ជាតិ
បោះឆ្នោត
សង្គមជាតិ
ស៊ីហ្គេម២០២៣
មេប៉ូលិស ចេញបញ្ជាឲ្យកងកម្លាំងប្រឹងការពារសន្តិសុខ ពេលចូលឆ្នាំ ស៊ីហ្គេម និងបោះឆ្នោត លោកអគ្គស្នងការ នេត សាវឿន ស្ថិតក្នុងកិច្ចប្រជុំជាមួយស្នងការរាជធានី-ខេត្ត កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
× មានព្រឹត្តិការណ៍ធំៗ៣ ដែលនឹងមកដល់បន្តបន្ទាប់គ្នា ក្នុងឆ្នាំ២០២៣នេះ គឺ ចូលឆ្នាំខ្មែរ ការរៀបចំស៊ីហ្គេម និងដំណើរការបោះឆ្នោតថ្នាក់ជាតិ។ ថ្នាក់ដឹកនាំកំពូលរបស់នគរបាល បានចេញបញ្ជាទៅកងកម្លាំងនគរបាលទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំង៣នេះ។
បញ្ជារបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយស្នងការរាជធានី-ខេត្ត កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ ប្រសាសន៍របស់មេដឹកនាំនគរបាលរូបនេះ ត្រូវបានស្រង់យកទៅផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ពិធីចូលឆ្នាំថ្មីប្រណៃខ្មែរ នឹងមកដល់ នៅថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា។ រហូដល់ថ្ងៃទី៥ ខែឧសភា គឺជាការបើកព្រឹត្តិការណ៍ស៊ីហ្គេម ហើយនឹងត្រូវបិទបញ្ចប់វិញ នៅថ្ងៃទី១៧ ខែឧសភា។ រីឯការបោះឆ្នោតជាតិលើកទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យប្រើប្រាស់កងកម្លាំង និងប្រជាការពារឲ្យអស់លទ្ធភាព ដើម្បីរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍សំខាន់ៗខាងមុខ។ ជាមួយគ្នានេះ លោក ថែមទាំងណែនាំឲ្យរៀបចំបណ្ដុះបណ្ដាលអំពីក្រមសីលធម៌ និងតួនាទី ដល់ប្រជាការពារទាំងអស់។
បន្ថែមពីនេះ លោកអគ្គស្នងការ បានផ្តល់ការណែនាំមួយចំនួនឲ្យស្នងការនគរបាលរាជធានី-ខេត្តយកទៅអនុវត្ត រួមមាន ពង្រឹងការងារប្រចាំការក្នុងការបញ្ជា, តាមដានព័ត៌មានតាមបណ្ដាញសង្គម, ឆ្លើយតបឲ្យបានទាន់ពេលវេលា, កែប្រែឥរិយាបថ, និងប្រើពាក្យសម្ដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ៕
Tag:
នេត សាវឿន
ចូលឆ្នាំខ្មែរ
ស៊ីហ្គេម
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com