បច្ចុប្បន្ន ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា សម្រេចបាន៩០ភាគរយហើយ។ រោងចក្រផលិតទឹកស្អាតតម្លៃជិត៤០០លានដុល្លារនេះ មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលរដ្ឋាភិបាលគ្រោងដាក់ឱ្យដំណើរការនៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៣។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេ ដែលបានកំណត់ក្នុងផែនការមេទី៣ ឆ្នាំ២០១៦-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA)។ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់រោងចក្រនេះ គឺចែកជាពីរដំណាក់កាល។
ដំណាក់កាលទីមួយនៃការសាងសង់រោងចក្រផលិតទឹកស្អាតមកទល់សព្វថ្ងៃនេះ សម្រេចបាន៩០ភាគរយហើយ ដែលគ្រោងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។ រោងចក្រនេះនឹងមានសមត្ថភាពផលិតពេញលេញ បន្ទាប់ពីបញ្ចប់ការសាងសង់ដំណាក់កាលទី២ នៅក្នុងឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់PPWSA, ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី២១កុម្ភៈ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖ «សមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះ នឹងមានបរិមាណគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកបច្ចុប្បន្ននៅរាជធានីភ្នំពេញ។ តាមការប៉ាន់ស្មាន រាជធានីភ្នំពេញ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នារដូវប្រាំង»។
រោងចក្រផលិតទឹកស្អាតរបស់កម្ពុជា ដែលមានតម្លៃជិត៤០០លានដុល្លារនេះ ត្រូវបានគាំទ្រដោយឥណទានចំនួន១៧៧.លានអឺរ៉ូ(ប្រមាណ១៨៩លានដុល្លារអាម៉េរិក) ,ឥណទានពីធនាគារវិនិយោគអឺរ៉ុបចំនួន១០០លានអឺរ៉ូ(១០៦លានដុល្លារ) និងជំនួយឥតសំណងប្រមាណ១៣លានដុល្លារ ពីសហភាពអឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី។ សម្រាប់គម្រោងនេះ ជាការវិនិយោគផ្ទាល់ពីPPWSA ក្នុងទំហំទឹកប្រាក់៨០លានដុល្លារ។ ចំពោះការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប គឺផ្តោតជាពិសេសលើការផ្គត់ផ្គង់ទឹកទៅកាន់សហគមន៍ក្រីក្រ នៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។
បើតាមលោក Rémy Rioux អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់បង្ហាញអំពីរបៀបដែលក្រុមអឺរ៉ុប អាចផ្តល់ការគាំទ្រយ៉ាងពេញទំហឹង រួមគ្នាជាមួយជំនាញដ៏ទំនើប។ លោកបាននិយាយដូច្នេះ៖ « ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃការសាងសង់ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើម ដោយសារការខិតខំរបស់ថ្នាក់ដឹកនាំ PPWSA រួមសហការជាមួយក្រុមហ៊ុន Vinci Grand Projets និង Safège»។
អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD ប្រកាសគាំទ្រពេញទំហឹងចំពោះ PPWSA ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក ឡុង ណារ៉ូ អគ្គនាយក PPWSA បានលើកឡើងថា ក្រោយបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងក្នុងឆ្នាំ២០២៤ សមត្ថភាពផលិតរបស់កម្ពុជា នឹងកើនឡើងពី០.៦ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា សមត្ថភាពនេះ នឹងឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការទឹក ដោយសារការពង្រីករាជធានីភ្នំពេញ នៅគ្រប់ទីកន្លែង។
គម្រោងរោងចក្រផលិតទឹកស្អាតនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ៦.១.១នៃការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជន៩៦ភាគរយ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅលើផែនការ ៩៥ភាគរយ ត្រឹមឆ្នាំ២០២៣។ គម្រោងនេះ នឹងជួយឲ្យកម្ពុជាសម្រេចបានគោលដៅ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕