អន្តរជាតិ
អ៊ុយក្រែនបានការ​ប្តេជ្ញាការពារពីសម្ព័ន្ធ​មិត្ត ខណៈរុស្ស៊ីពង្រឹង​ទំនាក់ទំនងជាមួយ​ចិន
23, Feb 2023 , 5:29 pm        
រូបភាព
មេដឹកនាំអាម៉េរិក ណាតូ និងមេដឹកនាំប្រទេសនៅអឺរ៉ុបក្នុងកិច្ចជំនួបនៅទីក្រុងវ៉ាសូវីថ្ងៃទី២២ ខែកុម្ភៈ បានប្តេជ្ញាពង្រឹងការការពារ​អ៊ុយក្រែន ខណៈរុស្ស៊ីព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាងមុនជាមួយចិន។



នៅជិតថ្ងៃគម្រប់ខួបនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្ត​អ៊ុយក្រែន រួមមានលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ប្រធានអង្គការណាតូលោក Jens Stoltenberg និងប្រមុខនៃបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនបានចូលរួមកិច្ចប្រជុំមួយនៅរដ្ឋធានីប៉ូឡូញដើម្បីបញ្ជាក់ពីការគាំទ្រជាថ្មីដល់ទីក្រុងកៀវ។ 
 
មេដឹកនាំប៊ុលហ្គារី សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី បានចូលរួមកិច្ចពិភាក្សានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំទាំងអស់បានប្តេជ្ញាពង្រឹងការការពារ និងប្រកាន់ជំហរបន្ថែមទៀត​ពីការគំរាមនានា។
 
«យើងមិនអាចអនុញ្ញាតឱ្យរុស្ស៊ីបន្តធ្វើឱ្យខូចសន្តិសុខនៅអឺរ៉ុបបានទេ»។ ប្រធានអង្គការណាតូលោក Jens Stoltenberg បានលើកឡើងបែបនេះ។
 
យ៉ាងណាមិញ នៅទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមការជួបជុំអ្នកស្នេហាជាតិ។ លោក ពូទីន បានប្រាប់មនុស្សរាប់ម៉ឺននាក់ថា រុស្ស៊ីកំពុងប្រយុទ្ធដើម្បីទឹកដីប្រវត្តិសាស្ត្រ និងប្រជាជនរបស់រុស្ស៊ីផ្ទាល់​។ 
 
មុនកិច្ចប្រជុំរបស់លោកខាងលិច លោក ពូទីន ក៏បានជួបពិភាក្សាជាមួយមន្ត្រីការទូតចិន លោក វ៉ាង យី ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ។ ជំនួបនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូបង្ហាញព្រួយបារម្ភចិនអាចនឹងរៀបចំផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក វ៉ាង បានលើកឡើងថាចិនមានឆន្ទៈក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយនិងពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្តជាមួយប្រទេសរុស្ស៊ី៕
 

Tag:
 អ៊ុយក្រែន
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com