កីឡាជាតិ
ជាតិ
ទ្រីយ៉ាត្លុង៖ អ៊ួន ច័ន្ទភត្រា ជឿជាក់អាចដណ្តើមមេដាយស៊ីហ្គេម ដ្បិតសមត្ថភាពមិនចាញ់បរទេស
12, Mar 2023 , 10:42 am        
រូបភាព
កីឡាការិនី អ៊ួន ច័ន្ទភត្រា
កីឡាការិនី អ៊ួន ច័ន្ទភត្រា
កញ្ញា អ៊ួន ច័ន្ទភត្រា កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា មើលឃើញថាសមត្ថភាព និងបច្ចេកទេសរបស់អត្ដពលិកទ្រីយ៉ាត្លុងកម្ពុជា មិនចាញ់បរទេសនោះទេ។ ច័ន្ទភត្រា យល់ឃើញបែបនេះ ដោយយោងលើបទពិសោធប្រកួតព្រឹត្តិការណ៍អន្ដរជាតិកន្លងមក។ ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា កីឡាការិនីរូបនេះ ត្រៀមលក្ខណៈរួចរាល់ហើយក្នុងការដណ្ដើមយកមេដាយពីកីឡាកម្រិតអូឡាំពិកមួយនេះ។

យោងលើបទពិសោធន៍ប្រកួតអន្ដរជាតិនានា កញ្ញា អ៊ួន ច័ន្ទភត្រា ម្ចាស់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ World Police 2019 ប្រទេសចិន បានប្រាប់សារព័ត៌មានថ្មីៗថា សមត្ថភាព និងបច្ចេកទេសរបស់អត្ដពលិកកម្ពុជា មិនចាញ់បរទេសប៉ុន្មានទេ ព្រោះពេលប្រកួត អត្ដពលិកបានសម្រេចសមិទ្ធផលខុសត្រូវគ្នាបន្ដិចបន្ដួចប៉ុណ្ណោះ។ ដោយឡែក អត្ដពលិកកម្ពុជា ក៏មានចំណុចខ្វះខាត់ខ្លះ ដែលជាហេតុធ្វើឲ្យមានការលំបាកប្រកួតប្រជែងជាមួយបរទេស។ ចំណុចខ្វះខាតនោះ ដូចជាខ្សោយផ្នែករត់ និងហែលទឹក ហើយផ្នែកអវិជ្ជមានទាំងនោះ បានធ្វើឲ្យចាញ់បរទេសបន្ដិចបន្ដួចបណ្ណោះ។
 
«កីឡាករគេ និងកីឡាករកម្ពុជា មានកម្រិតប្រហាក់ប្រហែលគ្នា។ អ្វី ដែលជាចំណុចខ្សោយរបស់កីឡាករកម្ពុជា មានការរត់ និងហែលទឹកបន្ដិច តែប៉ុណ្នឹងទេ។ គេរហ័សជាងយើង បន្ដិច វាមិនចាញ់គេខ្លាំងទេ។»។ ម្ចាស់មេដាយប្រាក់ World Police រូបនេះ បានប្រាប់ដូច្នេះ។

ការហ្វឹកហាត់ជិះកងរបស់អត្ដពលិកទ្រីយ៉ាត្លុង

កីឡាការិនី អ៊ួន ច័ន្ទភត្រា បន្ដទៀតថា សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ខ្លួន បានត្រៀមលក្ខណៈរួចរាល់ហើយ ដោយបានប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម។ ម្យ៉ាងវិញទៀត កីឡាការិនីរូបនេះ ជឿថារូបគេ នឹងអាចដណ្ដើមបានមេដាយណាមួយ សម្រាប់ជាតិ។ កញ្ញា ច័ន្ទភត្រា រំពឹងទុកដូច្នេះថា៖«ខ្ញុំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្ដើមយកមេដាយណាមួយ ដែលសមត្ថភាពរបស់យើងអាចប្រឹងប្រែងយកបាន។»។
  
ការរត់កម្ដៅសាច់ដុំរបស់អត្ដពលិកទ្រីយ៉ាត្លុង

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងធ្វើនៅថ្ងៃទី៥-១៧ ខែឧសភា។ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានដាក់៤ប្រភេទវិញ្ញាសាធំៗ រួមមាន ទ្រីយ៉ាត្លុង បុរស-នារី,ឌូអាត្លុង បុរស-នារី, អាគ័រត្លុង បុរស-នារី និងMixed អាគ័រត្លុង៕
 

Tag:
 ទ្រីយ៉ាត្លុង
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com