អន្តរជាតិ
នាយក WHO ប្រចាំប៉ាស៊ីហ្វិក ត្រូវបានបណ្តេញចេញពីតំណែង លោក Takeshi Kasai។ រូបភាពយកពី Twitter
× នាយកតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក (WHO) លោក Takeshi Kasai ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីមានការស៊ើបអង្កេតដែលរកឃើញថា បានប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវ។ នីតិវិធីរើសនាយកតំបន់ប៉ាស៊ីហ្វិកខាងលិចថ្មី នឹងចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ។
ចាប់តាំងពីមានការចោទប្រកាន់ជុំវិញការរើសអើងពូជសាសន៍ និងកាយវិការរំលោភបំពានលើសមាជិកការិយាល័យតំបន់របស់អង្គការ WHO នៅក្រុងម៉ានីល ហ្វីលីពីន លោក Takeshi Kasai ដែលជាជនជាតិជប៉ុន ត្រូវបានព្យួរតំណែងជា នាយកតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក នៅក្នុងខែសីហាកន្លងមក។ ក្រោមការដឹកនាំរបស់លោក សមាជិកសំខាន់ៗរបស់ប្រចាំតំបន់ WHO ច្រើនជាង៥៥រូប បានលាលែងពីតំណែង។
ក្រោយពីទទួលបានពាក្យចោទប្រកាន់នៅក្នុងឆ្នាំ២០២១ និង២០២២២ រួមទាំងមានការស៊ើបអង្កេត អង្គការសុខភាពពិភពលោក បានសម្រេចដកតំណែងលោក Takeshi Kasai។
«បន្ទាបពីមានការពិចារណាយ៉ាងប្រុងប្រយ័ត្នលើការស្រាវជ្រាវ និងការពិភាក្សាជាមួយគណៈកម្មាធិការតំបន់ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកខាងលិច និងក្រុមប្រឹក្សាប្រតិបត្តិ ការតែងតាំងនាយកតំបន់ ត្រូវបានលុបចោល»។ អង្គការ WHO បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៨ ខែមីនា។
នីតិវិធីនៃការបោះឆ្នោតរើសនាយកតំបន់ប្រចាំប៉ាស៊ីហ្វិកខាងលិចថ្មី នឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ខាងមុខ នៅពេលលោក Tedros Adhanom Ghebreyesus ប្រធានអង្គការ WHO អញ្ជើញរដ្ឋសមាជិកឱ្យដាក់សំណើលើបេក្ខភាព។ ចំណែកការបោះឆ្នោតរើសនាយកតំបន់ថ្មី នឹងធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣។
រហូតដល់មានការរើសនាយកតំបន់ថ្មី លោកស្រី Zsuzsanna Jakab មន្រ្តីទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកខាងលិច ចាប់តាំងពីខែសីហា ឆ្នាំ២០២២ មក នឹងកាន់តំណែងជានាយកតំបន់ស្តីទី។
សូមបញ្ជាក់ថា លោក Kasai ត្រូវបានតែងតាំងជានាយកតំបន់ក្នុងឆ្នាំ២០១៩ ។លោកធ្លាប់កាន់កិច្ចការជាច្រើនក្នុងអង្គការសុខភាពពិភពលោកសម្រាប់រយៈពេលជិត ២០ឆ្នាំមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com