៣
21, Feb 2023 , 7:59 am        
រូបភាព
ការហាត់សមរបស់កីឡាករបាល់ទាត់លើតុ នាពេលកន្លងទៅ។.jpg
ការហាត់សមរបស់កីឡាករបាល់ទាត់លើតុ នាពេលកន្លងទៅ។.jpg
ដោយ:
លោក រៀម សុភិរម្យ ​សប្បាយចិត្តជាមួយកីឡាបាល់ទាត់លើតុ (Teqball) ដែលជាកីឡាប្រភេទថ្មីសន្លាងនៅកម្ពុជា។ គ្រឹះបាល់ទាត់តាំងពីកុមារភាព និងជាអតីតម្ចាស់មេដាយមាសកីឡាករសីដក់ស៊ីហ្គេមផង បានជួលដល់ការលេងបាល់ទាត់លើតុរបស់សុភិរម្យ កាន់តែងាយស្រួល។ តារាចម្រៀង និងអ្នកនិពន្ធរូបនេះ ត្រៀមខ្លួនរួចស្រេចសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

 
«បន្ទាប់ពីទទួលដំណឹងថាកីឡាបាល់ទាត់លើតុចូលមកកម្ពុជាយើង តាំពីការប្រកួតកីឡាជាតិលើកទី៣ ខ្ញុំចាប់ផ្តើមហ្វឹកហាត់ ហើយមិនសូវជាមានផលវិបាកទេដោយសារខ្ញុំមានបទពិសោធ ១០ឆ្នាំជាងជាមួយកីឡាសីដក់ ហើយបាល់ទាត់ជាមូលដ្ឋានគ្រឹះតាំងពីខ្ញុំចាប់ផ្តើមលេងកីឡាដំបូងក្នុងថ្នាលយុវជន»។ លោក រៀម សុភិរម្យ និយាយដូច្នេះបន្ទាប់បញ្ចប់ការសំណេះសំណាល និងការចុះត្រួតពិនិត្យ ការហ្វឹកហាត់ និងការផ្តល់សម្ភារៈកីឡាបាល់ទាត់លើតុ របស់មន្រ្តី CAMSOC នាវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។



លោក រៀម សុភិរម្យ បង្ហាញចំណាប់អារម្មណ៍ចំពោះការចូលរួមជាមួយប្រភេទកីឡាថ្មីនេះ(Teqball) បានបញ្ជាក់ថា ការចូលរួមក្នុងនាមជាកីឡាករជម្រើសជាតិពិតជាសប្បាយចិត្តខ្លាំងណាស់ជាពិសេសគឺកម្ពុជា ជាម្ចាស់ផ្ទះដែលជាក្តីប្រាថ្នារបស់ខ្លួន។
 
ម្ចាស់មេដាយមាសកីឡាសីដក់ស៊ីហ្គេមលើកឡើងថា៖«សម្រាប់អារម្មណ៍ខ្ញុំវាហាក់បីដូចជាសំណាងមួយដែលខ្ញុំខំប្រឹងប្រែងការហ្វឹកហាត់ ការតស៊ូរបស់ខ្ញុំ ដែលអាចបង្ហាញក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនឹងកីឡាបាល់ទាត់លើតុ។ ភិរម្យ បន្ថែមថា ខ្លួនបានចាប់អារម្មណ៍ជាមួយកីឡាប្រភេទនេះនៅពេលដែលទស្សនាវិដេអូដែលនៅខាងប៉ែកអ៊ឺរ៉ុបគេនិយមលេង។
 
គួបញ្ជាក់ថា កីឡាបាល់ទាត់លើតុ ជាប្រភេទកីឡាថ្មីដែលបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ កីឡាប្រភេទនេះមានលក្ខណៈដូចការប្រកួតវាយកូនឃ្លីលើតុ ដូចបាល់ទាត់ និងសីដក់ ហើយការលេងមានតែការប្រើជើង និងក្បាលប៉ុណ្ណោះ។ បាល់មានទំហំធំដូចបាល់ទាត់តែសម្ពាធខ្យល់ស្រាល ជាងបាល់ទាត់បន្តិច៕
 
 

Tag:
 កីឡាបាល់ទាត់លើតុ
 រៀម សុភិរម្យ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com