អន្តរជាតិ
អតីតអនុប្រធានាធិបតីអាម៉េរិក៖ ប្រវត្តិសាស្រ្តនឹងទាមទារការទទួលខុសត្រូវពីលោកដូណាល់ ត្រាំ
12, Mar 2023 , 8:29 pm        
រូបភាព
លោក មៃ ផេន អតីតអនុប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក មៃ ផេន អតីតអនុប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
អតីតអនុប្រធានាធិបតីអាម៉េរិក លោក មៃ ផេន នៅថ្ងៃទី១១ ខែមីនា បានអះអាងថា ប្រវត្តិសាស្រ្តនឹងទាមទារការទទួលខុសត្រូវពីលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ជុំវិញករណីក្រុមបាតុករ បានចូលកាន់កាប់វិមានសភា នៅខែមករា ឆ្នាំ២០២១ កន្លងទៅ។

 
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមបាតុករគាំទ្រលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានសម្រុកចូលសភាអាម៉េរិក ដើម្បីប៉ុនប៉ងសភា ដែលកំពុងបញ្ជាក់ពីលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ កាលនោះលទ្ធផលលោក ត្រាំ បានចាញ់លោកចូ បៃឌិន។ 
 
ក្នុងនាមជាប្រធានព្រឹទ្ធសភា និងមានវត្តមាននៅសភាក្នុងពេលនោះ លោក មៃ ផេក កំពុងធ្វើជាប្រធាននៃកិច្ចប្រជុំដើម្បីឯកភាពលើការបោះឆ្នោតក្នុងការជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីអាម៉េរិក។ 
 
«លោកត្រាំ គឺខុស»។ លោក ផេន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្នុងក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមីនា ដោយបន្តថា លោកមិនមានសិទ្ធិក្នុងការផ្លាស់ប្តូរការបោះឆ្នោតឡើយ ហើយពាក្យរបស់លោកត្រាំ បង្ហោះលើបណ្តាញសង្គម Twitter អាចបង្កគ្រោះថ្នាក់ដល់ក្រុមគ្រួសារលោក ផេន ដែលកំពុងមានវត្តមាននៅក្នុងសភាថែមទៀត។ 
 
បើតាមអតីតអនុប្រធានាធិបតីអាម៉េរិករូបនេះ ប្រវត្តិសាស្រ្តអាម៉េរិក នឹងទាមទារការទទួលខុសត្រូវពីលោកត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កាលនោះ​ លោកត្រាំបានបង្ហោះសារជាច្រើនលើកលើបណ្តាសង្គម Twitter ដោយអំពាវនាវឱ្យអ្នកគាំទ្របក្សសាធារណរដ្ឋប្រយុទ្ធ និងប្រឆាំងចំពោះលទ្ធផលបោះឆ្នោត។ 
 
សូមបញ្ជាក់ថា លោក ផេន ដែលជាអតីតអនុប្រធានាធិបតីអាម៉េរិកក្រោមរដ្ឋបាលរបស់លោកត្រាំ ក៏កំពុងពិចារណាឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាម៉េរិកសម្រាប់បក្សសាធារណរដ្ឋផងដែរ៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com