កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះឆ្នេរខ្សាច់៖ សមត្ថភាពកីឡាករកើនឡើង ជាលទ្ធផលជោគជ័យនៅស៊ីហ្គេម២០២៣
10, Apr 2023 , 9:59 pm        
រូបភាព
ការប្រកួតបាល់ទះឆ្នេរខ្សាច់មិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា(ស) និងចិន(ខៀវ)។
ការប្រកួតបាល់ទះឆ្នេរខ្សាច់មិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា(ស) និងចិន(ខៀវ)។
ដោយ:
«បើធៀបនឹងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ខ្ញុំអាចនិយាយបានថាគុណនឹងពីរ ទាំងកម្លាំង ភាពអំណត់ និងការពារបាល់»។ នេះជាការអះអាងរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយមើលឃើញសមត្ថភាពកីឡាករក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាកើនឡើងទ្វេរដង ក្រោយការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទះកម្ពុជា និងក្រុមបាល់ទះខេត្តសានតុង​ (ចិន) នៅថ្ងៃទី៥ ខែមេសា កន្លងទៅ។

 
លោកអគ្គលេខាធិការ បញ្ជាក់បន្ថែមទៀតថាការទទួលបានលទ្ធផលល្អនេះជាជំហានថ្មីមួយឆ្ពោះទៅរកភាពជោកជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ «កម្ពុជា យើងកាន់តែមានក្តីរំពឹង ហើយសង្ឃឹមថាវិញ្ញាសាបាល់ទះឆ្នេរខ្សាច់យើងអាចនឹងទទួលបានមេដាយជាក់ជាមិនខាន»។ លោក អាំង សិរីពិសិដ្ឋ រំពឹងថាអត្តពលិកនឹងប្រឹងប្រែងហើយរក្សាគុណផលល្អរហូតទៅ។ 


លោក អាំង សិរីពិសិដ្ឋ (កណ្តាល) អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងពេលផ្តល់បទសម្ភាស។
 
យ៉ាងណាលោកអគ្គលេខាធិការជឿជាក់ថាប្រជាពលរដ្ឋកម្ពុជា នឹងមានការគាំទ្រឱ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយលោកចាត់ទុកថាអ្នកគាំទ្រគឺជាកីឡាករទី៣ ដែលនៅក្រៅទីលានប្រកួត។ ការលើកទឹកចិត្តគឺមានសារៈសំខាន់ ក្នុងការជំរុញទឹកចិត្តឱ្យកីឡាករមានកម្លាំងចិត្តប្រកួតយកជ័យជម្នះជូនជាតិ។
 
លោក អាំង សិរីពិសិដ្ឋ ក៏បាននិយាយលើកទឹកចិត្តបន្ថែមទៅកាន់អត្តពលិកក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាថា ត្រូវពង្រឹង និងកែលម្អនូវចំណុចខ្សោយរបស់ខ្លួន ទាំងការវាយសេវា ការលោតធ្វើរនាំង ហើយកុំខ្លាចរអាចំពោះកាយសម្បទារបស់គេ។ 
 
មន្រ្តីសហព័ន្ធកីឡាបាល់ទះរូបនេះ សង្កត់ធ្ងន់ថា៖«អ្នកប្រយុទ្ធដែលខ្លាំងគឺមិនដែលខ្លាច ចំពោះកាយសម្បទាគូប្រកួតឡើយ»។ លោក សិរីពិសិដ្ឋ ក៏បានរំលឹកអត្តពលិកកុំធ្វេសប្រហែស និងត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានខ្លាំងក្លាព្រោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា សល់ពេលត្រឹមជាងម្ភៃថ្ងៃទៀតប៉ុណ្ណោះ៕
 

Tag:
 កីឡាបាល់ទះឆ្នេរខ្សាច់
 អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com