កីឡាជាតិ
ជាតិ
Woman's Asian Cup 2024 ៖ កម្ពុជា ឈ្នះម៉ាឡេស៊ី ១-០
10, Mar 2023 , 5:58 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជានារីក្រោម២០ឆ្នាំ ប្រកួតជាមួយម៉ាឡេស៊ី រូបពី FFC
ក្រុមជម្រើសជាតិកម្ពុជានារីក្រោម២០ឆ្នាំ ប្រកួតជាមួយម៉ាឡេស៊ី រូបពី FFC
ជម្រើសជាតិបាល់ទាត់នារីអាយុក្រោម២០ឆ្នាំកម្ពុជា ឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល ១-០ ក្នុងពូល G នៃពានរង្វាន់ AFC U20 Woman's Asian Cup 2024 នៅកីឡដ្ឋាន Smart RSN។



ដើមតង់ទី១ ក្រុមនារីកម្ពុជា បានដាក់សម្ពាធ មកលើក្រុមភ្ញៀវយ៉ាងខ្លាំង នៅតំបន់គ្រោះថ្នាក់របស់ម៉ាឡេស៊ី ប៉ុន្ដែការបំផ្លោងបាល់នោះត្រូវបានផុតខ្សែប្រយុទ្ធរបស់កម្ពុជា។ ប៉ុន្ដែនៅនាទី៧ ក្រុមម៉ាឡេស៊ី មានឱកាសស៊ុត ប៉ុន្ដែត្រូវបានអ្នកចាំទីកម្ពុជា សង្គ្រោះបាន។ នៅនាទី១៤ ម៉ាឡេស៊ី បានបានស៊ុត ចំបង្គោលទី រួចក៏ត្រូវអ្នកចាំទីកម្ពុជា សង្គ្រោះម្ដងទៀត។ 
 
នៅនាទី២៤ កម្ពុជា ទទួលបានគ្រាប់បាល់ហ្វីឃីក នៅតំបន់គ្រោះថ្នាក់របស់ម៉ាឡេស៊ី ប៉ុន្ដែប្រធានក្រុមកម្ពុជា សំរិទ្ធ និមល ទាត់រំលងរបាទី។ កីឡាការិនី ថន ថុនា របស់កម្ពុជាត្រូវផ្លាស់ប្ដូចេញ និងជំនួសដោយកីឡាការិនី ហេង សុវណ្ណមុនី នៅនាទី៣១។ ៤នាទីបន្ទាប់ ក្រុមកម្ពុជា ទទួលបានបាល់ជ្រុង ហើយកីឡាការិនីនិមល ឡើងតែត ប៉ុន្ដែមិនចំគោលដៅទេ។ ផ្ទុយមកវិញ ម៉ាឡេស៊ី ក៏បានយកបាល់បោះឲ្យក្រុមលឿន រួចក៏មានឱកាស ស៊ុតចំគោលដៅ ហើយក៏ត្រូវបានអ្នកចាំទីសង្គ្រោះបានជាលើកទី៣។ តង់ទី១នេះ ក្រុមកម្ពុជា ដូចជាមិនទាន់ប្រមូលអារម្មណ៍ និងស្មារតីបានល្អប៉ុន្មានទេ ដោយរបូតបាល់ជាច្រើនលើក ច្រើនដង។ ប៉ុន្ដែក្រុមកីឡាការិនីនេះ មានឱកាសនៅតំបន់គ្រោះថ្នាក់របស់ម៉ាឡេស៊ី។ លទ្ធផលបញ្ចប់តងទី១  ក្រុមទាំងពីរ មិនមានគ្រាប់បាល់ដូចគ្នា។
 
ចូលដល់តង់ទី២ កម្ពុជា បន្ដដាក់សម្ពាធមកក្រុមភ្ញៀវ ដោយបង្កើតឱកាសជាច្រើនលើក ប៉ុន្ដែមិនមានប្រសិទ្ធភាពទេ ហើយអ្នកចាំទីរបស់ម៉ាឡេស៊ី បានសង្គ្រោះបាល់ជាច្រើនលើកច្រើនសារ។ នៅនាទី៦៥ កីឡាការិនី ឈាង ស្រីនិច ប្ដូជំនួសកីឡាការិនី ទុំ រំដួល រីឯ រ៉ុម ម៉ូលីកា ប្ដូជំនួស កីឡាការិនី អែម ម៉ីសាន។ ចូលដល់នាទី ៨០ក្រុមភ្ញៀវ មានឱកាសកាន់តែច្រើន និងដាក់សម្ពាធយ៉ាងខ្លាំង មកកម្ពុជា។ ចូលដល់នាទី៩០+៣ កីឡាការិនី គីម ហុង បានស៊ុតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនបាល់ក្នុងតំបន់គ្រោះថ្នាក់។
 
បញ្ចប់ការប្រកួតពេញម៉ោង កម្ពុជា ឈ្នះ ម៉ាឡេស៊ីក្នុងលទ្ធផល ១-០ ដោយកីឡាការិនី គីម ហុង ជួយឲ្យកម្ពុជា បាន៣ពិន្ទុ៕
 

Tag:
 បាល់ទាត់
  AFC U20 Woman\'s Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com