ជាតិ
បោះឆ្នោត
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់កងកម្លាំងឲ្យរក្សាសន្តិសុខឲ្យបានក្នុងថ្ងៃបោះឆ្នោត
06, Apr 2023 , 3:09 pm        
រូបភាព
ថ្នាក់ដឹដកនាំកងកម្លាំងប្រដាប់អាវុធ ចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ (រូបពីក្រសួងមហាផ្ទៃ)។
ថ្នាក់ដឹដកនាំកងកម្លាំងប្រដាប់អាវុធ ចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ (រូបពីក្រសួងមហាផ្ទៃ)។
ដើម្បីឲ្យការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន មានភាពស្ងប់ស្ងាត់ មានតម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក៏ជាប្រធានគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោតផងនោះ បានប្រាប់ទៅកងកម្លាំងសមត្ថកិច្ចឲ្យធានាសន្តិសុខឲ្យបានដាច់ខាតក្នុងដំណើរការបោះឆ្នោតនេះ។

 
ធ្វើជាអធិបតីរួមគ្នាជាមួយលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ស ខេង ថែមទាំងណែនាំកងកម្លាំងសមត្ថកិច្ច ជាជាពិសេសភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ឲ្យរក្សាអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌ និងច្បាប់ស្តីពីការបោះឆ្នោត។ 
 
សម្តេច ស ខេង ថ្លែងក្នុងពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ (រូបពីក្រសួងមហាផ្ទៃ)។
 
សម្តេច ណែនាំទៀតថា កងកម្លាំងសមត្ថកិច្ច ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនតំណាងរាស្រ្ត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការរើសអើង។ ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ថា ក្នុងដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺជាដំណាក់កាលដ៏សំខាន់ ដែលកងកម្លាំងសមត្ថកិច្ចត្រូវសហការឲ្យបានល្អជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមទាំងប្រធានការិយាល័យបោះឆ្នោតផងដែរ។ 
 
សម្តេច ស ខេង​ អះអាងថា កងកម្លាំងសមកិច្ច១០ម៉ឺននាក់ និងប្រជាការពារជាង២ម៉ឺននាក់ទៀត នឹងត្រូវដាក់ពង្រាយក្នុងថ្ងៃបោះឆ្នោតជាតិលើកទី៧នេះ៕ 
 

Tag:
 បោះឆ្នោត
  សម្តេចសខេង
© រក្សាសិទ្ធិដោយ thmeythmey.com