អន្តរជាតិ
លោកស៊ី ជិនភីង ប្តេជ្ញាធ្វើទំនើបកម្មកម្លាំងការពារជាតិឱ្យដូចមហាកំពែងដែក ដើម្បីការពារអធិបតេយ្យ
13, Mar 2023 , 11:59 am        
រូបភាព
កិច្ចប្រជុំបិទសភាប្រជាជនចិន នៅថ្ងៃទី១៣ ខែមីនា។ រូបភាព Xinhua
កិច្ចប្រជុំបិទសភាប្រជាជនចិន នៅថ្ងៃទី១៣ ខែមីនា។ រូបភាព Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី១៣ ខែមីនា បានលើកឡើងពីការពង្រឹងសន្តិសុខជាតិនៅក្នុងពិធីបិទកិច្ចប្រជុំសភាប្រជាជនចិន។ ក្នុងសុន្ទរកថាលើកដំបូងក្រោយការកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទីបី លោក ស៊ី បានប្តេជ្ញាធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ និងការពារជាតិឱ្យដូចមហាកំពែងដែក ដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិ។



នៅសប្តាហ៍មុន សភាប្រជាជនចិន បានបោះឆ្នោតរើសលោកស៊ី ជិនភីង ជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ដែលមានរយៈពេល ៥ឆ្នាំ។ លោកស៊ី បានក្លាយជាមេដឹកនាំចិនលើកដំបូង ដែលកាន់អំណាចបាននៅអាណត្តិទីបី ចាប់តាំងពីលោកម៉ៅ សេទុង។ 
 
ក្រោយកការកាន់តំណែងជាប្រធានាធិបតីជាថ្មី លោកស៊ី បានប្តេជ្ញាការពារសន្តិសុខជាតិ និងអធិបតេយ្យ ក្នុងពិធីបិទកិច្ចប្រជុំសភា ដែលបានបើកកិច្ចប្រជុំជាង ១សប្តាហ៍ ដើម្បីពិនិត្យលើគោលនយោបាយរដ្ឋាភិបាលនៅអាណត្តិមុន ដាក់ចេញគោលនយោបាយថ្មី និងបោះឆ្នោតតែងតាំងថ្នាក់ដឹកនាំរដ្ឋាភិបាលចិនថ្មីជាដើម។ 
 
«យើងត្រូវតែលើកតម្កើងការធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ និងការពារជាតិ រួមទាំងអភិវឌ្ឍកម្លាំងប្រដាប់អាវុធរបស់ប្រជាជនឱ្យក្លាយជាមហាកំពែងដែក ដែលមានប្រសិទ្ធភាពការពារសន្តិសុខ និងអធិបតេយ្យជាតិ រួមទាំងផលប្រយោជន៍នៃការអភិវឌ្ឍ»។ លោកស៊ី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៣ ខែមីនា។
 
ទន្ទឹមនេះ មេដឹកនាំចិន បានអំពាវនាវឱ្យមានការថែរក្សាស្ថិរភាព និងការបង្រួបបង្រួមជាមួយដែនកោះតៃវ៉ាន់ផង។ ត្រង់ចំណុចនេះ លោកស៊ី បានចាត់ទុកភាពទុកចិត្តរបស់ប្រជាជនជាអម្រែកដ៏ធ្ងន់ចំពោះលោក។ 
 
លោកស៊ី​ បានបញ្ជាក់ពីការលើកតម្កើងការអភិវឌ្ឍប្រកបដោយសន្តិភាពឆ្លងច្រកសមុទ្រតៃវ៉ាន់ រួមទាំងជំទាស់ការជ្រៀតជ្រែកពីកម្លាំងបរទេស និងការប្រកាសឯករាជ្យរបស់តៃវ៉ាន់។ 
 
សូមបញ្ជាក់ថា ក្នុងសុន្ទរកថាក្នុងពិធិបិទកិច្ចប្រជុំសភានេះ ប្រធានាធិបតីចិន ក៏បានថ្លែងពីការអភិវឌ្ឍប្រទេស ការចាត់ទុកប្រជាជនជាអាទិភាព និងភាពដឹកនាំរបស់បក្សកុម្មុយនីស្តចិនផង៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com