ជាតិ
ខេត្ត​​កណ្ដាល នឹងធ្វើសង្រ្កាន្តនៅ​ភ្នំព្រះរាជទ្រព្យ​ ឯខេត្តកំពង់ធំ​ ធ្វើនៅ​សួនស្ទឹងសែន ដោយមានល្បែងប្រជាប្រិយ របាំ និងសិល្បៈបុរាណ
08, Apr 2023 , 9:19 am        
រូបភាព
ទិដ្ឋភាពការតុបតែងលម្អ និងការកម្សាន្តក្នុងកម្មវិធីសង្រ្កាន្ត។
ទិដ្ឋភាពការតុបតែងលម្អ និងការកម្សាន្តក្នុងកម្មវិធីសង្រ្កាន្ត។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖  រដ្ឋបាលខេត្តកណ្តាល និងខេត្តកំពង់ធំ នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ តាមខេត្តរៀងៗខ្លួន ដើម្បីសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាទាក់ទាញទេសចរឱ្យមកក្សាន្តក្នុងខេត្តទាំងពីរកាន់តែច្រើនកុះករ។  សម្រាប់ទីតាំងនៃការរៀបចំសង្រ្កាន្តខេត្តកណ្តាល ប្រារព្ធឡើងនៅភ្នំព្រះរាជទ្រព្យ ក្នុង​សុ្រកពញាឮ។ ចំណែកឯ ខេត្តកំពង់ធំ នឹងរៀបចំឡើងនៅសួនស្ទឹងសែន។
 
បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកណ្តាល ក្នុង​កម្ម​វិធីសង្រ្កាន្ត ក៏មានកម្មវិធីលែ្បងប្រជាបិ្រយ ការដាក់តាំងបង្ហាញសមិទ្ធផលរបស់ខេត្ត, ការតាំងពិព័រណ៍, ប្រគំ​តន្រ្តីសម័យខ្នាតធំ, តន្រី្តស្គរដី, រត់ប្រណាំង, ការប្រណាំងកង់ប្រពៃណី,ការទាញព្រ័ត្រ, បង្ហោះគោម និងបាញ់កាំជ្រួច។ ព្រឹត្តិការណ៍សង្រ្កាន្តនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅភ្នំព្រះរាជទ្រព្យ  ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កភាពរីករាយជូនពលរដ្ឋក្នុងខេត្ត។
 
ដោយ​ឡែក រដ្ឋបាលខេត្តកំពង់ធំវិញ ក៏រៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៃឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅសួនស្ទឹងសែនផងដែរ។ កម្មវិធីធ្វើឡើង​ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋដោយស្មារតីសាមគ្គីភាពជិតស្និទ្ធទៅតាមទំនៀមទម្លាប់ជាតិ។
 
ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ សិល្បៈបុរាណរបស់មន្ទីរវប្បធម៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងភ្ញៀវទេសចរ កាន់តែអធិកអធម។ រដ្ឋបាលខេត្ត និងអាជ្ញាធរ ឱ្យអង្គភាពជុំវិញខេត្តទាំងអស់ជួយសម្របសម្រួលនៅថ្ងៃកម្មវិធី អនុវត្តវិធានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ។
 
សូមបញ្ជាក់ដែរថា ក្រៅពី​ខេត្ត​កណ្ដាល និងខេត្ត​កំពង់ធំ រាជធានី-ខេត្ត​មួយចំនួន ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍សង្រ្កាន្ត​ផងដែរ៕
 
 
 

Tag:
 សង្រ្កាន្ត
 ខេត្តកណ្តាល
  និងកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com