ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមយុទ្ធរវាងទ័ពកម្ពុជា-ចិន ចាប់ផ្តើមហើយ
23, Mar 2023 , 1:59 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពចិន ចាប់ផ្តើមនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នៅតំបន់យោធាភ្នំជុំរីករាយ ខេត្តកំពង់ធំ។ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា រួមជាមួយលោកឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោកប្រចាំភូមិភាគខាងត្បូងរបស់ចិន ចូលរួមធ្វើជាអធិបតីក្នុងពិធីបើកសមយុទ្ធនេះ។



លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងសន្និសីទកាលពីពេលថ្មីៗនេះថា គោលបំណងសំខាន់នៃការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន គឺដើម្បីផ្លាស់ប្តូរបទពិសោធ ចែករំលែកចំណេះដឹង និងជំនាញជាមួយគ្នាទៅវិញទៅមក។ លោក អះអាងថា កងកម្លាំងកម្ពុជា ដែលនឹងចូលរួមធ្វើសមយុទ្ធ មាន៥៨៣នាក់ ឯកងកម្លាំងរបស់ចិន មាន​២៥៧នាក់។ 
 
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា សមយុទ្ធនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ 
 
សូមរម្លឹកថា កម្ពុជា-ចិន បានចាប់ផ្តើមធ្វើសមយុទ្ធជាមួយគ្នាតាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែ សមយុទ្ធនេះ ត្រូវបានផ្អាកអស់៣ដង គឺនៅឆ្នាំ២០១៧ ឆ្នាំ២០២១ និងឆ្នាំ២០២២។ នៅឆ្នាំ២០១៧ ដោយសារកម្ពុជា ជាប់រៀបចំការបោះឆ្នោតឃុំ-សង្កាត់ ទើបសមយុទ្ធនេះ ត្រូវបានផ្អាក ហើយការផ្អាក នៅឆ្នាំ២០២១ និងនៅឆ្នាំ២០២២ គឺដោយសារការរាលដាលជំងឺកូវីដ-១៩៕ 
 

Tag:
 សមយុទ្ធកម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com