កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាទូក៖ សមាសភាពលើទូក សុទ្ធជាតួឯក ព្រោះពួកគេត្រូវយល់ចិត្ត និងសាមគ្គីគ្នា ដើម្បីឈ្នះ
07, Mar 2023 , 7:59 am        
រូបភាព
កីឡាការិនី នាក់ ស្រីម៉ៅ ស្ថិតលើទូកដើម្បីធ្វើជាជំនួយការអាជ្ញាកណ្ដាល ក្នុងការតេស្ដកីឡាករ
កីឡាការិនី នាក់ ស្រីម៉ៅ ស្ថិតលើទូកដើម្បីធ្វើជាជំនួយការអាជ្ញាកណ្ដាល ក្នុងការតេស្ដកីឡាករ
កីឡាការិនីជម្រើសជាតិទូកប្រពៃណី នាក់ ស្រីម៉ៅ និយាយថា សមាសភាពប្រកួតលើវិញ្ញាសាទូកប្រពៃណី មានតួរអង្គសំខាន់ៗ បី គឺកីឡាករ-កីឡាការិនី, អ្នកទូងស្គ និងអ្នកកាន់ចង្កូត។ តួរអង្គទាំង៣ ត្រូវមានសាមគ្គីភាព និងការយល់ចិត្តគ្នា ប្រសិននរណាម្នាក់ ធ្វើឲ្យមានកំហុសឆ្គងអំឡុងពេលប្រកួត ក្រុមទាំងមូល នឹងមិនអាចយកឈ្នះលើគូប្រកួតបានទេ។



កីឡាការិនី នាក់ ស្រីម៉ៅ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតនីមួយសមាសភាពកីឡាករ-កីឡាការិនី ដែលនៅលើទូកទាំងអស់ ត្រូវតែយល់ចិត្ត និងស៊ីចង្វាក់គ្នា។ ការប្រកួតនោះ មិនមានអ្នកណាសំខាន់ជាងអ្នកណាទេ ប៉ុន្ដែពួកគេ មានតួរនាទីសំខាន់ទាំងអស់គ្នា ដែលមិនអាចខ្វះនរណាម្នាក់បាន។
  

កីឡាការិនី នាក់ ស្រី ម៉ៅ 
 
កីឡាការិនីវ័យ ២២ឆ្នាំនេះ បានពន្យល់អំពីតួរនាទីទាំងនោះថា អ្នកអុំទូក ត្រូវតែមានចលនាព្រមគ្នា ប៉ុន្ដែពួកគេ ក៏ត្រូវស្ដាប់សំឡេង និងចង្វាក់ របស់អ្នកទូងស្គ ដែលនៅក្បាលទូកផងដែរ។ អ្នកទូងស្គ មានសិទ្ធក្នុងការប្រាប់អ្នកអុំទូក ឲ្យបន្ថែមលឿននៃការអុំ ដោយប្រើចង្វាក់នៃការទូងស្គ។ ប្រសិនជា កីឡាករកីឡាការិនីអុំទូក និងអ្នកទូងស្គយល់ចិត្តគ្នាហើយ ប៉ុន្ដែ អ្នកកាន់ចង្កូត កាច់មិនសូវបានល្អនោះ ក៏មិនអាចយកឈ្នះការប្រកួតផងដែរ។
 
«ប្រសិន យើងអុំចូលខ្សែទឹកគេ គេនឹងមិនឲ្យយើងប្រកួតបន្ដទៀតទេ។ អ្នកអុំទូក អ្នកកាច់ចង្កូត និងអ្នកទូងស្គមានសារសំខាន់ដូចគ្នា។»។ កីឡាការិនី នាក់ ស្រីម៉ៅ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
ក្រៅពីការពន្យល់ប្រាប់ពីតួរង្គសំខាន់ស្ថិតនៅលើទូក កីឡាការិនីរូបនេះ ក៏ប្រាប់ពីភាពខុសគ្នា ចំពោះខ្សែទឹកខាងក្រៅ និងខ្សែទឹកខាងក្នុង។ កីឡាការិនីវ័យ២២ឆ្នាំ បានពន្យល់ដូច្នេះថា៖«ខ្សែទឹកខាងក្នុង និងខ្សែទឹកខាងក្រៅមានលក្ខណៈខុសគ្នា ដោយខ្សែទឹកខាងក្នុងមានលក្ខណៈតឹងជាងខាងក្រៅ ដែលបណ្ដាលធ្វើឲ្យកីឡាករ ត្រូវប្រើកម្លាំងខ្លាំងជាង ខ្សែទឹកខាងក្រៅ។ ចំណែកខ្សែទឹកខាងក្រៅ រៀងធូជាង ដែលធ្វើឲ្យទូកមានល្បឿនលឿនជាង។ ដូច្នេះ ការប្រកួត មានពីរដង ព្រោះត្រូវផ្លាសប្ដូខ្សែទឹកគ្នាទៅវិញទៅមក។»។
 
កីឡាការិនីជម្រើសជាតិរូបនេះ ក៏បានប្រាប់ថា សមត្ថភាព និងបច្ចេកទេសនៃការអុំទូករបស់កញ្ញា មានការវិវឌ្ឍទៅមុខជាច្រើន ដោយក្នុងនោះរាប់បញ្ចូលទាំងកម្លាំងកាយសម្បទា។ កញ្ញា នាក់ ស្រីម៉ៅ ត្រូវងើបហ្វឹកហាត់តាំងពីម៉ោង ៥:៣០ ព្រឹក ដល់ម៉ោង១១:០០ ព្រឹក។ ការហ្វឹកហាត់នោះ មានការហាត់កម្លាំងកាយសម្បទា និងបច្ចេកទេស នៅលើផ្ទៃទឹក។ ពេលខ្លះ កីឡាការិនីរូបនេះ ក៏ត្រូវលើកដុំដែក ដែលមានទម្ងន់ ចាប់ពី ៤០គីឡូក្រាម ទៅ ៥០គីឡូក្រាម។
 
ដោយឡែក ចំពោះការប្រមូលផ្ដុំហ្វឹកហាត់ កញ្ញា នាក់ ស្រីម៉ៅ បញ្ជាក់ថា មានសម្ពាធខ្លះដែរ ដោយត្រូវនៅរួម បរិភោគរួម ជាពិសេសទៀត គឺត្រូវការគោរពវិន័យ និងច្បាប់ដែលគ្រូបង្វឹកដាក់ជូន។ បើទោះជាយ៉ាងនេះ ក៏ដោយស្រីម៉ៅ បញ្ជាក់ថា ត្រូវតម្រង់ទិសដៅ ទៅរកអ្វីដែលបានតាំងចិត្ត និងប្រកួតដើម្បីជាតិ។
 
កញ្ញា នាក់ ស្រីម៉ៅ បានប្រាប់ដូច្នេះថា៖«កាលពីខ្ញុំ ចូលដំបូង មានការនឿយហត់ ពេលខ្លះរត់មិនទាន់គ្រូ សូម្បីតែលើកដុំដែក លើកមិនចង់រួច។ ការហ្វឹកហាត់ មានការកើនឡើង។»។
 
កញ្ញា ស្រីម៉ៅ ថាក្រោយការប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា មានភាពប្រហាក់ប្រហែលគ្នា ទៅនិងប្រទេសក្នុងតំបន់អាស៊ីដែរ ដោយការសម្រេចទី មានថេរវេលាប្រហាក់ប្រហែលគ្នា។ ដូច្នេះ ជម្រើសជាតិរូបនេះ ជាថាការប្ដេជ្ញាចិត្តរបស់ខ្លួន នឹងអាចយកមេដាយណាមួយលើវិញ្ញាសានេះ ជូនប្រទេសកម្ពុជាឲ្យបាន។
 
ជម្រើសជាតិរូបនេះ បានបញ្ជាក់ថាវត្តមាន ប្រជាជនកម្ពុជា ដែលចូលរួមគាំទ្រជាកម្លាំងចិត្ត និងកម្លាំងជំរុញស្មារតី ដល់រូបកញ្ញា និងអត្ដពលិកជម្រើសជាតិដទៃទៀត។ បើទោះជានឿយហត់ក្នុងការហ្វឹកហាត់ ប៉ុន្ដែ កញ្ញា នៅតែមានឆន្ទៈប្រកួតប្រជែង ព្រោះដើម្បីជាតិ និងអ្នកគាំទ្រកម្ពុជាទាំងនោះ៕
 

Tag:
 ទូកប្រពៃណី
  នាក់ ស្រីម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com