អន្តរជាតិ
ប៉ាគីស្ថាន ថ្កោលទោសឥណ្ឌាដែលរៀបចំកិច្ចប្រជុំពាក់ព័ន្ធ G20 នៅតំបន់កាស្មៀរ
× ប៉ាគីស្ថាន នាថ្ងៃទី១១ ខែមេសា បានថ្កោលទោសការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការរៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងជំនួបក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅឯតំបន់កាស្មៀរនៅខែក្រោយ។ ប៉ាគីស្ថានក៏បានហៅទង្វើមួយនេះជាការមិនទទួលខុសត្រូវ។
ឥណ្ឌាដែលកំពុងកាន់តំណែងជាប្រធានប្ដូរវេនរបស់ G20 នឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំនៅទីក្រុងញូវដែលីនៅដើមខែកញ្ញា។ យ៉ាងណាមិញ កាលពីថ្ងៃទី៧ ខែមេសា ឥណ្ឌាបានបង្ហាញពីប្រតិទិនទាំងមូលនៃព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលដែលមានកិច្ចប្រជុំខ្លះត្រូវរៀបចំនៅនៅទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ និងនៅទីក្រុង Leh ក្នុងតំបន់ Ladakh ក្នុងខែមេសា និងឧសភា។
ក្រសួងការបរទេសប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសឥណ្ឌាដែលជ្រើសរើសកន្លែងប្រជុំក្នុងទឹកដីជម្លោះមួយនេះ។
«ចំណាត់ការមិនទទួលខុសត្រូវរបស់ឥណ្ឌា ជាវិធានការចុងក្រោយបង្អស់នៃវិធានការបម្រើផលប្រយោជន៍ខ្លួនឯងដើម្បីបន្តការកាន់កាប់ដោយខុសច្បាប់របស់ខ្លួននៅតំបន់ចាមូ និងកាស្មៀរ» ។ សេចក្ដីថ្លែងការណ៍ខាងលើលើកឡើងបែបនេះ។
ជាយូរមកហើយ ចាមូ និងកាស្មៀរ ជាចំណុចក្ដៅក្នុងទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលសុទ្ធតែទាមទារទឹកដីនេះទាំងស្រុង។ ក្រុងញូវដែលីបានចោទប្រកាន់ប៉ាគីស្ថានថា នៅពីក្រោយការបះបោរបំបែកខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុងតំបន់ដែលមានប្រជាជនមូស្លីមភាគច្រើនតែមួយគត់នៅក្នុងឥណ្ឌា។ ប៉ាគីស្ថានក៏បានចោទឥណ្ឌាវិញពីការរំលោភសិទ្ធិមនុស្សនៅតំបន់កាស្មៀរដែលស្ថិតក្រោមការគ្រប់គ្រងដោយឥណ្ឌាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com