កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះឆ្នេរខ្សាច់៖ គ្រូកម្ពុជាសង្ឃឹមឈ្នះមេដាយស៊ីហ្គេម២០២៣ ក្រោយទទួលបានការបង្វឹកពីគ្រូគុយបា
21, Feb 2023 , 2:04 pm        
រូបភាព
លោក ស៊ីម ឃ្លោក(អាវខៀវឆ្វេង) ឈរបញ្ជារកូនក្រុមក្នុងពេលកំពុងហ្វឹកហាត់។
លោក ស៊ីម ឃ្លោក(អាវខៀវឆ្វេង) ឈរបញ្ជារកូនក្រុមក្នុងពេលកំពុងហ្វឹកហាត់។
ដោយ:
លោក ស៊ីម ឃ្លោក គ្រូបង្វឹកក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា សង្ឃឹមថាកម្ពុជានឹងទទួលបានមេដាយណាមួយមិនថា មាស ប្រាក់​ ឬសំរឹទ្ធ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការជឿជាក់របស់លោក ស៊ីម ឃ្លោកនេះ ដោយសារកម្ពុជាទទួលបានការបង្វឹកទាំងផ្នែកកម្លាំង និងបច្ចេកទេស ពីគ្រូជំនាញមកពីគុយបា។



«មកដល់ពេលនេះយើងរំពឹងថាកីឡាកររបស់យើងនឹងធ្វើបានល្អនៅស៊ីហ្គេម២០២៣ ខាងមុខ ដោយទទួលបានមេដាយក្នុងចំណាត់ប្រភេទណាមួយ»។ លោក ស៊ីម ឃ្លោក បង្ហាញពីការជឿជាក់យ៉ាងមុតមាំដូច្នេះ ព្រោះធ្លាប់ឆ្លងកាត់ បទពិសោធចូលរួមប្រកួតនៅស៊ីហ្គេម២០២១ នៅប្រទេសវៀតណាម ហើយជាពិសេសសព្វថ្ងៃកម្ពុជា ទទួលបានគ្រូបង្វឹកជនជាតិគុយបាដែលមានបច្ចេកទេសបង្ហាត់បង្ហាញបានល្អ។
 

លោក PENA គ្រូបង្វឹកជនជាតិគុយបា បង្ហាត់បង្ហាញកីឡាករក្រុមជម្រើសជាតិកម្ពុជា។
 
«ឥឡូវនេះក្រោមការដឹកនាំបង្វឹក និងបង្ហាត់ដោយលោកគ្រូជនជាតិគុយបា យើងសង្កេតឃើញថាកីឡាកររបស់យើងមានការរីកចំរើនជាងមុន ទាំងកាយសម្បទា កម្លាំង និងផ្នែកបច្ចេកទេសផងដែរ»។ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា សង្កេតមើលឃើញដូច្នេះ ក្នុងពេលហ្វឹកហាត់ជាប្រចាំថ្ងៃរបស់ក្រុមកីឡាករ។ កីឡាករបាល់ទះឆ្នេរខ្សាច់ហ្វឹកហាត់មួយថ្ងៃពីរពេល ពេលព្រឹក និងពេលល្ងាច។
 
លោក​ ស៊ីម ឃ្លោក ដែលជាអតីតជម្រើសជាតិបាល់ទះក្នុងសាល ក៏មើលឃើញពីវឌ្ឍនភាពរបស់កីឡាករក្រុមជម្រើសជាតិបាល់ទះឆ្នេះខ្សាច់ទាំង៧រូបផងដែរ ទាំងការហ្វឹកហាត់កម្លាំង និងបច្ចេកទេស។ ពួកគេមានការកើនឡើងជាងមុន ទាំងការលោតធ្វើរនាំង ការវាយសេវា និងផ្តាច់បាល់ ស្របពេលគ្រូរូបនេះនៅតែសង្ឃឹមថាកូនក្រុមអាចធ្វើបានល្អក្នុងនាមជាម្ចាស់ផ្ទះ។ 
អ្វីដែលជាការព្រួយបារម្មណ៍ គ្រូបង្វឹកកម្ពុជាសង្កត់ធ្ងន់ថា មានប្រទេសពីរក្នុងតំបន់អាស៊ានដែលមានកីឡាករសំបូរដោយគុណភាពខ្ពស់ លើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ផ្នែកបុរសនេះ។
 
«បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន មានតែឥណ្ឌូណេស៊ី និងថៃប៉ុណ្ណោះ ដែលយើងមើលឃើញថាពួកគាត់មានកម្រិតខ្ពស់ជាងបណ្តាតប្រទេសផ្សេងទៀត»។ លោក ស៊ីម ឃ្លោក អះអាងដូច្នេះ។ 
 
គួរបញ្ជាក់ថា កីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជាមាន៧រូបកំពុងហ្វឹកហាត់នៅទីលានបាល់ទះឆ្នេរខ្សាច់ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបង្វឹកដោយលោក PENA VENTOZA KARELL គ្រូជនជាតិគុយបា៕
 
 
 

Tag:
 កីឡាបាល់ទះឆ្នេរខ្សាច់
 ស៊ីម ឃ្លោក
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com