កីឡាជាតិ
ជាតិ
អត្តពលិកកង់ភ្នំ ឆាន ឆៃហ្វុង និង ខេន ម៉ាឡៃ ទទួលបានលេខ៤ ក្នុងការប្រកួតពាន UCI នៅថៃ
02, Mar 2023 , 6:59 pm        
រូបភាព
សកម្មភាពប្រកួតកីឡាកង់ភ្នំលើវិញ្ញាសានារី XCO Women U-23។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
សកម្មភាពប្រកួតកីឡាកង់ភ្នំលើវិញ្ញាសានារី XCO Women U-23។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ដោយ:
កីឡាករ ឆាន ឆៃហ្វុង និងកីឡាការិនី ខេន ម៉ាឡៃ ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតពានរង្វាន់ 2023 Thailand MTB Cup1 នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នាខេត្ត Phichit ប្រទេសថៃ។

 
កីឡាករកង់ភ្នំជម្រើសជាតិកម្ពុជា ឆាន ឆៃហ្វុង ប្រកួតលើវិញ្ញាសា XCO Men U-23 បញ្ចប់ទីត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយប្រើពេល ១ម៉ោង ២៥នាទី និង៤៧វិនាទី នាំមុខកីឡាករ Emmanuel Dave Monstemayor មកពីក្រុម Go For Gold ដែលប្រើពេល ១ម៉ោង ២៧នាទី និង៤វិនាទី។ ចំណែកកីឡាករ Pholachat Nakthongkam នៃក្រុមជម្រើសជាតិថៃ​មកដល់ទីបញ្ចប់មុនគេ ដោយប្រើពេលត្រឹមតែ ១ម៉ោង ២៣នាទី និង៩វិនាទី នាំមុខកីឡាករជម្រើសជាតិឥណ្ឌូណេស៊ី Feri Yudoyono ត្រឹម២៨វិនាទីប៉ុណ្ណោះ។
 
រីឯចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ Caleb Bottcher ក្រុមជម្រើសជាតិនូវែលសេឡង់ ដោយប្រើពេលត្រឹមតែ ១ម៉ោង ២៤នាទី និង៥៩វិនាទី។ វិញ្ញាសានារី XCO Women U-23 កីឡាការិនីជម្រើសជាតិកម្ពុជា ខេន ម៉ាឡៃ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ប្រើពេល ១ម៉ោង ៣៤នាទី និង៤៥វិនាទី នាំមុខកីឡាការិនីឥណ្ឌូណេស៊ី Dela Anjar Wulan បញ្ចប់ក្នុងថេរវេលា ១ម៉ោង ៣៦នាទី និង២១វិនាទី។
 

ពិធីប្រគល់ពានរង្វាន់ដល់កីឡាករកីឡាកង់ភ្នំ។ រូបពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា

ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីជម្រើសជាតិឥណ្ឌូណេស៊ី Sayu Bella Sukma Dewi ប្រើថេរវេលា ១ម៉ោង ២៤នាទី និង១៣វិនាទី លេខ២ បានទៅកីឡាការិនីម្ចាស់ផ្ទះថៃ Yonthaman Phonkla បញ្ចប់ត្រឹម ១ម៉ោង ២៧នាទី និង៣២វិនាទី និងលេខ៣ បានទៅកីឡាការិនីថៃដូចគ្នា Jarinya Suebjakthin ប្រើពេលត្រឹមតែ ១ម៉ោង ៣៣នាទី និង៣២វិនាទីប៉ុណ្ណោះ។
 
គួបញ្ជាក់ថា អត្តពលិកកីឡាកង់ភ្នំជម្រើសជាតិកម្ពុជា នឹងប្រកួតលើវិញ្ញាសា XCO Elite នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយមានប្រទេសចំនួន១១ចូលរួមប្រកួតប្រជែង។ សម្រាប់វិញ្ញាសាបុរស XCO Elite Men មាន៣០នាក់ និងវិញ្ញាសានារី XCO Elite Women មាន១៧នាក់៕
 

Tag:
 កីឡាទោចក្រយាន
 កង់ភ្នំ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com