ជាតិ
សង្គមជាតិ
មេរៀនអំពីរដ្ឋធម្មនុញ្ញ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាហើយ ចាប់ពីបឋមដល់វិទ្យាល័យ
17, Mar 2023 , 8:59 pm        
រូបភាព
 សិក្សានុសិស្សកំពុងស្ថិតក្នុងថ្នាក់នៃសាលារៀនមួយកន្លែងនៅខេត្តបាត់ដំបង។ រូបពីក្រសួងព័ត៌មាន
សិក្សានុសិស្សកំពុងស្ថិតក្នុងថ្នាក់នៃសាលារៀនមួយកន្លែងនៅខេត្តបាត់ដំបង។ រូបពីក្រសួងព័ត៌មាន
ដោយ៖ ទេពញាណ
ក្រោយធ្វើការជាមួយគ្នាអស់ជាង៣ឆ្នាំ ទីបំផុត ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ បានឈានដល់ការដាក់បទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញកម្ពុជា ចូលទៅក្នុងប្រព័ន្ធអប់រំហើយ ដោយមេរៀនអំពីរដ្ឋធម្មនុញ្ញនេះ មានចាប់ពីថ្នាក់បឋម ដល់ថ្នាក់វិទ្យាល័យ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ បានរៀបចំពិធីប្រកាសចាប់ផ្តើមអនុវត្តអនុស្សរណៈស្តីពីការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា ហើយកម្មវិធីនេះ ក៏ប្រកាសចាប់ផ្តើមបើកវគ្គបណ្ដុះបណ្ដាលអំពីបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដល់ក្រុមគ្រូឧទ្ទេសទូទាំង២៥រាជធានី-ខេត្តផងដែរ។ 
 
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលចូលរួមធ្វើជាអធិបតីរួមគ្នាជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា ការយល់ដឹងពីរដ្ឋធម្មនុញ្ញ គឺជាការចាំបាច់ក្នុងការបង្កើនចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយថែមទាំងជួយពង្រីកស្មារតីជាតិនិយមទៀតផង។  
 
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ដូច្នេះថា៖«ការផ្សព្វផ្សាយ ការបញ្ជ្រាប និងការអនុវត្តរដ្ឋធម្មនុញ្ញ ជាការចាំបាច់ ជាពិសេសក្នុងស្រទាប់យុវវ័យ ហើយយន្តការនៃការផ្សព្វផ្សាយដែលមានលក្ខណៈទូលំទូលាយ និងមាននិរន្ដរភាព គឺយន្តការអប់រំតាមសាលារៀនដែលពង្រាយពេញផ្ទៃប្រទេស»។  
 
ប្រសាសន៍របស់លោក អ៊ឹម ឈុនលឹម ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ។ យោងតាមសេចក្តីប្រកាសព័ត៌មាននេះ ក្រុមការងារនៃក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំប្រគល់សៀវភៅជំនួយស្មារតីអំពីបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដល់លោកគ្រូអ្នកគ្រូ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ 

លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (ឆ្វេងដៃ) និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ចូលរួមធ្វើជាអធិបតីរួមគ្នាក្នុងពិធីធីប្រកាសចាប់ផ្តើមអនុវត្តអនុស្សរណៈស្តីពីការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ រូបពីក្រុមប្រឹក្សាធម្មនុញ្ញ

ក្នុងពិធីខាងលើ លោក ហង់ជួន ណារ៉ុន បានកោតសរសើរក្រុមការងារនៃក្រុមប្រឹក្សាធម្មនុញ្ញ និងក្រុមការងារនៃក្រសួងអប់រំ ដែលបានរៀបចំដាក់បញ្ជូលរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា ព្រមទាំងបានរៀបចំសៀវភៅជំនួយស្មារតីអំពីរដ្ឋធម្មនុញ្ញនេះ ជូនលោកគ្រូអ្នកគ្រូ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ បានស្រង់ប្រសាសន៍របស់លោករដ្ឋមន្រ្តីទៅផ្សាយថា បទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ត្រូវបានបញ្ជូលទៅក្នុងមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិជ្ជា។ 
 
លោករដ្ឋមន្រ្តី បញ្ជាក់បែបនេះថា៖«ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ បានរៀបចំការព្រមព្រៀងនេះឡើង ដើម្បីឆ្លើយតបនឹងគោលដៅបណ្តុះបណ្តាលឲ្យសិស្សានុសិស្ស ឲ្យក្លាយជាពលរដ្ឋល្អ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាអនាគតរបស់ប្រទេសជាតិ»។ 
 
សូមរម្លឹកថា ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ បានចាប់ផ្តើមចុះអនុស្សារណៈ និងធ្វើកិច្ចការជាមួយគ្នា ទាក់ទងនឹងការរៀបចំដាក់រដ្ឋធម្មនុញ្ញចូលទៅក្នុងប្រព័ន្ធអប់រំនេះ ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ៕ 
 
 

Tag:
 ដាក់រដ្ឋធម្មនុញ្ញចូលក្នុងប្រព័ន្ធអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com