កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ Wi-Fi រួមចំណែកផ្សព្វផ្សាយស៊ីហ្គេមនៅកម្ពុជា ទៅកាន់ពិភពលោក
07, Mar 2023 , 5:47 pm        
រូបភាព
កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី១២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ រូបពី CAMSOC
កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី១២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ រូបពី CAMSOC
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ចាត់ទុកការបំពាក់ប្រព័ន្ធ Wi-Fi ជាចំណែកមួយជួយផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ទៅកាន់ពិភពលោក។



នាកិច្ចប្រជុំប្រចាំសប្តាហ៍ថ្ងៃទី៧ ខែមីនា របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លោក វ៉ាត់ ចំរើន អះអាងថា Wi-Fi ផ្តល់សារសំខាន់ក្នុងការសម្រួលអ្នកសារព័ត៌មាន និងអ្នកចូលរួម ងាយស្រួលក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាទៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៅកាន់ពិភពលោក។
  

សកម្មភាពដំឡើងប្រព័ន្ធ Wi-Fi នៅទីតាំងប្រកួតស៊ីហ្គេម។ រូបភាព Cambodia 2023
 
«ការដំឡើង Wi-Fi បែងចែកចេញជាពីរ ទីមួយ ប្រើប្រាស់សម្រាប់ការងារស្នូលរបស់គណៈកម្មាធិការជាតិ CAMSOC ដែលមានរៀបចំការផ្សព្វផ្សាយ ក៏ដូចជាសម្រួលដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្នាក់ងារទូរទស្សន៍ក៏មានភាពងាយស្រួលក្នុងការបញ្ជូនព័ត៌មាន។ មួយទៀត សម្រាប់មហាជន អ្នកចូលរួមទស្សនា គាត់ក៏ជាអ្នកផ្សព្វផ្សាយផងដែរ។ អ៊ីចឹង គាត់ក៏ទទួលបាន Wi-Fi នេះ ដើម្បីអាចជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះផងដែរ»។ អគ្គលេខាធិការ CAMSOC បញ្ជាក់ដូច្នេះ។
 
Wi-Fi នឹងត្រូវបំពាក់នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នៅភូមិកីឡា និងបរិវេណទីធ្លាសាធារណៈ។ ជាពិសេស នៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់ ព្រោះមានអ្នកចូលរួមប្រមាណ៦ម៉ឺននាក់។
 

សកម្មភាពដំឡើងប្រព័ន្ធ Wi-Fi នៅទីតាំងប្រកួតស៊ីហ្គេម។ រូបភាព Cambodia 2023
 
បន្ថែមពីលើនោះ លោកវ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ប្រព័ន្ធ Wi-Fi នេះ ក៏នឹងត្រូវបំពាក់នៅមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិ International Broadcast Center (IBC) និងមជ្ឈមណ្ឌលអ្នកសារព័ត៌មានផងដែរ ដ្បិតទីតាំទាំងនេះ ជាតម្រូវការចាំបាច់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។
 
លោក វ៉ាត់ ចំរើន រំពឹថាតាមរយៈការបំពាក់ប្រព័ន្ធ Wi-Fi ប្រើប្រាស់ស្ទើរគ្រប់ទីតាំងបែបនេះ នឹងផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនដែលចូលរួម អាចផ្សព្វផ្សាយ និងចែករំលែកពីព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឱ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក៕
 
 
 

Tag:
 វ៉ាត់ ចំរើន
 Wi-Fi
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com