កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកល៖ លោក ខេស៊ី ផ្តាំអត្តពលិកប្រឹងហាត់នៅកាហ្សាក់ស្ថាន ដើម្បីមេដាយស៊ីហ្គេម
30, Mar 2023 , 3:19 pm        
រូបភាព
ពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា មុនចេញទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន។
ពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា មុនចេញទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន។
ដោយ:
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លើកទឹកចិត្តដល់អត្តពលិកកីឡាប្រដាល់សកលកម្ពុជា​ ត្រូវយកចិត្តទុកដាក់ ស្តាប់គ្រូបង្វឹក និងប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 
នាពិធីសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការកីឡាអូឡាំពិក(NOCC) លោក ខេស៊ី បាណេត​ អនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លើកឡើងថា ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាកាន់តែកៀកខិតជិតមកដល់ហើយ ដូច្នេះសង្ឃឹមអត្តពលិកយកចិត្តទុកដាក់ និងប្រឹងប្រែងទាំងអស់គ្នា អំឡុងពេលហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន។


លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
 
លោក ខេស៊ី បាណេត និយាយថា៖«សូមជូនពរក្នុងការហ្វឹកហាត់នៅកាហ្សាក់ស្ថានជាពិសេសនេះជាឱកាសល្អក្នុងការបង្កើនជំនាញ សមត្ថភាព។ សូមអ្នកទាំងអស់គ្នាខិតខំស្តាប់គ្រូដែលមានជំនាញ និងប្រឹងប្រែងវិភាគលើចំណុចខ្សោយរបស់ខ្លួន ថាគួរកែកន្លែងណា»។ លោក ខេស៊ី បន្ថែមថាការចេញទៅហ្វឹកហាត់នៅកាហ្សាក់ស្ថានកីឡាករ-កីឡាការិនី នឹងទទួលបានយុទ្ធសាស្ត្រល្អៗច្រើនពីគ្រូមានបច្ចេកទេស។
 
គួបញ្ជាក់ថា​ អត្តពលិក គ្រូបង្វឹកកីឡាប្រដាល់សកលកម្ពុជាចេញទៅហ្វឹកហាត់រយៈពេលមួយខែនៅប្រទេសកាហ្សាក់ស្ថាន ក្នុងនោះកីឡាករ១១នាក់ កីឡាការិនី៥នាក់ និងគ្រូបង្វឹក៣នាក់ ហើយនឹងត្រូវចេញដំណើរនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕
 

Tag:
 កីឡាប្រដាល់សកល
 ខេស៊ី បាណេត
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com