កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូ U20នារីកម្ពុជា៖ សិក្សាចំណុចខ្វះខាតនៅជំនួបដំបូង ដើម្បីកែប្រែនៅប្រកួតសំខាន់ទល់ម៉ាឡេស៊ី
10, Mar 2023 , 8:59 am        
រូបភាព
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម២០ឆ្នាំ ចាត់ទុកការប្រកួតជាមួយម៉ាឡេស៊ីជាជំនួបសំខាន់ ក្រោយចាញ់មីយ៉ាន់ម៉ាក្នុងប្រកួតបើកឆាកពូលG ក្នុងព្រឹត្តិការណ៍ AFC U20 Woman's Asian Cup។ គ្រូបង្វឹករូបនេះ នឹងយកបរាជ័យទល់មីយ៉ាន់ កែប្រែចំណុចខ្វះខាតដើម្បីយកឈ្នះម៉ាឡេស៊ី។



លោក ប្រាក់ វុទ្ធី បានអះអាងក្នុងសន្នីសិទសារព័ត៌មានមុនប្រកួត ថាជំនួបជាមួយម៉ាឡេស៊ី គឺជារឿងសំខាន់បំផុងសម្រាប់ព្រឹត្តិការណ៍ AFC U20 Woman’s Asian Cup ព្រោះជាការប្រកួតចុងក្រោយក្នុងពូល G បន្ទាប់ពីចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០។
 
«យើង គិតថាការប្រកួតនៅថ្ងៃស្អែក មានសារសំខាន់ណាស់។ បរាជ័យកាលពីម្សិលមិញ ជាមេរៀនមួយ ដែលយើងត្រូវកែតម្រូវ ហើយយើងកែតម្រូវ ទៅតាមសមត្ថភាព ដែលយើងមាន។ យើង ប្រឹងធ្វើឲ្យបានល្អបំផុតទល់ម៉ាឡេស៊ី។ ថ្វីត្បិតយើងបាត់បងឱកាសយកពិន្ទុនៅជំនួបដំបូង ប៉ុន្ដែការប្រកួតជាមួយម៉ាឡេស៊ីជាអ្វី ដែលយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។ យើងសង្កេតឃើញថាជំនួបដំបូង យើងខ្វះខាងការលេងជាក្រុម។»។ នេះជាការបញ្ជាក់របស់លោកគ្រូប្រាក់ វុទ្ធី។ 
 
គ្រូបង្វឹក U20ផ្នែកនារីរូបនេះ បានប្រាប់ពីចំណុចអវិជ្ជមានរបស់កូនក្រុម ក្នុងពេលជួបជាមួយមីយ៉ាន់ម៉ាផងដែរ។ ការបរាជ័យនោះ គឺភាគច្រើនដោយសារតែបញ្ហាមិនមានទំនុកចិត្ត និងការជឿជាក់លើខ្លួនឯងរបស់កីឡាការិនីម្នាក់ៗ។ គ្រូជម្រើសជាតិរូបនេះ បញ្ជាក់ដូច្នេះថា៖«ភាគច្រើនពួកគាត់មិនមានទំនប់ចិត្តក្នុងការលេង ទាក់ទងជាមួយការបញ្ជូនបាល់ ហើយគាត់នៅរងសម្ពាធក្នុងទីលានប្រកួត។ អ្វី ដែលយើងភ្ញាក់ផ្អើលពីម្សិលមិញ គឺពួកគាត់មិនមានទំនបចិត្តក្នុងការលេង ហើយការបញ្ជូនបាល់ មានបញ្ហាច្រើនមែនទែន។»។
 
ជម្រើសជាតិអាយុក្រោម២០ឆ្នាំកម្ពុជា ត្រូវប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ខែមីនា នៅវេលាម៉ោង៤:០០ល្ងាច នៅកីឡដ្ឋាន Smart RSN។ លោក ប្រាក់ វុទ្ធី មិនអាចរំពឹងពីលទ្ធផលមុនបាននោះទេ ដោយលោក យល់ថាកម្រិតក្រុមម៉ាឡេស៊ី អាចលើសក្រុមកម្ពុជា។ «យើង មិនអាចដឹងកម្រិតនៃការប្រកួតរបស់ក្រុមម៉ាឡេស៊ីប៉ុណ្ណាទេ។ ក្រុមម៉ាឡេស៊ី និងសិង្ហបុរី ភាគច្រើនមានការអភិវឌ្ឍបានល្អ។»។ គ្រូបង្វឹកក្រុមនារីអាយុក្រោម២០ឆ្នាំរបស់កម្ពុជា បានពន្យល់ដូច្នេះ។
 
ក្នុងសន្នីសិទនេះផងដែរ លោក Cameron Ng គ្រូបង្វឹកក្រុមបាល់ទាត់នារីម៉ាឡេស៊ី អាយុក្រោម២០ឆ្នាំ បាននិយាយថា កីឡាការិនីរបស់ខ្លួន បានត្រៀមលក្ខណៈរួចរាល់ក្នុងការប្រកួតជាមួយម្ចាស់ផ្ទះកម្ពុជា។ គ្រូបង្វឹករូបនេះ បន្ថែមថា នេះជាការប្រកួតដ៏ល្អ សម្រាប់ម៉ាឡេស៊ី ដោយសរសើរម្ចាស់ផ្ទះមានទម្រង់ប្រកួតល្អ ហើយជាមួយនិងការមានប្រៀបច្រើនជាងក្រុមភ្ញៀវ ព្រោះមានអ្នកគាំទ្រជាច្រើនមកផ្ដល់កម្លាំងចិត្ត។ 
 
«កម្ពុជា មានទម្រង់ល្អ មានការរៀបចំល្អ ខ្ញុំគិតថានេះ គឺជាការប្រកួតប្រជែងដ៏ល្អ សម្រាប់យើង។ ពួកគេជាក្រុមម្ចាស់ផ្ទះ ជាមួយអ្នកគាំទ្រដ៏ច្រើន។ ដូច្នេះ យើង នឹងមើលទៅលើយុទ្ធសាស្ដ្រដើម្បីការពារ និងការវាយបក។»។ លោក Cameron Ng លើកសរសើរក្រុមកម្ពុជាដូច្នេះ។
 
សម្រាប់លទ្ធផលប្រកួតនាថ្ងៃទី៨ ខែមីនា នៃព្រឹត្តិការណ៍ AFC U20 Woman’s Asian Cup  ក្នុងពូល A ដែលឡាវធ្វើជាម្ចាស់ផ្ទះ ក្រុមចិន បានយកឈ្នះហ្វីលីពីន ៦-០ ខណៈក្រុមម្ចាស់ផ្ទះបញ្ចប់ក្នុងលទ្ធផល២-២ ទល់ជម្រើសជាតិហុងកុង។ ទន្ទឹមពេលគ្នានេះ នៅក្នុងពូល B ក្រុមប៉ាឡេស្ទីន ចាញ់ក្រុមនេបាល់ លទ្ធផល៦-០។ រីឯ ក្រុមអូស្ដ្រាលី ឈរលេង១ ក្នុងពូល C បន្ទាប់ពីលត់កោះហ្គាំ លទ្ធផល១៣-០ កាលពីថ្ងៃទី៦ ខែមីនា។ នៅថ្ងៃទី៨ ខែមីនា ក្រុមរួមពូល កៀហ្ស៊ីស៊ីស្ថាន ក៏ឈ្នះ កោះហ្គាំ ក្នុងលទ្ធផល២-០។ សម្រាប់ការប្រកួតក្នុងពូល D លីបង់ ឈ្នះ ប៊ូតង់ លទ្ធផល៦-២ ឯ ហ្សកដានី ម្ចាស់ផ្ទះក្នុងពូលនេះ ទទួលជោគជ័យលើ ម៉ុងហ្គោល ក្នុងលទ្ធផល ៤-១។
 
ឆាយនីសតៃប៉ិក ក្នុងពូល E ជាក្រុមស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេ ក្នុងការប្រកួតជើងទី១ ដោយយកឈ្នះតាជីគីស្ថានដល់ទៅ ១៤-០។ ក្នុងពូលដដែរនេះ ក្រុមនារីថៃ ឈ្នះលើក្រុមអ៊ូសបេគីស្ថាន ក្នុងលទ្ធផល ២-០។ ចំណែកពូល H តូមិននីស្ថាន ចាញ់អឺរ៉ង់ ក្នុងលទ្ធផល ៧-១៕
 

Tag:
 បាល់ទាត់
  AFC U20 Woman\'s Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com