អន្តរជាតិ
លោក Biden ​គ្រោង​បង្ហាញ​សំណើ​ថវិកា​ឆ្នាំ​២០២៤
11, Mar 2023 , 8:39 am        
រូបភាព
រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ស្ថានភាព​សហព័ន្ធ (State of the Union) ទៅ​កាន់​សម័យ​ប្រជុំ​រួម​នៃ​សភា​នៅ​វិមាន​កាពីតូល​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ស្ថានភាព​សហព័ន្ធ (State of the Union) ទៅ​កាន់​សម័យ​ប្រជុំ​រួម​នៃ​សភា​នៅ​វិមាន​កាពីតូល​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ដោយ: VOA
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​Joe Biden ​គ្រោង​នឹង​បង្ហាញ​សំណើ​ថវិកា​របស់​លោក​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០២៤​ ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ទៅកាន់​រដ្ឋ Pennsylvania ។

សេតវិមាន​បាន​និយាយ​មុន​ព្រឹត្តិការណ៍​នៅ​ទីក្រុង Philadelphia ​ថា៖ «លោក​ប្រធានាធិបតី​នឹង​ថ្លែង​សុន្ទរកថា​អំពី​ផែនការ​របស់​លោក​ក្នុង​ការវិនិយោគ​នៅ​អាមេរិក​ បន្ត​កាត់​បន្ថយ​ការចំណាយ​សម្រាប់​គ្រួសារ​ ការពារ ​និង​ពង្រឹង​សន្តិសុខ​សង្គម ​និង ​Medicare ​កាត់បន្ថយ​ឱនភាព ​និង​បញ្ហា​ជា​ច្រើន​ទៀត» ។
 
ផ្នែក​មួយ​នៃ​សំណើ​របស់​លោក Biden ​គឺ​ដំឡើងពន្ធ​លើ​អ្នកមាន ​ដើម្បី​ជួយ​ចំណាយ​លើ​ផែនការ​នេះ​។
 
សេតវិមាន​បាន​ប្រកាស​រួច​ហើយ​ថា​ផ្នែក​នៃ​សំណើ​ថវិកា​រួមមាន​ការដំឡើង​ពន្ធ​ Medicare​ សម្រាប់​អ្នកមាន​ប្រាក់ចំណូល​លើសពី​៤០០.០០០​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ ​និង​អនុញ្ញាត​ឱ្យ​ Medicare​ ចរចា​តម្លៃ​ប្រសើរ​ជាង​មុន​សម្រាប់​ថ្នាំ​តាម​វេជ្ជបញ្ជា​ ដើម្បី​ជំរុញ​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សហព័ន្ធ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​វ័យ​ចំណាស់ ​និង​ជនពិការ​មួយ​ចំនួន។
 
គណបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​បាន​សម្តែង​ការប្រឆាំង​ទៅនឹង​ផែនការ​ Medicare​ របស់​ប្រធានាធិបតី ​ដោយ​មេដឹកនាំ​សំឡេង​ភាគតិច​ព្រឹទ្ធសភា​លោក Mitch McConnell ​បាន​ព្យាករណ៍​ថា​ វា​មិនមាន​ឱកាស​អនុម័ត​នៅក្នុង​សភា​តំណាងរាស្រ្ត​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com