អន្តរជាតិ
លេខាធិការ​កងទ័ព​ជើងគោក​អាមេរិក​ដាក់​ចេញ​យុទ្ធសាស្ត្រ​សម្រាប់ការពារ​ពេល​មាន​សង្គ្រាម​ជាមួយ​ចិន
08, Mar 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ អ្នកស្រី Christine Wormuth ដែល​ជា​លេខាធិការ​កងទ័ព​ជើងគោក​នៃ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិកកំពុង​ពិនិត្យ​មើល​រថក្រោះ​ធ្វើ​សង្គ្រាម​ប្រភេទ M1A2 Abrams នៅ​ទីក្រុង Lima រដ្ឋ Ohio ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកស្រី Christine Wormuth ដែល​ជា​លេខាធិការ​កងទ័ព​ជើងគោក​នៃ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិកកំពុង​ពិនិត្យ​មើល​រថក្រោះ​ធ្វើ​សង្គ្រាម​ប្រភេទ M1A2 Abrams នៅ​ទីក្រុង Lima រដ្ឋ Ohio ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ: VOA
មន្ត្រី​នៃ​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ផ្នែក​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​នូវ​ចំណុច​លម្អិត​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ពេលថ្មីៗ​នេះ​នៃ​យុទ្ធសាស្ត្រ​ពហុ​ផ្នែក​សម្រាប់​ការ​កម្លា​រារាំង​មិន​ឱ្យ​មាន​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​ចិន និង​ប្រសិនបើ​ចាំបាច់​យក​ឈ្នះ​ក្នុង​សង្គ្រាម​ណាមួយ​ជាមួយ​នឹង​ប្រទេស​ចិន​នាពេល​អនាគត។



អ្នកស្រី Christine Wormuth ដែល​ជា​លេខាធិការ​កងទ័ព​ជើងគោក​នៃ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​ចូលរួម​នៅ​វិជ្ជាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute (AEI)) កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ​ថា «ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​គិត​ថា ការ​លុកលុយ [របស់​ចិន​លើ] កោះតៃវ៉ាន់​នឹង​ជិត​កើតឡើង​ទេ‍។ ប៉ុន្តែ​ច្បាស់​ណាស់ យើង​ត្រូវ​ត្រៀម​ខ្លួន គឺ​ត្រៀម​ខ្លួន​ប្រយុទ្ធ​និង​ឈ្នះ​សង្រ្គាម​នេះ [ប្រសិនបើ​វា​កើតឡើង]»។
 
ធាតុផ្សំ​នៃ​យុទ្ធសាស្ត្រ​ពហុ​ផ្នែក​នេះ​រួមមាន​ការ​ដាក់​កងទ័ព​បន្ថែម​ទៀត​នៅក្នុង​តំបន់​អាស៊ី និង​បំពាក់​អាវុធ​ទំនើប​ដល់​ពួកគេ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នាវា​ដឹក​ជញ្ជូន​សម្ភារ​ពី​សមុទ្រ​ទៅ​ដីគោក​និង​អាវុធ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ផង​ដែរ ដែល​ភាគច្រើន​នឹង​ត្រូវ​បាន​ដាក់​ជាមុន​នៅក្នុង​តំបន់។
 
អ្នកស្រី Wormuth បាន​ថ្លែង​ថា៖ «គោលដៅ​របស់​យើង​គឺ​ដើម្បី​ចៀសវាង​ការ​ធ្វើ​សង្គ្រាម​ផ្លូវ​គោក​នៅ​អាស៊ី។ ខ្ញុំ​គិត​ថា វិធី​ល្អ​បំផុត​ដើម្បី​បញ្ចៀស​មិន​ឱ្យ​មាន​សង្រ្គាម​នោះ​គឺ​ត្រូវ​បង្ហាញ​ដល់​ប្រទេស​ចិន​និង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​នោះ​ថា យើង​ពិតជា​អាច​ឈ្នះ​សង្រ្គាម​នោះ​បាន‍»។
 
អ្នកស្រី Wormuth បាន​បង្ហាញ​នូវ​ធាតុផ្សំ​សំខាន់ៗ​ចំនួន ៣ នៃ​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ជា «យុទ្ធនាការ‍» របស់​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក​ដើម្បី​កម្លា​រារាំង​មិន​ឱ្យ​សង្គ្រាម​បែប​នេះ​កើតឡើង ដោយ​ទី​មួយ​គឺ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​បរទេស​នានា​ដើម្បី​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​ចិន «មាន​ភាព​ស្មុគស្មាញ» ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត។
 
អ្នកស្រី Wormuth បាន​បន្ត​ថា ទី​ពីរ កងទ័ព​ជើងគោក​អាមេរិក​កំពុង​រក​វិធី​សាងសង់ «‍មជ្ឈមណ្ឌល​ចែកចាយ​របស់​បញ្ជាការ​ដ្ឋាន​កងទ័ព» នៅ​ក្នុង​តំបន់​ដើម្បី​ផ្ទុក​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​និង​ឥន្ធនៈ «ដោយ​អាច​ចាប់ផ្តើម​ដំបូងគេ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី»។ អ្នកស្រី​ក៏​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ជប៉ុន​ផងដែរ​សម្រាប់​លទ្ធភាព​នៃ​ការ​ធ្វើ​ជា​ទីតាំង​សម្រាប់​ការ​សាងសង់​មជ្ឈមណ្ឌល​នេះ ហើយ​អ្នកស្រី​បាន​លើកឡើង​ថា យុទ្ធោបករណ៍​ដែល​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត​អាច​នឹង​ត្រូវ​ផ្ទុក​នៅ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​សិង្ហបុរី។
 
អ្នកស្រី​បាន​បន្ថែម​ថា ធាតុ​ផ្សំ​ទី​បី​នៃ​យុទ្ធនាការ​កម្លា​រារាំង​ប្រទេស​ចិន​នេះ​គឺ​ការ​ដាក់​កង​កម្លាំង​ដែល​ឃើញ​ជាក់ស្ដែង​និង​អាច​ប្រយុទ្ធ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បាន​នៅ​ក្នុង​តំបន់។ អ្នកស្រី​បាន​និយាយ​ថា៖ «‍គោលដៅ​របស់​យើង​គឺ​ការ​មាន​វត្តមាន​កងទ័ព​របស់​យើង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ពី ៧ ទៅ ៨ ខែ​ក្នុង​មួយ​ឆ្នាំ»។
 
អ្នកស្រី Wormuth បាន​ប្រាប់​អ្នក​ចូលរួម​នៅ​វិជ្ជាស្ថាន AEI បន្ថែម​ទៀត​ថា ប្រសិនបើ​យុទ្ធនាការ​កម្លា​រារាំង​ចិន​នេះ​បរាជ័យ កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក​ដែល​អ្នកស្រី​ហៅ​ថា​ជា «កងទ័ព​ស្រួច‍» នោះ មាន​កិច្ចការ​សំខាន់ៗ​ចំនួន ៥ ដែល​ត្រូវ​បំពេញ។
 
កិច្ចការ​ទីមួយ​គឺ​ថា «វា​គឺ​ជា​កិច្ចការ​របស់​យើង​នៅ​ក្នុង​ការ​បង្កើត បន្ទាប់​មក​សាងសង់​បន្ថែម ហើយ​បន្ទាប់មក​ទៀត​ធានា​សុវត្ថិភាព​និង​ការពារ បង្កើត​មូលដ្ឋាន​សម្រាប់​កងទ័ព​ជើងទឹក សម្រាប់​កងម៉ារីន សម្រាប់​កងទ័ព​ជើង​អាកាស ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​កំពុង​ពង្រីក​សមត្ថភាព​ការពារ​រួម​បញ្ចូល​គ្នា​ក្នុង​ការ​ទប់ទល់​នឹង​មីស៊ីល​និង​ការ​វាយ​ប្រហារ​តាម​អាកាស។ ការណ៍​ដែល​អាច​មាន​លទ្ធភាព​ការពារ​មូលដ្ឋាន​ទាំងនោះ​បាន​គឺជា​គន្លឹះ​សំខាន់»។
 
កិច្ចការ​ទី​ពីរ​គឺ​ការ​ទ្រទ្រង់​កម្លាំង​រួម «ហើយ​ពេល​នោះ​ហើយ​គឺ​ជា​ពេល​ដែល​មជ្ឈមណ្ឌល​ចែកចាយ​របស់​បញ្ជាការដ្ឋាន​កងទ័ព​មាន​តួនាទី​ដ៏​សំខាន់។ យើង​ផ្តល់​ឱកាស​ក្នុង​ការ​ផ្តល់​ទំនាក់ទំនង​ប្រកប​ដោយ​សុវត្ថិភាព​ដល់​កង​កម្លាំង​ភាគ​ច្រើន ដើម្បី​ផ្តល់​នូវ​ការ​ទ្រទ្រង់​ក្នុង​បញ្ជាការ​ដ្ឋាន​ផ្ទាល់ រៀបចំ​ឃ្លាំង​ស្តុក​អាវុធ រៀបចំ​កន្លែង​ចាក់សាំង​យន្តហោះ និង​ផ្ដល់​ការ​ការពារ»។
 
កិច្ចការ​ទី​បី​គឺ​ថា «កងទ័ព​ស្រួច» ទាំងនោះ​ក៏​នឹង​បង្កើន​ចំនួន​កង​នាវា​របស់​ខ្លួន​ផង​ដែរ ដោយ​អ្នកស្រី Wormuth បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នាវា​នោះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន។ កង​នាវា​នោះ​អាច​មាន​ទាហាន​ចំនួន​ពី​រាប់​សិប​នាក់​ដល់ ២០០ នាក់។
 
កងទ័ព​ស្រួច​នេះ​បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ខ្លួន​មាន​កង​នាវា​មួយ​ដែល​មាន​នាវា​ចំនួន ១៣២ គ្រឿង​ដែល​អាច​ដឹក​កងទ័ព​និង​យុទ្ធោបករណ៍​ពី​កប៉ាល់​កងទ័ព​ទៅ​កាន់​ឆ្នេរ​និង​មាត់​សមុទ្រ​បាន ក៏​ដូចជា​អាច​ធ្វើ​ប្រតិបត្តិការ​សណ្ដោង​និង​សង្គ្រោះ​បាន​ផងដែរ។
 
កិច្ចការ​ទី​បួន​របស់​កងទ័ព​ស្រួច​នេះ​ដែល​កំពុង​ដំណើរការ​រួច​ហើយ គឺ​ការ​ធ្វើ​បច្ចុប្បន្នភាព​ឃ្លាំង​អាវុធ​របស់​ខ្លួន និង​អភិវឌ្ឍ​សមត្ថភាព​ផ្សេងទៀត​ដូច​ដែល​ធ្លាប់​ធ្វើ​កន្លង​មក ដែល​ជា​ធម្មតា​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​កងទ័ព​ជើងគោក។
 
សម្រាប់​កិច្ចការ​សំខាន់​ទី​ប្រាំ អ្នកស្រី Wormuth បាន​ចង្អុល​បង្ហាញ​ថា ប្រសិនបើ​មាន​សង្គ្រាម​កើតឡើង​ជាមួយ​នឹង​ប្រទេស​ចិន កងទ័ព​ស្រួច​នោះ​មាន​តួនាទី​ដ៏​សំខាន់​មួយ​ដែល​នោះ​គឺ​ការ​ការពារ​មាតុភូមិ​អាមេរិក។
 
អ្នកស្រី Wormuth បាន​លើកឡើង​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​ធ្លាក់​ចូល​ទៅក្នុង​សង្រ្គាម​ដ៏​ធំ​មួយ​ជាមួយ​ប្រទេស​ចិន នោះ​សហរដ្ឋ​អាមេរិក​ដែល​ជា​ទឹកដី​កំណើត​របស់​យើង​ក៏​នឹង​ប្រឈម​នឹង​ហានិភ័យ​ផងដែរ ទាំង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​និង​ការ​វាយប្រហារ​ដោយ​ប្រយោល មិន​ថា​វា​ជា​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ទៅ​លើ​បណ្តាញ​ថាមពល​ឬ​ទៅ​លើ​បំពង់​បង្ហូរ​ថាមពល​ទេ ខ្ញុំ​គ្មាន​ការ​សង្ស័យ​ឡើយ​ថា កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ការពារ​ដល់​អាជ្ញាធរ​ស៊ីវិល»។
 
អ្នកស្រី Wormuth បាន​និយាយ​ថា មុខងារ​សំខាន់​របស់​កងទ័ព​នេះ ជារឿយៗ​មិន​ត្រូវ​បាន «រាប់​បញ្ចូល​ភ្លាមៗ​ទេ» ក្នុង​ពេល​រៀបចំ​ផែនការ ដែល​នេះ​ជា​កំហុស​មួយ។
 
អ្នកស្រី​បាន​បន្ថែម​ថា យោធា​ចិន «នឹង​តាម​រុកកួន​ឆន្ទៈ​សាធារណជន​របស់​សហរដ្ឋ​អាមេរិក។ ពួកគេ​នឹង​ព្យាយាម​លុបបំបាត់​ការ​គាំទ្រ​ចំពោះ​សង្គ្រាម។ ខ្ញុំ​គិត​ថា កងទ័ព [សហរដ្ឋ​អាមេរិក] នឹង​ដើរ​តួនាទី​[ការពារ] នៅក្នុង​សហរដ្ឋ​អាមេរិក»។
 
នៅ​ពេល VOA សួរ​ថា​តើ​អ្នកស្រី​ជឿ​ថា​ពលរដ្ឋ​អាមេរិកាំង​បាន​ត្រៀម​ខ្លួន​ដើម្បី​មិនឱ្យ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន ដែល​អាច​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅក្នុង​សង្រ្គាម​ណា​មួយ​ជាមួយ​ប្រទេស​ចិន​នោះ អ្នកស្រី​បាន​ឆ្លើយ​ថា អ្នកស្រី​ជឿ​ថា ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​មាតុភូមិ​និង​ឧត្តមគតិ​របស់​ពួកគេ ប្រសិនបើ​និង​នៅ​ពេល​ដែល​វា​ចាំបាច់ គឺ «ដូច​ពេល​ដែល​ពួក​យើង​បាន​ធ្វើ​នៅក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ដូច្នេះ​ដែរ»។
 
អ្នកស្រី​បាន​និយាយ​ថា នៅ​ទីបំផុត «កម្លាំង​កងទ័ព​ជើង​គោក​គឺ​ជា​កម្លាំង​ដែល​មិន​អាច​ថមថយ​ឥទ្ធិពល​បាន ដែល​នេះ​ជា​អ្វី​ដែល​យើង​កំពុង​និយាយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com