កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ច្រានចោល ជុំវិញការផ្សាយរបស់ថៃដែលថាកម្ពុជាកំណត់តម្លៃលក់សិទ្ធិផ្សាយស៊ីហ្គេម
02, Mar 2023 , 5:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន ច្រានចោលចំពោះការផ្សាយរបស់សារព័ត៌មានថៃ ​ដែលផ្សាយថាម្ចាស់ផ្ទះកម្ពុជា កំណត់តម្លៃលក់សិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ អគ្គលេខាធិការ CAMSOC រូបនេះ អះអាងថា ការកំណត់តម្លៃណាមួយ សម្រាប់ការលក់សិទ្ធិផ្សាយផ្ទាល់ មិនមែនជារឿងត្រឹមត្រូវទេ ប៉ុន្ដែទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយរបស់បណ្ដាលប្រទេសចូលរួម មានសិទ្ធិចរចាទៅតាមតម្លៃទីផ្សារជាមួយម្ចាស់ផ្ទះ។


យោងទៅលើការផ្សាយរបស់គេហទំព័រ CAMSOC លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបញ្ជាក់ប្រាប់សារព័ត៌មានថា មិនមានប្រទេសជាសមាជិកចូលរួមប្រកួតណា ជំទាស់កម្ពុជា ក្នុងការលក់សិទ្ធិផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនោះទេ។ បើទោះជាកម្ពុជា ទទួលបានការគាំទ្របែបនេះក៏ដោយ ម្ចាស់ផ្ទះកម្ពុជា មិនបានកំណត់តម្លៃលក់សិទ្ធិផ្សាយផ្ទាល់​ ដូចអ្វីដែលសារព័ត៌មានថៃ បានចុះផ្សាយនោះដែរ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ ឬផ្នែកផ្សព្វផ្សាយផ្សេងទៀត របស់ប្រទេសចូលរួមចង់ទិញយកទៅផ្សាយបន្ត អ្នកទាំងនោះអាចចរចា ទៅលើតម្លៃទីផ្សារ ដែលសមស្របណាមួយជាមួយម្ចាស់ផ្ទះ។ 
 
«ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជាមិនបានកំណត់តម្លៃលក់សិទ្ធិទូរទស្សន៍ ដើម្បីឱ្យគេទិញនោះទេ ពោលគឺវាស្ថិតនៅលើការចរចាគ្នាទៅតាមទីផ្សារ។ យើងឃើញថា ប្រទេសណាមួយដែលមានទីផ្សារធំ គឺចរចារក្នុងតម្លៃខ្ពស់ រីឯប្រទេសណា ដែលមានទីផ្សារតូច គឺនឹងចរចាពីតម្លៃតូច។ បើយើងកំណត់តម្លៃ គឺខុស ដោយវាស្ថិតនៅលើការចរចាគ្នា ដោយមិនមែនជាការកំណត់តម្លៃនោះទេ។ ដូច្នេះសូមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិគួរយល់លើបញ្ហានេះឱ្យបានច្បាស់លាស់»។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន តាមរយៈការផ្សាយរបស់ CAMSOC។
 
អគ្គលេខាធិការ CAMSOC រូបនេះ បន្ដទៀតថា នេះ មិនមានអ្វីចម្លែកទេ ដែលសារព័ត៌មានថៃ ផ្សាយថាស៊ីហ្គេមនៅកម្ពុជាប្លែក ព្រោះស៊ីហ្គេមមុនៗ មិនធ្លាប់លក់សិទ្ធិផ្សាយផ្ទាល់ទេ។ បើទោះ នេះ ជារឿងជាប្លែងក៏ដោយ កម្ពុជា បានធ្វើទៅតាមស្ដង់ដា នៃការប្រកួតកីឡាស៊ីហ្គេម ដែលអាចឲ្យប្រទេសធ្វើម្ចាស់ផ្ទះក្រោៗ យកគំរូតាម។ ម្យ៉ាងវិញទៀត ការលក់សិទ្ធិផ្សាយផ្ទាល់នេះ កម្ពុជា ទទួលបានការផ្ដល់សិទ្ធិ និងគាំទ្រពីក្រុមព្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ផងដែរ។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកឯ អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្ដើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com