អន្តរជាតិ
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​នៅ​អាហ្វ្រិកខាងត្បូង​«តម្រូវ​ឱ្យ​ចាកចេញ»ពី​តំណែង
28, Feb 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Eskom លោក Andre de Ruyter ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Eskom លោក Andre de Ruyter ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Eskom លោក Andre de Ruyter បាន​ «​តម្រូវ​ឲ្យ​ចាកចេញ» ពី​ការងារ​របស់​លោក «ជា​បន្ទាន់»។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ​កន្លង​ទៅ​។

 
លោក De Ruyter បាន​ដាក់​ពាក្យ​សុំ​លាឈប់​កាល​ពី​ចុង​ឆ្នាំ​មុន ដោយ​និយាយ​ថា លោក​មិន​អាច​ជួយ​ស្រោចស្រង់​ក្រុមហ៊ុន​ដែល​ជាប់​ក្នុង​អំពើ​ពុករលួយ​នេះ​បាន​នោះ​ទេ។ ភ្លាមៗ​បន្ទាប់​មក លោក​បាន​លើកឡើង​ថា មាន​ការ​ប៉ុនប៉ង​បំពុល​សម្លាប់​រូប​លោក។
 
ប៉ុន្តែ​លោក​មាន​គម្រោង​ពី​ដំបូង​ថានឹងបន្ត​កាន់​តំណែង​នេះ​រហូត​ដល់​ចុង​ខែ​មីនា ហើយ​អ្នក​ជំនួស​រូប​លោកមិន​ទាន់​ត្រូវ​បាន​រក​ឃើញនោះ​ទេ។
 
ព័ត៌មាន​នៃ​ការ​ចាកចេញ​ពី​តំណែង​មុន​ពេល​កំណត់​របស់​លោក​ de Ruyter ​កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ផ្តល់​បទសម្ភាសន៍ បើក​ទម្លាយ​មួយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​នា​សប្តាហ៍​នេះ​ ដោយ​ចោទ​ប្រកាន់​មន្រ្តី​ជាន់​ខ្ពស់​ពី​ការ​ដឹងឮនិង​ទទួល​យក​អំពើ​ពុករលួយ។
 
អ្នក​នាំពាក្យ​ក្រុមហ៊ុន Eskom លោក Sikonathi Mantshantsha ​និយាយ​ថា គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចប្រជុំ​ពិសេស​កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ​កន្លង​ទៅ​ ហើយ​មាន​ការ​ព្រមព្រៀម​ជា​ទូទៅ​លើ​ការ​ពង្រួញពេលវេលា​ ចំពោះ​ការ​លាឈប់​របស់​លោក de Ruyter។
 
អ្នក​នាំពាក្យ​រូប​នេះ​ថ្លែង​ថា៖ «បន្ត​មក​ទៀតគណៈគ្រប់គ្រង​បាន​សម្រេច​ថា​ លោក de Ruyter នឹង​មិន​តម្រូវ​ឲ្យ​បំពេញ​តាម​កាតព្វកិច្ច​ នៅ​ក្នុង​ពាក្យសុំឈប់​របស់​លោក​នោះ​ទេ ហើយ​លោក​នឹង​ត្រូវ​តម្រូវ​ឲ្យ​ចាកចេញ​ពី​តំណែង​ជា​បន្ទាន់»។
 
កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​ ប្រធានាធិបតីប្រទេស​អាហ្វ្រិក​ខាង​ត្បូង​លោក Cyril Ramaphosa បាន​ប្រកាសពីគ្រោះមហន្តរាយ​ថ្នាក់​ជាតិ​មួយ​ ដោយសារ​តែ​វិបត្តិ​ដាច់​ចរន្តអគ្គិសនី​នេះ។
 
​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​ ដែលគេ​ស្គាល់​ថា​ជា​ «loadshedding»​ នោះ​ គឺ​ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​បណ្តាញ​ផ្គត់ផ្គង់​ដែល​កំពុង​រង​ការ​ប្រើប្រាស់​ច្រើន​ជ្រុល ស្រប​ពេល​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូង​មួយ​ចំនួន ​ដែល​មាន​សភាព​ចាស់ទ្រុឌទ្រោម និង​មិនមាន​ការ​ថែទាំ​បាន​ល្អ​នោះ​ បាន​ប្រឈម​នឹង​ការ​ខូចខាត​ជា​ប្រចាំ។
 
រដ្ឋមន្រ្តី​ហិរញ្ញវត្ថុប្រទេស​អាហ្វ្រិក​ខាង​ត្បូង​លោក Enoch Godongwana បាន​ថ្លែងសុន្ទរកថា​ស្តី​ពីកញ្ចប់​ថវិកា​កាល​ពី​ថ្ងៃ​ពុធ ទី២២ ខែ​កុម្ភៈ​កន្លង​ទៅថា ​ការ​ដាច់​ចរន្ត​អគ្គិសនី​ដែលពេល​ខ្លះ​មាន​រហូត​ដល់​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នោះ​ បាន​ប៉ះពាល់​សេដ្ឋកិច្ច​អាហ្រ្វិកខាងត្បូង​ ដែល​មាន​វិស័យ​ឧស្សាហកម្ម​ជឿនលឿន​ជាង​គេនៅ​អាហ្វ្រិក។
 
​បន្ទាប់​មក​ លោកក៏បាន​ប្រកាស​ពី​ការជួយ​សង្រ្គោះ​ដ៏​ធំ​មួយ​ដល់ក្រុមហ៊ុន​នេះ ដែល​កំពុង​ស្ថិត​ក្នុង​បំណុល​ចំនួន ២៣​ពាន់លាន​ដុល្លារ​អាមេរិក​នោះ។
 
លោក​ Godongwana ​ថ្លែងដូច្នេះ​ថា៖ «កង្វះ​ការ​ផ្គត់ផ្គង់​អគ្គិសនីដ៏​គួ​ឱ្យ​ទុកចិត្ត​បាន​ គឺ​ជាឧបសគ្គរេរាំង​ដ៏​ធំ​បង្អស់​មួយលើ​ផ្នែក​សេដ្ឋកិច្ច។ ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនីយូរ​បំផុត​ ដែល​មិន​ធ្លាប់ក្នុង​ពេល​កន្លងមក​ បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០២២។ ​គេ​ប្រាប់​ខ្ញុំថា មាន​ការ​ដាច់ចរន្តអគ្គិសនីចំនួន​ប្រមាណ​ ២០៧​ថ្ងៃ»។
 
លោក Lumkile Mondi សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Witwatersrand ក្នុង​ក្រុង Johannesburg បាន​ប្រាប់​វីអូអេ​ថា ជំនួយ​សង្រ្គោះ​បំណុល​ គឺ​ជាជំហាន​ល្អ​មួយ​ពី​សំណាក់​រដ្ឋាភិបាល។
 
លោក​ថ្លែងដូចនេះ​ថា៖ «ការដាក់​បំណុល​ចូល​នៅ​ក្នុង​បញ្ជី​តុល្យភាព​ជាតិ​ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ Eskom ប្រើប្រាស់​ថវិកា​ដោយ​វៃឆ្លាត ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ ដើម្បី​បញ្ជូន​ចរន្ត​អគ្គិសនី​ ស្រប​ពេល​មាន​ថវិកាដើម្បី​ទ្រទ្រង់​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូង​មួយ​ចំនួន​នោះ​។ ដូច្នេះ​សរុប​មក ខ្ញុំ​គិត​ថា​ នេះ​ជា​រឿង​វិជ្ជមាន»។
 
អ្នក​វិភាគ​ឯករាជ្យ​លោក​ស្រី​ Asanda Ngoasheng បាន​កត់សម្គាល់​ថា វិបត្តិ​នា​ពេល​បច្ចុប្បន្ន​កើត​ចេញ​ពី​កត្តា​ជា​ច្រើន។ អំឡុង​ពេល​សម័យ​កាល​នៃ​ការ​ប្រកាន់ពូជសាសន៍​ ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ ដែល​ភាគច្រើន​ជា​ជនស្បែក​ស​នោះ​ មាន​អគ្គិសនី​ប្រើប្រាស់​ ដូច្នេះ​នៅ​ពេល​អាហ្រ្វិក​ខាង​ត្បូងបាន​ផ្លាស់​មក​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យវិញ​ រដ្ឋាភិបាល​ថ្មី​ត្រូវ​តែ​ផ្តល់​អគ្គិសនី​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់។ ​
 
លោកស្រី​បន្ថែមថា៖ «និយាយ​រួម​គឺ​ជាការ​គួប​ផ្សំ​គ្នា​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រុឌទ្រោម​ ដែល​មិន​ទទួល​បាន​ការ​ថែទាំ​ល្អ​ ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ត្រូវ​បម្រើ​ដល់​មនុស្ស​ច្រើន​ជាង​មុន បើ​ប្រៀប​នឹង​ពេល​មុន ​ហើយ​រូម​ផ្សំ​នឹង​អំពើ​ពុករលួយ​ផង​នោះ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​កាន់តែ​អាក្រក់​ជាង​មុន​ថែម​ទៀត»។
 
​លោក​ De Ruyter គឺ​ជា​នាយកប្រតិបត្តិ​ទី១៣ ​របស់ក្រុមហ៊ុន Eskom ក្នុង​រយៈពេល​ ១០​ឆ្នាំ​កន្លង​ទៅនេះ​។ ​ក្រុមហ៊ុន​នេះនិយាយ​ថា ខ្លួន​កំពុង​ស្វែងរកអ្នក​ជំនួស​រូប​លោក ​De Ruyter ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com