ជាតិ
សង្គមជាតិ
ក្រសួងការបរទេស នឹងរៀបចំសន្និបាតប្រចាំឆ្នាំ​ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត នាដើមខែមីនា
25, Feb 2023 , 6:59 pm        
រូបភាព
រូបតំណាង៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»។ រូបភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបតំណាង៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»។ រូបភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែមីនា ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូតតំណាងកម្ពុជានៅបរទេស និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់គោលនយោបាយការបរទេសឯករាជ្យ ផ្អែកតាមច្បាប់។



តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស សន្និបាតប្រចាំឆ្នាំនេះ នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងពាក់ព័ន្ធនានា ប្រធានស្ថានទូត និងតំណាងជាន់ខ្ពស់នៅបរទេសផងដែរ។ ២ថ្ងៃដំបូង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សានានាស្ដីពី ការប្រែប្រួលភូមិសាស្រ្តនយោបាយសកល ការវិវត្តនៃបញ្ហាក្នុងតំបន់ដែលជាផលប្រយោជន៍ និងក្ដីបារម្ភរបស់កម្ពុជា។ ទន្ទឹងនឹងនេះ ក៏មានកិច្ចពិភាក្សាអំពីយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការបន្តធ្វើកំណែទម្រង់ស្ថាប័នផងដែរ។
 
ចំណែកថ្ងៃទី៣ ខែកុម្ភៈ មានន័យថាថ្ងៃចុងក្រោយនៃសន្និបាត នឹងរៀបចំជាលក្ខណៈផ្ទៃក្នុង ដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមផ្ដល់គោលការណ៍ណែនាំ និងទិសដៅគោលនយោបាយដល់មន្រ្តីការទូតកម្ពុជាទាំងអស់ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចផងដែរ៕
 

Tag:
 សន្និបាតប្រចាំឆ្នាំ
 ក្រសួងការបរទស
© រក្សាសិទ្ធិដោយ thmeythmey.com