កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ពានសម្ដេច ហ៊ុន សែន៖ ក្លិបទាំងអស់ អាចដាក់កីឡាករបទេស ចូលប្រកួត
27, Mar 2023 , 4:09 pm        
រូបភាព
ពានសម្ដេច ហ៊ុន សែន លើកទី១៦
ពានសម្ដេច ហ៊ុន សែន លើកទី១៦
គណៈកម្មការរៀបចំការប្រកួត បានសម្រេចឲ្យក្លិបនីមួយៗ អាចដាក់សមាសភាពកីឡាករបរទេស៦រូប ក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ នារដូវកាល នេះ។ ការសម្រេចនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ដ្រីពីក្លិបក្នុងលីគកំពូល និងលីគ២។



គណៈកម្មការរៀបចំការប្រកួត ពានសម្ដេច ហ៊ុន សែន បានសម្រេចឱ្យក្រុម ឬក្លិប ដែលចូលរួមប្រកួត ត្រូវចុះឈ្មោះកីឡាករ យ៉ាងតិចបំផុតចំនួន ១៨នាក់ និងយ៉ាងច្រើនបំផុត ៣៥នាក់ ដោយក្នុងនោះ អាចចុះឈ្មោះកីឡាករបរទេសបាន ៦នាក់ និងមន្ដ្រីចំនួន ១២នាក់។ សម្រាប់កីឡាករបរទេសនេះ គណៈកម្មាធិការអនុញ្ញាតឱ្យមានកីឡាករ៤រូប ក្នុងមួយប្រកួត។ កីឡាករ ដែលចុះឈ្មោះរួច ត្រូវពាក់អាវពីលេខ ១ដល់លេខ៩៩។ ក្នុងចំណោមកីឡាករ ដែលចុះឈ្មោះទាំងនោះ ក្រុម ឬក្លិប ត្រូវមានសមាសភាពអ្នកចាំទី យ៉ាងហោចណាស់ ៣រូប ហើយត្រូវមាន១រូបពាក់អាវលេខ១។
 
ចំពោះសមាសភាព អំឡុងពេលប្រកួតវិញ ក្រុម ឬក្លិប អាចជ្រើសរើសកីឡាករ បានចំនួន២១រូប ក្នុងបញ្ជីផ្ដើមប្រកួត រាប់ទាំងកីឡាករបម្រុង។ ក្រៅពីកីឡាករ ២១រូប ក្លិបទាំងនោះ ក៏អាចចុះឈ្មោះមន្ដ្រី ចំនួន៨នាក់ផងដែរ។
 
ចំពោះការប្ដូសមាសភាពកីឡាករអំឡុងពេលប្រកួតនោះ ក្រុម ឬក្លិប អាចប្ដូបានចំនួន ៥នាក់ នៃការប្ដូចំនួន ៣លើក ដោយមិនរាប់បញ្ជូលការប្ដូអំឡុងពេលសម្រាក បន្ទាប់ពីចប់តង់ទី១។ នេះបើតាមគណៈកម្មការរៀបចំការប្រកួត ពានសម្ដេច ហ៊ុន សែន។
 
ដោយឡែក ការប្រកួតពានសម្ដេច ហ៊ុន សែន ថ្នាក់ជាតិវិញ គណៈកម្មការ មិនទាន់បង្ហាញពីសមាសភាពក្រុម ឬក្លិប ដែលត្រូវប្រកួតនៅឡើយទេ។ ប៉ុន្ដែ ការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៧ វគ្គជម្រុះថ្នាក់ខេត្ត មាន២០ក្រុមចូលរួម ដោយចែកចេញជា ៤ពូល ក្នុង១ពូល មាន៥ក្រុម។ 
 
ពូល ក មាន៖ ម្ចាស់ជើងឯកថ្នាក់ខេត្ត លើកទី១៦ ក្រុមភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពត អេហ្វស៊ី, ខេត្តព្រះស៊ីហនុ និងមន្ទីរ អ.យ.ក. ខេត្តកំពង់ស្ពឺ។ 
ពូល ខ មាន៖ ខេត្តកណ្ដាល, មន្ទីរ អ.យ.ក. ខេត្តកំពង់ចាម, មន្ទីរ អ.យ.ក. កំពង់ឆ្នាំ, មន្ទីរ អ.យ.ក. ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។ 
ពូល គ មាន៖ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិសាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្ដរមានជ័យ និង ខេត្តបន្ទាយមានជ័យ។
ពូល ឃ មាន៖ ក្លិបបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ, ព្រះវិហារ អេហ្វស៊ី, មន្ទីរ អ.យ.ក. ខេត្តសៀមរាប, អធិរាជដំរីឦសាន្ដ ខេត្តរតនគិរី និង សមាគមកីឡា ខេត្តមណ្ឌលគិរី៕
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com