អន្តរជាតិ
រដ្ឋបាល​លោក Biden ប្រកាស​សំណើ​បទបញ្ញត្តិ​ដាក់​កំហិត​ថ្មី​លើ​ការសុំ​សិទ្ធិ​ជ្រកកោន
26, Feb 2023 , 9:29 am        
រូបភាព
គូស្នេហ៍មួយគូមកពីប្រទេសគុយបា រង់ចាំដំណើរការដើម្បីស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីបានឆ្លងព្រំដែនចូលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣
គូស្នេហ៍មួយគូមកពីប្រទេសគុយបា រង់ចាំដំណើរការដើម្បីស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីបានឆ្លងព្រំដែនចូលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣
ដោយ: VOA
រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​នូវ​សំណើ​មួយ​កាលពី​ថ្ងៃ​អង្គារកន្លងមក ដែល​នឹង​រារាំង​ជន​ចំណាកស្រុក​មួយ​ចំនួន​មិន​ឱ្យ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​អាច​បញ្ជូន​ជន​ទាំង​នោះ​ចេញ​ភ្លាមៗ​ពី​សហរដ្ឋ​អាមេរិក។

 
សំណើ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​ការ​គ្រប់គ្រង​លំហូរ​ចូល​មក​នៃ​ជន​ចំណាកស្រុក​នៅ​ឯ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក បាន​រង​ការ​រិះគន់​ខ្លាំងក្លា​រួច​ទៅ​ហើយ​ពី​អ្នក​តស៊ូ​មតិ​រឿង​អន្តោប្រវេសន៍។
 
នៅ​ក្រោម​សំណើ​នេះ ជន​ចំណាកស្រុក​ណា​ដែល​មិន​បាន​ប្រើ​វិធី​ដែល​មាន​ស្រាប់​ដើម្បី​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក ឬ​ក៏​មិន​បាន​ស្វែងរក​ការ​ជ្រកកោន​ផ្នែក​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​មួយ​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​ឆ្លងកាត់​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក នឹង​មិន​មាន​សិទ្ធិ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ លើកលែង​តែ​ក្នុង​ករណី​ដែល​ពួកគេ​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​ការ​លើកលែង​មួយ​ចំនួន។
 
អ្នក​ដែល​មិន​អាច​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការ​លើកលែង ឬ​ក៏​មិន​អាច​បង្ហាញ​ភស្តុតាង​ថា​ ពួកគេ​បាន​ស្វែងរក​ការ​ការពារ​សម្រាប់​ការ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ណា​មួយ នឹង​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ត្រូវ​បញ្ជូន​ចេញ​ភ្លាមៗ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ដោយ​គ្មាន​ឱកាស​នៅ​ក្នុង​ការ​បាន​ជួប​ចៅក្រម​ផ្នែក​អន្តោប្រវេសន៍។
 
នៅ​ក្នុង​ការ​ថ្លែង​តាម​ទូរស័ព្ទ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន មន្ត្រី​របស់​លោក Biden បាន​អះអាង​ថា នៅ​ក្រោម​សំណើ​នេះ ជន​ចំណាកស្រុក​នៅ​មាន «វិធី​ដែល​អាច​ប្រើ​បាន​និង​ងាយស្រួល» នៅ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន។
 
មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា សាធារណជន​នឹង​មាន​រយៈពេល ៣០ ថ្ងៃ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​លើ​បទបញ្ញត្តិ​ដែល​ស្នើ​ឡើង​នេះ​មុន​ពេល​ដាក់​ឱ្យ​អនុវត្ត ដែល​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ។
 
អ្នក​រិះគន់​លើ​សំណើ​នេះ​បាន​អះអាង​ថា វា​គឺ​ជា​ការ​ធ្វើ​ឡើង​វិញ​នៃ​វិធានការ​ដាក់​កំហិត​ឆ្នាំ ២០១៩ រឿង​សុំ​សិទ្ធិ​ជ្រកកោន ដែល​បាន​ស្នើ​ឡើង​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ដែល​សំណើ​នេះ​ត្រូវ​បាន​រារាំង​ដោយ​តុលាការ​សហព័ន្ធ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com