អន្តរជាតិ
ពលរដ្ឋ​វៀតណាម​សង្ស័យ​លើ​ការ​បង្ក្រាប​រឿង​អាស្រូវ​របស់​រដ្ឋាភិបាល​​
10, Mar 2023 , 7:29 pm        
រូបភាព
រូប​ថត​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNA កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៣ នេះ បង្ហាញ​ប្រធានាធិបតី​វៀតណាម​ថ្មី​លោក Vo Van Thuong ស្បថ​ចូល​កាន់​តំណែង​នៅ​រដ្ឋសភា​ជាតិ​វៀតណាម​នៅ​ក្រុង​ហាណូយ។
រូប​ថត​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNA កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៣ នេះ បង្ហាញ​ប្រធានាធិបតី​វៀតណាម​ថ្មី​លោក Vo Van Thuong ស្បថ​ចូល​កាន់​តំណែង​នៅ​រដ្ឋសភា​ជាតិ​វៀតណាម​នៅ​ក្រុង​ហាណូយ។
ដោយ: VOA
ពួក​អ្នក​ស្រុក​ជនជាតិ​វៀតណាម​ដែល​ VOAបាន​សម្ភាសន៍​កាលពីពេល​ថ្មីៗ​នេះ​បាន​សម្តែង​នូវ​មន្ទិល​សង្ស័យ​ថា​ ការ​បង្ក្រាប​កាល​ពី​ពេលថ្មីៗ លើ​រឿង​អាស្រូវ​នានា​នឹង​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​វៀតណាម។

 
អតីត​ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phucបាន​លា​ចេញ​ពី​តំណែង​កាលពី​ខែ​មករា​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ពុករលួយ​ជា​បន្ត​បន្ទាប់​ទាក់ទិន​នឹង​ពួក​អ្នក​ធ្វើការ​នៅ​ក្រោម​បង្គាប់​របស់​លោក​និង​ចំណាត់ការ​របស់​ពួកគេ​ចំពោះ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ ការ​ចោទ​ប្រកាន់​ទាំង​នោះ រួម​មាន​ការ​ចោទ​ប្រកាន់​ថា​ពួក​មន្ត្រី​បាន​គំរាម​កំហែង​យក​ប្រាក់​ប្រហែល​២០០​លាន​ដុល្លារ​ពី​ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​ដែល​ព្យាយាម​វិលត្រឡប់​មក​កាន់​មាតុភូមិ​វិញ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាល​ដាល​ជំងឺ​កូវីដ១៩ ហើយ​ដំណើរការ​ក្តីក្តាំ​បាន​ចាប់ផ្តើម​ប្រឆាំង​នឹង​មនុស្ស​ជាង​១០០​នាក់​ដែល​មាន​ជាប់​ទាក់ទិន​នឹង​រឿង​អាស្រូវ​ដែល​មាន​ទឹក​ប្រាក់​១៧២លាន​ដុល្លារ​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​ Viet A Technology។ មាន​ការចោទប្រកាន់​ថា​ពួក​មន្ត្រី​ទាំង​នោះ​បាន​ទទួល​សំណូក​ដើម្បី​ផ្គត់ផ្គង់​ប្រដាប់​ធ្វើ​តេស្ត​ទៅឱ្យ​មន្ទីរពេទ្យ​ដោយ​ដាក់​តម្លៃ​លើស​តម្លៃ​ដើម។
 
នៅ​ពេល​ដែល​លោក ​Phucលា​ចេញ​ពី​តំណែង មាន​សូចនាករ​ថា​លោក​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចុះ​ចេញ​ពី​តំណែង។ ក្នុង​ខណៈ​នោះ​ដែរ យុទ្ធនាការ​នៃ​ការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​វៀតណាម​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​បន្ត​ទៀត​បន្ទាប់​ពី​ការ​លា​ចេញ​ពី​តំណែង​របស់​លោក។
 
មាន​សំណួរ​អំពី​តម្លាភាព​របស់​រដ្ឋាភិបាល​និង​ការ​ដក​លោក Phuc និង​មន្ត្រី​ល្បីល្បាញ​ផ្សេង​ទៀត​ចេញពី​តំណែង​ដូចដែល​ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​ការពិនិត្យ​ពិច័យ​របស់​រដ្ឋាភិបាល​លើ​របាយការណ៍នៅ​ក្នុង​ពិធី​លា​ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​ប្រគល់​អំណាច​ទៅ​ឱ្យ​លោក​ស្រី​ប្រធានាធិបតី​ស្តីទី Vo Thi Anh Xuan។
 
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិន​មែន​ព្រឹត្តិការណ៍​ទាំង​អស់​មកពី​ពិធី​នោះ​បាន​ត្រូវ​សារព័ត៌មាន​រាយការណ៍​ទាំងស្រុង​នោះ​ទេ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​វៀតណាមត្រូវ​បានគេ​ប្រាប់​ឱ្យ​ដកចេញ​កំណត់​សម្គាល់​មួយ​របស់​លោក Phucដែល​នៅ​ក្នុង​នោះ​លោក​បាន​ព្យាយាម​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​ពីព្រោះ​តែ​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន Viet A។
 
លោក​បាន​ថ្លែង​នៅ​ឃ្លា​មួយ​ដែល​ត្រូវ​បាន​គេ​ដកចេញ​ថា៖ «ក្រុម​គ្រួសារ ភរិយា​និង​កូន​របស់​ខ្ញុំ​មិន​បាន​ស្វះស្វែង​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​ពុករលួយ​ទាក់​ទិន​នឹង​ក្រុមហ៊ុន Viet Aទេ។ ពួកគេ​មិន​ដែល​ជួប​អគ្គ​នាយក​របស់​ក្រុមហ៊ុន Viet A ទេ»។
 
សេចក្តី​ថ្លែងការណ៍​របស់​លោក Phuc បាន​បង្កប់​ន័យ​ថា ​លោក​មិន​បាន​ចាកចេញ​ពី​តំណែង​ដោយ​ការ​ស្ម័គ្រចិត្ត​នោះ​ទេ។ មាន​ការ​មិន​ពេញចិត្ត​ដ៏​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណាម​ទាក់ទិន​នឹង​របៀប​ចាត់ ការ​នៃការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ដោយ​ថ្នាក់​ដឹកនាំ​វៀតណាម​ដែល​រួមមាន​លោក Phuc ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នោះ។
 
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អនុប្រធានាធិបតី​អាមេរិក​លោកស្រី Kamala Harris (មិនបង្ហាញ​ក្នុង​រូបថត) នៅ​រដ្ឋធានី​ហាណូយ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១។
ទោះជា​យ៉ាង​ណា​ក៏ដោយ មនុស្ស​ខ្លះ​ជឿ​ថា ​លោក​ត្រូវ​បាន​គេ​ដកចេញ​ពី​តំណែង​ដោយ​ហេតុផល​នយោបាយ​ហើយ​ថា​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន Viet A ត្រូវ​បាន​គេ​ប្រើ​ធ្វើ​ជា​លេស។
 
ឧបទ្ទវហេតុ​នេះ​បាន​បណ្តាល​ឱ្យ​សាធារណជន​ចោទសួរអំពី​តម្លាភាព​របស់​អាជ្ញាធរ​វៀតណាម។ ខណៈ​ដែល​យុទ្ធនាការ​ការស៊ើបអង្កេត​និង​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ចាំបាច់​នោះ សញ្ញា​នៃ​ការ​ប្រយុទ្ធ​នៅ​ពី​ក្រោយ​ឆាក​មិន​បាន​បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​យល់​ថា​នេះ​ជា​វិធី​ត្រឹម ត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ចេញពី​ឫសគល់​នោះ​ទេ។
 
មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​យល់ស្រប​ថា​ការ​ស៊ើប​អង្កេត​រឿង​អាស្រូវ​កញ្ចប់​ប្រដាប់​ធ្វើ​តេស្ត​កូវីដ១៩​នៅ​ក្នុង​ក្រុមហ៊ុន Viet A ដែល​បាន​នាំ​ឱ្យ​មាន​ការ​ដក​ប្រធានាធិបតី​និង​ឧបនាយក​មន្ត្រី២ នាក់​ចេញ​ពី​មុខ​តំណែង​នោះ​ជា​ការ​ត្រឹមត្រូវ។
 
លោក Tran Van B. ជា​ម្ចាស់​ហាង​លក់ដូរ​ទំនិញ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​រិះគន់​ការ​ខំ​ប្រឹង​ប្រែង «លើក​ស្ទួយ​មុខមាត់»របស់​ពួក​មន្ត្រី​ដែល​សំដៅ​ដល់​ការ​លើក​ដម្កើង​ខ្លួន​ឯង​របស់​ពួក​មន្ត្រី​ដោយ​ប្រើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន។
 
លោក​បាន​និយាយ​ទៀត​ថា៖ «ពួក​មន្ត្រី​ទាំង​នោះ​ស័ក្ដិសម​ចុះចេញ​ពី​តំណែង។ មន្ត្រី​ជា​ច្រើន​ទៀត​ក៏​ត្រូវ​ចុះចេញ​ពី​តំណែង​ដែរ។ ហើយ ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​និង​ចាំបាច់​សុំ​អភ័យទោស​ជា​សាធារណៈ​ចំពោះ​មហន្តរាយ​ទាំង​អស់​ដែល​វា​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩។
 
លោក​មិន​មែនជា​មនុស្ស​តែ​ម្នាក់​ដែល​រិះគន់​ពួក​មន្ត្រី​នោះ​ទេ។
 
លោក Nguyen Nam ជា​អ្នក​ក្រុង​ហូជីមិញ​បាន​និយាយ​ថា៖ «ការធ្វើ​ជា​ប្រធានាធិបតី​មាន​ន័យ​ថា​អ្នក​ចាំបាច់​មើល​ការ​ថែទាំ​ប្រជាពលរដ្ឋ​របស់​អ្នក អ្នក​ចាំបាច់​ត្រូវ​ម៉ឺងម៉ាត់​ដើម្បី​ដោះស្រាយ​គ្រប់ទាំង​បញ្ហា»។
 
លោក​បាន​និយាយ​ទៀត​ថា៖ «វៀតណាម​មាន​បញ្ហា​ជា​ច្រើន​នៅ​ពេល​ឥឡូវ​នេះ មិន​ទាន់​និយាយ​ពី​ភាព​តានតឹង​នៅ​ឯ​សមុទ្រ​ផង។ ពលរដ្ឋ​ត្រូវការ​មាន​ជីវិត​ប្រកប​ដោយ​ផាសុខភាព។ នៅពេល​ដែល​ប្រជាពលរដ្ឋ​ក្រ ប្រទេស​ជាតិ​មិន​អាច​ខ្លាំង​បាន​ទេ។ យើង​ដើរ​មិនទាន់​គេ​ចំពោះ​រឿង​ជា​ច្រើន។ ប្រជា ពលរដ្ឋត្រូវ​គេ​បំភិត​បំភ័យ ហើយ យើង​មិន​ហ៊ាន​និយាយ។ ប្រសិន​បើ យើង​និយាយ យើង​នឹង​ត្រូវ​គេ​ចាប់ ខ្លួន។ ដូច្នេះ គ្មាន​នរណា​ហ៊ាន​និយាយ​ទេ»។
 
មនុស្ស​ផ្សេង​ទៀត​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​រដ្ឋាភិបាល​នៅពេល​និយាយ​ប្រាប់ VOA។
 
លោក Tran Thanh ជា​អតីត​ទាហាន​ជើង​ចាស់​បាន​និយាយ​ថា៖ «តាម​ដែល​ខ្ញុំ​ដឹង ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ជាមួយ​មេដឹកនាំ​របស់​យើង ដូចជា​នាយក​រដ្ឋមន្ត្រី ​ប្រធានាធិបតី​ចុង​ក្រោយ​ថ្មីៗ​នេះ ដោយសារ​ទង្វើ​របស់​មេដឹកនាំ​ទាំង​នោះ​មិន​ស្រប​គ្នា​នឹង​ពាក្យ​សម្តី​របស់​ពួកគេ​ទេ»។
 
លោក Tang Thanh អតីត​មន្ត្រី​សហភាព​យុវជន​កុម្មុយនីស្ត​បាន​និយាយ​ថា៖ «ខ្ញុំ​គ្មាន​ជំនឿ​លើ​របប​នេះ​ទេ។ ខ្ញុំ​គ្មាន​សល់​ទំនុក​ចិត្ត​ទេ ទោះ​មានរឿង​ល្អ​ខ្លះក្តី។ វា​យឺត​ពេល​ហើយ»។
 
តាម​ការពិត ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ចំណាត់​ថ្នាក់​របស់​វៀតណាមនៅ​ក្នុង​លំដាប់​ថ្នាក់​អន្តរជាតិ​ប្រឆាំង​អំពើ​ពុករលួយ។ នេះ​បើ​តាម​របាយការណ៍​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ឆ្នាំ​២០២២ ដែល​បាន​បង្កើន​វៀតណាម​ពី​៣ពិន្ទុ​ទៅដល់​៤២ពិន្ទុ​ដែល​ត្រូវ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី៧៧ ដែល​ជា​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ចាប់តាំង​ពី​ឆ្នាំ២០១២​មក។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​ខ្លះ​ព្រួយបារម្ភ​ថា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ដឹកនាំ​ដោយ​អគ្គលេខាធិការ​បក្ស​លោក Nguyen Phu Trong មិន​អាច​ផ្លាស់ប្តូរ​លក្ខណៈ​នៃ​បញ្ហា​នោះ​បាន​ទេ។
 
លោក Lam Kieu Loan រស់​នៅ​ក្នុង​រដ្ឋធានី​ហាណូយ​ដែល​កាលពី​ពេល​មុន​បាន​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​បរិក្ខារ​ពេទ្យ​បាន​និយាយ​ថា​ករណី​ក្រុមហ៊ុន Viet A គឺ​ដូចជា​ការ​ធ្វើ​ឲ្យ​មតិ​សាធារណជនបាន​ស្ងប់ចិត្ត​ហើយ​នេះ​គ្រាន់តែ​ជា​បញ្ហា​មួយ​នៃ​បញ្ហា​ជា​ច្រើន។
 
តែ​លោក Loan បាន​ជំទាស់​ថា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​បណ្តាល​ឱ្យ​មាន​រឿង​ច្របូក​ច្របល់​កាន់តែ​ច្រើន​ឡើង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com