អន្តរជាតិ
សេអ៊ូលថា ឯកសារសម្ងាត់ស្ដីពីការស៊ីបការណ៍របស់អាមេរិកលើមន្ត្រីកូរ៉េខាងត្បូង ជារឿងមិនពិត រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន និងសមភាគីកូរ៉េខាងត្បូង លី ជុងស៊ុប។ រូបថត AFP
× អាម៉េរិក និងកូរ៉េខាងត្បូងឯកភាពគ្នាថា ព័ត៌មានក្នុងឯកសារបែកធ្លាយដែលបង្ហាញពីការលួចស្ដាប់របស់អាម៉េរិកលើកូរ៉េខាងជើង ជារឿងមិនពិតឡើយ ហើយមានការកែប្រែផង។ មន្រ្តីសន្តិសុខកូរ៉េខាងត្បូងបញ្ជាក់បែបនេះក្រោយកិច្ចសន្ទនារវាងប្រមុខការពារជាតិប្រទេសទាំង២នៅថ្ងៃទី១១ ខែមេសា។
ក្នុងចំណោមព័ត៌មានជាច្រើននៃឯកសារដែលបែកធ្លាយ ឯកសារមួយចំនួនផ្តល់ព័ត៌មានលម្អិតនៃការ ពិភាក្សាផ្ទៃក្នុងរបស់មន្ត្រីកូរ៉េខាងត្បូងអំពីសម្ពាធរបស់អាមេរិកលើទីក្រុងសេអ៊ូលដើម្បីជួយផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ ក្រោយការបែកធ្លាយ ទីក្រុងសេអ៊ូល ក៏ទាក់ទងទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីបានព័ត៌មានជាក់លាក់។
រដ្ឋមន្រ្តីការពារជាតិប្រទេសទាំង២ ក៏បានជជែកគ្នាតាមទូរស័ព្ទលើបញ្ហានេះដែរ។ ជុំវិញរឿងនេះ ទីប្រឹក្សារងសន្តិសុខជាតិកូរ៉េខាងត្បូង Kim Tae-hyo ប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ជំហររបស់រដ្ឋមន្រ្តីទាំង២ ត្រូវគ្នា ហើយប្រទេសទាំង២ មានជំហរដូចគ្នា គឺព័ត៌មានជាច្រើនត្រូវបានប្រឌិត។
លោក Kim ទៅអាម៉េរិកដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី យូន សុកយ៉លទៅកាន់អាមេរិកនៅថ្ងៃទី ២៦ ខែមេសា។ បើតាមមន្រ្តីដដែល របាយការណ៍ស្តីពីកូរ៉េខាងត្បូងគឺមិនពិត។ យ៉ាងណាមិញ លោកមិនបានបរិយាយបន្ថែមផ្នែកណាមួយនៃឯកសារនោះមិនពិតនោះទេ ។
ក្នុងឯកសារដែលលេចធ្លាយនេះ កូរ៉េខាងត្បូងបាន យល់ព្រមលក់កាំភ្លើងធំដើម្បីជួយអាមេរិកបំពេញឃ្លាំងអាវុធរបស់ខ្លួនជាមួយលក្ខខណ្ឌថា អ្នកប្រើប្រាស់ចុងក្រោយគួរតែជាយោធាអាមេរិក។ ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូងព្រួយបារម្ភថា អាមេរិកនឹងបង្វែរអាវុធទាំងនោះទៅអ៊ុយក្រែន។
សូមបញ្ជាក់ថា ច្បាប់កូរ៉េខាងត្បូងហាមឃាត់ការផ្គត់ផ្គង់អាវុធដល់ប្រទេសដែលមានជម្លោះ ដែលការណ៍នេះមានន័យថា កូរ៉េខាងត្បូងមិនអាចបញ្ជូនអាវុធទៅអ៊ុយក្រែនបាននោះឡើយ។
ជុំវិញរឿងនេះដែរ លោក Kim និយាយថា ឯកសារចុងក្រោយនេះនឹងមិនប៉ះពាល់សម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយអាមេរិកនោះទេ។ លោកអះអាងថា អាមេរិក ជាប្រទេសដែលមានសមត្ថភាពស៊ើបការណ៍សម្ងាត់ល្អបំផុតរបស់ពិភពលោកហើយនៅក្រោមរដ្ឋបាលលោក យូន ប្រទេសទាំងពីរបានចែករំលែកការស៊ើបការណ៍សម្ងាត់ផ្ទៃក្នុងស្ទើរតែគ្រប់វិស័យទាំងអស់៕
Tag:
កូរ៉េខាងត្បូង
អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com