អន្តរជាតិ
ហ្វីលីពីន និងអាម៉េរិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន
11, Apr 2023 , 4:19 pm        
រូបភាព
ឧត្តមសេនីយ៍ទោ Marvin Licudin (ខាងឆ្វេង) ប្រមុខសមយុទ្ធយោធាហ្វីលីពីន ជាមួយតំណាងប្រធានសមយុទ្ធអាម៉េរិក ឧត្តមសេនីយ៍ទោ Eric Austin នៅក្នុងពិធីបើក សមយុទ្ធ Balikatan នៅថ្ងៃទី១១ ខែមេសា។ រូបភាព AFP
ឧត្តមសេនីយ៍ទោ Marvin Licudin (ខាងឆ្វេង) ប្រមុខសមយុទ្ធយោធាហ្វីលីពីន ជាមួយតំណាងប្រធានសមយុទ្ធអាម៉េរិក ឧត្តមសេនីយ៍ទោ Eric Austin នៅក្នុងពិធីបើក សមយុទ្ធ Balikatan នៅថ្ងៃទី១១ ខែមេសា។ រូបភាព AFP
ហ្វីលីពីន និងអាម៉េរិក នៅថ្ងៃទី១១ ខែមេសា បានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុត នៅក្នុងដែនទឹកក្នុងសមុទ្រចិនខាងត្បូង។ សមយុទ្ធនេះ ធ្វើឡើងក្រោយចិនទើបបញ្ចប់សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់។



ហ្វីពីលីន និងអាម៉េរិក ត្រូវដឹកនាំសមយុទ្ធយោធាដ៏ធំបំផុត ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែមេសាខាងមុខ។ សមយុទ្ធ ដែលមានកម្លាំងយោធាចូលរួមប្រមាណ  ១៧៦០០នាក់នេះ នឹងបង្ហាញពីកម្លាំងយោធារបស់អាម៉េរិក នៅក្នុងតំបន់ ស្របពេលចិន កំពុងអុងអាត់ក្នុងតំបន់។ 
 
សមយុទ្ធនេះ ត្រូវបានដាក់ឈ្មោះថា «Balikatan» ដោយមានន័យថា ស្មាទល់នឹងស្មា ក្នុងភាសាហ្វីលីពីន។  Balikatan នឹងមានទាំងសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរតែ ៩០ភាគរយ។ នេះជាលើកដំបូងដែលសមយុទ្ធរួមគ្នានេះមានលំហាត់បាញ់គ្រាប់ពិតដែរ។
 
បន្ថែមពីនេះ វាក៏មានសមយុទ្ធចុះចតឧទ្ធម្ភាគចក្រនៅកោះហ្វីលីពីនមួយ ក្បែរកោះLuzon ដែលមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រពីតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
«ដើម្បីឱ្យយើងការពារអធិបតេយ្យដែនដី យើងត្រូវតែធ្វើសមយុទ្ធ ដែលត្រូវដណ្តើមយកកោះ មកវិញពីប្រទេសណាមួយអាចយកពីយើង»។ វរសេនីយ៍ឯក Michael Logico អ្នកនាំពាក្យនៃសមយុទ្ធយោធាហ្វីលីពីន បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១១ ខែមេសា បន្ទាប់ពីពិធីបើកសមយុទ្ធយោធា នៅបន្ទាយយោធាមួយ ក្នុងក្រុងម៉ានីល។
 
សមយុទ្ធយោធាខាងលើ ជាលើកដំបូងនៅក្នុងរដ្ឋបាលរបស់លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន ដែលស្វះស្វែងរកការពង្រឹងទំនាក់ទំនងជាមួយអាម៉េរិក ស្របពេលខ្លួនកំពុងមានជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងជាមួយចិន។ កន្លងមក ហ្វីលីពីន បានអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានយោធាខ្លួនដែលនៅជាប់សមុទ្រចិនខាងត្បូង ចំនួន៤។ 
 
កម្លាំងយោធាអាម៉េរិកចំនួន ១២២០០នាក់ ខណៈហ្វីលីពីនចំនួន ៥៤០០នាក់ នឹងចូលរួមសមយុទ្ធ«Balikatan»។ បន្ថែមពីនេះ យោធាអូស្រ្តាលីច្រើនជាង ១០០នាក់ ក៏បង្ហាញវត្តមាន ក្នុងសមយុទ្ធយោធាប្រមាណ ២សប្តាហ៍នេះដែរ។ អាម៉េរិក នឹងបង្ហាញពីអាវុធទំនើបៗរបស់ខ្លួន ក្នុងនោះមានដូចជាប្រព័ន្ធការពារអាកាស  Patriot និង ប្រព័ន្ធរ៉ុក្កែត HIMARS។ 
 
ការធ្វើសមយុទ្ធយោធារួមរវាងហ្វីលីពីន និងអាម៉េរិក ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយចិន បានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ដើម្បីបង្ហាញសាច់ដុំដាក់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់៕ 
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com