ជាតិ
ទិវាសត្វក្រៀល នឹងត្រូវធ្វើនៅថ្ងៃស្អែក នាតំបន់ការពារទេសភាពអន្លង់ព្រីង
28, Feb 2023 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ទិវាសត្វក្រៀលនឹងត្រូវធ្វើនៅថ្ងៃទី២៨ខែកម្ភៈ ឆ្នាំ២០២៣ នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងទិវានោះ នឹងមានការប្រកួតគំនូរពីសាលាចំនួនពីរ និងការដាំកូនឈើជាង៤០០ដើម នៅតាមដងផ្លូវនៅតំបន់ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមកិច្ចការពារ ​និងអភិរក្សសត្វក្រៀលនៅក្នុងតំបន់នោះ។



លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតសត្វនៃកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25ថា ទិវាសត្វក្រៀលធ្វើឡើង ដើម្បីផ្សព្វផ្សាយពីសកម្មភាពការពារ និងអភិរក្សសត្វក្រៀលនៅក្នុងតំបន់។
  

សិស្សានុសិស្សចូលរួមកកម្មវិធី ទិវាសត្វក្រៀល ឆ្នាំ២០២២

កម្មវីធីនេះ នឹងមានការចូលរួមពីសិស្សានុសិស្សនៅជុំវិញតំបន់នោះ មានការប្រកួតគំនូរពីមកពីសាលាចំនួនពីរ និងមានការចូលរួមពីពលរដ្ឋសហគមន៍ ដែលកំពុងចូលរួមក្នុងកិច្ចការពារ និងអភិរក្សក្រៀល។
 
ទន្ទឹមនោះកូនឈើប្រមាណ៤៥០ដើម នឹងត្រូវដាំនៅតាមផ្លូវដោយ អង្គការ ស្ថាប័នរដ្ឋនិងពលរដ្ឋ។ «​ទិវានេះ​ជាផ្នែកមួយនៃការផ្សព្វផ្សាយពីកិច្ចការពារ និងថែរក្សសត្វក្រៀល និងអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋអាចទទួលបាន។ ឆ្នាំនេះយើងក៏មានការប្រកួតគំនូរ ដោយសិស្សឆ្នើមមកពីសាលាកោះត្នោត សាលាថ្មបើកផងដែរ»។ នេះជាការពន្យល់របស់លោក វរសក្ស ដែលលោកបានបន្ថែមថា ការដាំកូនឈើនៅក្នុងតំបន់នេះ អាចជាផ្នែកមួយនែការរួមចំណែកមិនឱ្យសត្វក្រៀលផ្អើល នៅពេលធ្វើដំណើរ និងរកស៊ីនៅតំបន់ការពារទេសភាពអន្លង់ព្រីង ឬមួយនៅពេលឃើញអ្នកទេសចរទៅទស្សនានៅតំបន់នោះ។
  

សិស្សានុសិស្សចូលរួមកកម្មវិធី ទិវាសត្វក្រៀល ឆ្នាំ២០២២

ប្រធានអង្គការខាងលើបានលើកឡើងថា ជាការកត់សម្គាល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសត្វកន្លងមក។ សកម្មភាពទាំងនោះ រួមមាន
ការចូលរួមដាំដុះស្រូវមិត្តក្រៀល ដើម្បីបង្កើតចំណីសម្រាប់សត្វ ការចូលរួមមិនបង្អើលមិនប្រមាញ់ និងមិនប្រើឬកាត់បន្ថយថ្នាំគីមីក្នុងចម្ការ ក៏ជាការចូលរួមយ៉ាងសំខាន់។ 
 
លោក វរសក្ស បង្ហាញថា៖ « នៅតំបន់យើងមិនអាចកំណត់ថា សត្វក្រៀលមានការកើនឡើងឬថយចុះទេ ដោយសារទីនេះ គ្រាន់តែជាកន្លែងរកចំណីតែប៉ុណ្ណោះ។ ប៉ុន្ដែយើងអាចឃើញសត្វក្រៀល ធ្វើដំណើរមករកចំណីកាន់តែច្រើននៅតំបន់នេះ មានន័យថា​ ជាទីតាំងមួយសុវត្ថិភាពសត្វអាចទុកចិត្តបាន»៕
 
 

Tag:
 កំពត
  សត្វក្រៀល
  អន្លង់ព្រីង
© រក្សាសិទ្ធិដោយ thmeythmey.com