ជាតិ
សេដ្ឋកិច្ច
គម្រោងវិនិយោគលើថាមពលអគ្គិសនីជាង ៥០០មេហ្គាវ៉ាត់ ត្រូវបានរដ្ឋាភិបាលអនុម័ត​
07, Apr 2023 , 11:29 am        
រូបភាព
រដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុង លើការ​វិនិយោគថាមពលអគ្គិសនី​នៅកម្ពុជា ដែលមានអនុភាពសរុប ៥២០មេហ្កាវ៉ាត់។ សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៧មេសា។

 
បើតាមលោក​ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងវិនិយោគអគ្គិសនី ដែលទទួលបានអនុម័តពីរដ្ឋាភិបាលនោះ មាន ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តមណ្ឌលគិរី និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។
 
លោក ផៃ ស៊ីផាន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៧មេសា ឆ្នាំ២០២៣នេះ ថា គម្រោងវិនិយោគវារីអគ្គិសនីខាងលើ គឺផ្គួបគ្នា និងស្តីពី៖ «គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ា នៅខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ខេត្តកំពង់ឆ្នាំង, អានុភាព៦០មេហ្គាវ៉ាត់ខេត្តស្វាយរៀង និងអានុភាព៨០មេហ្គាវ៉ាត់ខេត្តព្រៃវែង»។
 
អនុភាពថាមពលអគ្គិសនី ដែលរដ្ឋាភិបាលបានអនុម័តឱ្យមានការវិនិយោគនេះ គឺមានដល់៥២០មេហ្កាវ៉ាត់ ដែលជាប្រភពថាមពលស្អាតសម្រាប់អ្នកប្រើប្រាស់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
 
ការវិនិយោគលើគម្រោងទាំងនេះ​ កម្ពុជានឹងទទួលបានប្រភពអគ្គិសនីបន្ថែម ដើម្បីដោះស្រាយបង្គ្រប់នូវកង្វះខាត តាមពេលវេលា ដែលបានសិក្សានៅក្នុងផែនការមេឆ្នាំ២០២២-២០៤០ ដែលតម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នឹងកើនដល់២៤ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៥។​ វាអាចកើនដល់៣៦ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣០​ និងដល់៥០ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣៥ ហើយឈានដល់៦៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០៤០។
 
ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល ដែលមានអាងស្តុកទឹកធំ នឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សា ទុកនៅក្នុងអាងទឹកនេះ ។ ជាពិសេសជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោលនិងការពិន័យ ដោយមិនបានផលិតអគ្គិសនីនៅ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅរដូវវស្សា និងស្តុកទឹកនេះ ទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែម នៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំបន្ថែមទៀត ។
 
ពីគម្រោងវិនិយោគលើថាមពលរដ្ឋអគ្គិសនីទាំង៥នេះ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុប ៣២២ ៨៨០ ៣៨២ដុល្លារអាម៉េរិក។ ចំណូលនេះ គឺមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕ 
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com