កីឡាជាតិ
ជាតិ
League Cup ៖ ក្លិបទ័ព ស្វាគមន៍ វិសាខា រីឯ ណាហ្គាវើលដ៍ ទទួលភ្នំពេញក្រោន
11, Mar 2023 , 8:00 am        
រូបភាព
ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រូវប្រកួតជាមួយ វិសាខា ដែលមាន៩ពិន្ទុស្មើគ្នា នៅកីឡដ្ឋានស្ដាតចាស់។ ចំណែក ក្លិបណាហ្គាវើលដ៍ ប៉ះជាមួយ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាសប្ដាហ៍ទី៥ នៃការប្រកួតពានរង្វាន់ Cambodian League Cup 2023។

៣ក្រុម ក្នុងពូល A មាន៩ពិន្ទុស្មើគ្នា គឺវិសាខា ឈរលេខ១, តាមពីក្រោយដោយ កងយោធពលខេមរភូមិន្ទ និងលេង៣ គិរីវង់សុខសែនជ័យ។ សម្រាប់សប្ដាហ៍ទី៥ វិសាខា ត្រូវប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ វេលាម៉ោង ៦:៣០ល្ងាច នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ក្នុងថ្ងៃជាមួយគ្នា អគ្គិសនីកម្ពុជា បើកទ្វារទីលានបាល់ទាត់ EDC ទទួលបឹងកេត ស្របពេលដែល កោះកុង ស្វាគមន៍ ព្រៃវែង នៅកីឡដ្ឋានខេត្តកោះកុង វេលាម៉ោង ៣:៤៥ រសៀល ។
 
លុះចូលមកដល់ថ្ងៃទី១២ ខែមីនា ក្រុមណាហ្គាវើលដ៍ ដែលឈរលេខ១ ត្រូវប៉ះ ជាមួយក្រុមភ្ញៀវ ភ្នំពេញក្រោន ឈរលេខ២ នៅកីឡដ្ឋានខេត្តកំពងស្ពឺ នាវេលាម៉ោង ៦:៣០ ល្ងាច។ ចំណែក នគរបាលជាតិ ជួបជាមួយក្រុមព្រះខ័នរាជ ស្វាយរៀង នៅទីលានបាល់ទាត់សាលាតម្រង់ទិស វេលាម៉ោង ៣:៤៥ រសៀល។ ទន្ទឹមពេលជាមួយគ្នានោះ ក៏មានការប្រកួតរវាង អាយ អេស អាយ ដង្កោសែនជ័យ និងសូលទីឡូអង្គរ នៅកីឡដ្ឋាន AIA KMH Park។
 
គិតត្រឹមសប្ដាហ៍ទី៤ សម្រាប់ពូល A ក្រុមបាល់ទាត់វិសាខា ឈរនៅចំណាត់ថ្នាក់លេខ១ មាន៩ពិន្ទុ ស្មើជាមួយ កងយោធពលខេមរភូមិន្ទ លេខ២ និងគិរីវង់សុខសែនជ័យ លេខ៣។ រីឯ ព្រៃវែង ឈរលេខ៤ មាន៣ពិន្ទុ ដូចគ្នាទៅនិងបឹងកេតលេខ៥ និងអគ្គិសនីកម្ពុជា លេខ៦។ ដោយឡែក ក្រុមបាល់ទាត់កោះកុង មិនមានពិន្ទុទេ ឈរចំណាត់ថ្នាក់លេខ៧។ 
 
ចំណែក ក្នុងពូល B ណាហ្គាវើលដ៍ ឈរលេខ១ មាន១០​ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន មាន៩ពិន្ទុ។​ ចំណាត់ថ្នាក់លេខ៣ គឺក្រុម អាយ អេស អាយ ដង្កោសែនជ័យ មាន៦ពិន្ទុ ខណៈ ព្រះខ័នរាជ ស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ៤ មាន៤ពិន្ទុ និងលេខ៥ នគរបាល់ជាតិ មាន៤ពិន្ទុ។ រីឯលេខ៦ បណ្ដោះអាសន្ន គឺក្រុមសូលទីឡូអង្គរ មាន១ពិន្ទុ ស្មើគ្នាជាមួយ អង្គរថាយហ្គឺរ លេខ៧៕
 

Tag:
 បាល់ទាត់
  Cambodian League Cup
  ខេមប៊ូឌាលីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com