កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះ៖ ក្រោយចាញ់ម៉ាឡេស៊ី កម្ពុជា នឹងត្រូវតទល់សិង្ហបុរី ក្នុងពានរង្វាន់ Tri-Nation
30, Mar 2023 , 11:29 am        
រូបភាព
ការប្រកួតរវាងក្រុមកម្ពុជា(អាវទឹកប៊ិច) និងក្រុមម៉ាឡេស៊ី(អាវក្រហម)។ រូបពី VFC
ការប្រកួតរវាងក្រុមកម្ពុជា(អាវទឹកប៊ិច) និងក្រុមម៉ាឡេស៊ី(អាវក្រហម)។ រូបពី VFC
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហាញអារម្មណ៍សោកស្តាយ ក្រោយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ សិត ក្នុងការប្រកួតពានរង្វាន់ Tri-Nation នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាលសាល MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជំនួបបន្ទាប់ កម្ពុជាត្រូវប៉ះសិង្ហបុរី នៅយប់ម៉ោង៧ ថ្ងៃទី៣០ ខែមីនានេះ។

 
ប្រធានប្រតិភូកនាំក្រុមកីឡាករបាល់ទះក្នុងសាលកម្ពុជា បង្ហាញអារម្មណ៍សោកស្តាយចំពោះបរាជ័យនាការប្រកួតបើកឆាកទល់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី។ លោក អាំង សិរីពិសិដ្ឋ អគ្គេលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖«សុំទោសបងប្អូនជនរួមជាតិ ថ្ងៃនេះពួកយើងពិតជាធ្វើមិនបានល្អសោះ»។ យ៉ាងណាលោក សិរីពិសិដ្ឋ បន្ថែមថាក្រុមនឹងប្រឹងប្រែងធ្វើឱ្យបានល្អវិញនៅក្នុងការប្រកួតទល់នឹងក្រុមសិង្ហបុរី។


លោក អាំង សិរីពិសិដ្ឋ (ស្តាំ) អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ពេលគាំទ្រកម្ពុជា ប្រកួតជាមួយម៉ាឡេស៊ី។ រូបពី VFC
 
លោក អាំង សិរីពិសិដ្ឋ សង្ឃឹមថានៅជំនួបបន្ទាប់ នាថ្ងៃទី៣០ ខែមីនា ក្រុមកម្ពុជានឹងធ្វើបានល្អប្រសើរវិញទល់សិង្ហបុរី។ ទោះបីជាបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះម៉ាឡេស៊ី ៣-០សិត នូវជំនួបដំបូងរបស់ខ្លួនក៏ពិតមែនតែក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅមានភារកិច្ចបន្តត្រូវតទល់ក្រុមខ្លាំងសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី(B)។ កម្ពុជា​ ត្រូវការឈ្នះទាំងពីរប្រកួតចុងក្រោយ ដើម្បីឈានដល់វគ្គដណ្តើមពាន Tri-Nation នេះ។
 
ក្រុមម៉ាឡេស៊ី(B) ចាញ់ក្រុមសិង្ហបុរីក្នុងលទ្ធផល ៣-០ សិត សម្រាប់ជំនួបដំបូងរបស់ពួកគេ។ ក្រុមម៉ាឡេស៊ី(B) ត្រូវបន្តជួបក្រុមម៉ាឡេស៊ីឈុតស៊ីហ្គេមដែលឈ្នះកម្ពុជា នៅជំនួបទី២។
 
នៅក្នុងសិតទី១ កម្ពុជា ចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុប្រផិតប្រផើយប្រដេញគ្នា ២៨-២៦ បន្តក្នុងសិតទី២ កម្ពុជា ចាញ់ដោយលទ្ធផល ២៥-២១ និងបន្តចាញ់នៅសិតទី៣ ដោយលទ្ធផលដាច់ឆ្ងាយ ២៥-១២។ យ៉ាងណាកម្ពុជា នៅបន្តបេសកម្មរបស់ខ្លួនមួយប្រកួតទៀតមុនត្រៀមខ្លួនជួបក្រុមបាល់ទះយក្សចិន និងការប្រកួតកីឡាស៊ីហ្គេម២០២៣។
 
គួបញ្ជាក់ថា ការប្រកួតបាល់ទះក្នុងសាលពានរង្វាន់ Tri-Nation រវាងកម្ពុជា និងសិង្ហបុរី នឹងចាប់ផ្តើមពីម៉ោង៧ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាលសាល MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 
 

Tag:
 កីឡាបាល់ទះ
 Tri-Nation
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com