អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា បង្កើនថវិកាយោធាដល់២,៧ពាន់លានដុល្លារ
11, Apr 2023 , 8:29 pm        
រូបភាព
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅក្នុងទិវាកម្លាំងប្រដាប់អាវុធនៅខែមីនាកន្លងទៅ។ រូបភាព AFP
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅក្នុងទិវាកម្លាំងប្រដាប់អាវុធនៅខែមីនាកន្លងទៅ។ រូបភាព AFP
ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានឯកភាពដំឡើងថវិកាសម្រាប់យោធាដល់ប្រមាណ ២,៧ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣-២០២៤។ ការដំឡើងថវិកានេះ ធ្វើឡើងក្រោយពេលយោធា បានប្តេជ្ញាប្រឆាំងនឹងកម្លាំងបះបោរនៅក្នុងប្រទេស។

 
យោធាមីយ៉ាន់ម៉ា បានឯកភាពលើការចំណាយរបស់ជាតិសម្រាប់ឆ្នាំ២០២៣-២០២៤ ក្នុងទំហំប្រមាណ ៩,៥ពាន់លានដុល្លារ (២០ទ្រីលានKyats)។ ក្នុងការចំណាយប្រចាំឆ្នាំនេះ មីយ៉ាន់ម៉ា គ្រោងពង្រឹងយោធា ជាមួយទំហំថវិការដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈការចំណាយលើវិស័យអប់រំ មានមិនដល់ពាក់កណ្តាលនៃការចំណាយលើយោធាឡើយ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី១០ ខែមេសា មីយ៉ាន់ម៉ា នឹងចំណាយ ២,៧ពាន់លានដុល្លារលើយោធា ពោលគឺកើនឡើងប្រមាណ ១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ នៅក្នុងឆ្នាំ២០២២ ថវិកាការពារជាតិមីយ៉ាន់ម៉ា មានទំហំ១,៧ពាន់លានដុល្លារប៉ុណ្ណោះ មុនពេលយោធាបានបន្ថែមជាង២០០លានដុល្លារ នៅក្នុងខែធ្នូ។ 
 
យ៉ាងណាមិញ ការចំណាយលើវិស័យអប់រំ មានមិនដល់ពាក់កណ្តាលនៃទំហំចំណាយលើយោធាឡើយ។ ក្នុងការចំណាយរបស់ជាតិនៅឆ្នាំ២០២៣-២០២៤ វិស័យអប់រំមានចំនួន៩៥១លានដុល្លារប៉ុណ្ណោះ ខណៈវិស័យសុខាភិបាលមាន ៣៨០លានដុល្លារ។ 
 
ការដំឡើងថវិកាសម្រាប់យោធាដ៏ច្រើនសន្ធឹកបែបនេះ ធ្វើឡើងក្រោយលោក មីន អ៊ុងឡាំង មេដឹកនាំយោធា នៅក្នុងខែមីនាកន្លងទៅ ប្តេជ្ញាស្តារស្ថិរភាពនៅក្នុងប្រទេសឡើងវិញ រួមទាំងប្រឆាំងនឹងក្រុមបះបោរនៅក្នុងប្រទេស មុននឹងរៀបចំការបោះឆ្នោត។ បើទោះផលិតអាវុធមួយចំនួនក៏ដោយ ប៉ុន្តែមីយ៉ាន់ម៉ា នៅតែបន្តនាំចូលអាវុធទំនើបៗពីចិន និងរុស្ស៊ី។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ មីយ៉ាន់ម៉ា នៅតែបន្តប៉ះទង្គិចជាមួយកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បើទោះមានការអំពាវនាវពីសំណាក់សមាជិកអាស៊ាន ឱ្យចូលតុចរចា ដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសក៏ដោយ៕  
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com