អន្តរជាតិ
អតីតរដ្ឋមន្រ្តីម៉ាឡាវីជាប់ពន្ធនាគារ ខណៈពេលមានការព្រួយបារម្ភពីការលម្អៀងផ្នែកយុត្តិធម៌
11, Mar 2023 , 5:59 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីប្រទេសម៉ាឡាវីលោក Lazarus Chakwera ថ្លែងនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Chakwera បានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយទូទាំងប្រទេសក្នុងឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតីប្រទេសម៉ាឡាវីលោក Lazarus Chakwera ថ្លែងនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Chakwera បានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយទូទាំងប្រទេសក្នុងឆ្នាំ២០២២។
ដោយ: VOA
អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Henry Mussa និងប្រធានផ្នែកព័ត៌មានម្នាក់របស់លោកគឺលោក Gideon Munthali ដែលអ្នកទាំងពីរជាសមាជិកគណបក្សប្រឆាំង Democratic Progressive Party ឬ DPP ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីពេលថ្មីៗនេះ ក្នុងរយៈពេលជាង ៥ ខែបន្ទាប់ពីពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទពុករលួយ។

 
មន្រ្តីទាំងពីររូបនេះស្ថិតនៅក្នុងចំណោមមន្រ្តីរដ្ឋាភិបាលអាណត្តិមុនមួយចំនួនដែលត្រូវជាប់ពន្ធនាគារពីបទពុករលួយក្នុងយុទ្ធនាការបង្រ្កាប ដែលធ្វើឡើងដោយរដ្ឋបាលប្រធានាធិបតីលោក Lazarus Chakwera ក្នុងរយៈពេលភ្លាមៗ បន្ទាប់ពីលោកឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០២០។
 
នេះរួមមានការចាប់ខ្លួនលោកអនុប្រធានាធិបតី Saulos Chilima កាលពីចុងខែវិច្ឆិកា ដែលលោកត្រូវបានចោទប្រកាន់ថា បានទទួលយកប្រាក់ ២៨០.០០០ដុល្លារ និងរបស់របរផ្សេងៗទៀតពីអ្នកជំនួញជនជាតិអង់គ្លេសលោក Zuneth Sattar ក្នុងការដោះដូរនឹងកិច្ចសន្យាជាមួយរដ្ឋាភិបាលម៉ាឡាវី។ 
 
អ្នកនាំពាក្យគណបក្ស DPP លោក Shadreck Namalomba បានសាទរចំពោះការបង្រ្កាបនេះ ប៉ុន្តែលោកនិយាយថា បញ្ហាគឺថា កិច្ចប្រឹងប្រែងនេះត្រូវបានធ្វើឡើងដោយមានការលម្អៀងផ្នែកយុត្តិធម៌។
 
រូបឯកសារ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Henry Mussa បង្ហាញខ្លួននៅតុលាការនៅក្នុងទីក្រុងលីឡុងវ៉េ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថត៖ courtesy of Zodiakonline)
លោកលើកឡើងថា ភាគច្រើននៃមន្រ្តីដែលត្រូវចាប់ខ្លួនគឺមកពីអតីតគណបក្សកាន់អំណាច ជាជាងសម្ព័ន្ធគណបក្ស Tonse Alliance ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ។
 
លោកថ្លែងថា៖ «មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលគណបក្ស Tonse បានលាលែងពីតំណែង និងបានលើកឡើងថា មានអំពើពុករលួយធ្ងន់ធ្ងរក្នុងជួររដ្ឋាភិបាលនេះ។ ឥឡូវនេះ អ្វីដែលផ្ទុយស្រឡះគឺថា គ្មាននរណាម្នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋាភិបាលសម្ព័ន្ធគណបក្ស Tonse គ្មាននរណាម្នាក់ត្រូវឆ្លើយតបនឹងករណីពុករលួយនៅចំពោះមុខតុលាការ ហើយក៏គ្មាននរណាក្នុងជួររដ្ឋាភិបាលត្រូវជាប់ពន្ធនាគារនោះដែរ»។
 
លោក Namalomba បាននិយាយថា ឧទាហរណ៍ច្បាស់មួយអំពីការលម្អៀងផ្នែកយុត្តិធម៌នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺការផ្តន្ទាទោសលោក Mussa និង លោក Munthali ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ បើទោះបីជាអ្នកទាំងពីរបានប្រគល់ទ្រព្យសម្បត្តិដែលខ្លួនបានលួចយកត្រឡប់ទៅវិញហើយក៏ដោយ។
 
លោក Namalomba ថ្លែងទៀតថា៖ «យើងឮថា ពួកជនលួចបន្លំលុយកំពុងត្រូវបានលើកលែងទោស ដោយសារតែពួកគេបានប្រគល់លុយត្រឡប់ទៅវិញ។ នេះជារឿងគួរឲ្យអស់សំណើចមួយ។ ស្របពេលអ្នកដទៃទៀតដូចជា ករណីលោក Mussa ពួកគេបានប្រគល់លុយត្រឡប់ទៅវិញហើយ ប៉ុន្តែលោកត្រូវជាប់ពន្ធនាគារ ខណៈជនដទៃទៀត ដែលបានលួចបន្លំរដ្ឋាភិបាលដូចគ្នា ត្រូវបានលើកលែងទោស។ នេះជាការលម្អៀងផ្នែកយុត្តិធម៌ ហើយមិនគួរអត់ឱននោះទេ»។ 
 
ពាក្យថា «Cashgaters» ត្រូវបានប្រើប្រាស់ដើម្បីហៅក្រុមជនដែលបានលួចបន្លំលុយក្នុងរដ្ឋាភិបាលម៉ាឡាវីក្នុងទំហំទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ ក្នុងអំឡុងពេលរដ្ឋបាលអតីតប្រធានាធិបតីអ្នកស្រី Joyce Banda ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១។ គណបក្ស People's Party របស់អ្នកស្រី Banda ស្ថិតក្នុងចំណោមគណបក្សចំនួន ៩ ដែលបានបង្កើតជាសម្ព័ន្ធគណបក្ស Tonse Alliance។
 
បណ្តាញផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីដើមខែមីនាថា ជនសង្ស័យពីបទលួចបន្លំរដ្ឋាភិបាលចំនួនប្រាំនាក់ កាលពីពេលថ្មីៗនេះ បានរួចផុតពីការជាប់ពន្ធនាគារ បន្ទាប់ពីបង់ប្រាក់ដែលពួកគេបានលួចត្រឡប់ទៅវិញ ហើយមនុស្សបីនាក់ផ្សេងទៀតកំពុងចរចាជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ប្រាក់ត្រឡប់ទៅវិញ និងដើម្បីរួចផុតពីការចោទប្រកាន់។
 
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Thabo Chakaka Nyirenda បានប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយកាលពីពេលថ្មីៗនេះថា លោកជឿថា ការលើកលែងទោសនៅតែជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីប្រមូលទ្រព្យសម្បតិ្តរដ្ឋត្រឡប់មកវិញពីជនសង្ស័យ ដែលជាប់ទោសពីបទលួចបន្លំរដ្ឋាភិបាល។
 
អ្នកវិភាគនយោបាយលោក George Phiri និយាយថា បញ្ហាគឺថា រដ្ឋាភិបាលម៉ាឡាវីកំពុងលាយឡំគ្នារវាងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងនយោបាយ។
 
លោកថ្លែងថា៖ «ពីព្រោះប្រសិនបើអ្នកមើលទៅអ្នកដែលត្រូវបានគេលើកឈ្មោះឡើង ពួកគេជាសមាជិកគណបក្សប្រឆាំង Democratic Progressive Party។ តើយ៉ាងម៉េចវិញចំពោះករណីដូចដែលយើងបានឃើញពាក់ព័ន្ធនឹងសម្ព័ន្ធគណបក្ស Tonse? ហើយមានរឿងជាច្រើនទៀតនៅក្នុងប្រទេស ដែលជនសង្ស័យមិនត្រូវបាននាំខ្លួនទៅតុលាការ»។
 
វីអូអេមិនអាចទទួលបានការឆ្លើយតបភ្លាមៗពីអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធនឹងការចោទប្រកាន់ពីការលម្អៀងផ្នែកយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាពុករលួយនៅម៉ាឡាវីនៅឡើយទេ។
 
ប៉ុន្តែលោកប្រធានាធិបតី Chakwera បានប្រាប់ទៅសភាកាលពីថ្ងៃទី២៨ ខែកុម្ភៈថា ការពន្យារពេលនៅក្នុងការពិនិត្យមើលលើរឿងក្តីពុករលួយនឹងបញ្ចប់នាពេលឆាប់ៗនេះ បន្ទាប់ពីបង្កើតតុលាការពិសេសមួយសម្រាប់ទទួលបន្ទុកប្រឆាំងនឹងអំពើពុករលួយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com