ជាតិ
សត្វត្មាត កើនឡើង១៣ក្បាល ក្នុងឆ្នាំ២០២២
01, Apr 2023 , 8:59 pm        
រូបភាព
ឆ្នាំ២០២២សត្វត្មាតកើនឡើង១៣ក្បាល បើធៀបឆ្នាំ២០២១។  រូបភាព៖ ក្រសួងបរិស្ថាន
ឆ្នាំ២០២២សត្វត្មាតកើនឡើង១៣ក្បាល បើធៀបឆ្នាំ២០២១។ រូបភាព៖ ក្រសួងបរិស្ថាន
ដោយ:
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ កម្ពុជាមានសត្វត្មាត សរុបចំនួន ១៣៤ ក្បាល កើនឡើង ១៣ក្បាល បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២៣។


ការធ្វើជំរឿនសត្វត្មាតឆ្នាំ២០២២ បង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាត ៣ ប្រភេទ សរុបចំនួន ១៣៤ ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ ក្បាល ត្មាតត្នោត ៤៤ ក្បាល និងត្មាតភ្លើងចំនួន ១៩ក្បាល។ ចំនួននេះ មានការកើនឡើងចំនួន ១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១២១ ក្បាល។
 
លោក  នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា  ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា។ តែលទ្ធផលល្អនេះក្ដី ក៏ត្រូវចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារនិងអភិរក្សសត្វកម្រនេះបន្ថែមទៀត។
 
លោក  នេត្រ ភក្ត្រា បានថ្លែងដូច្នេះ៖«សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក  លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរដំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត»។
 
គួរជម្រាបថា ក្នុងឆ្នាំ២០២១ សត្វត្មាត មានចំនួន ១២១ក្បាល ក្នុងនោះ មានត្មាតភ្លើង២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល៕ 
 
 

Tag:
 សត្វត្មាត
  កើន
© រក្សាសិទ្ធិដោយ thmeythmey.com