អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា រងការថ្កោលទោស ក្រោយជនស៊ីវិល៥០នាក់ស្លាប់ក្នុងការវាយប្រហារផ្លូវអាកាស
12, Apr 2023 , 2:03 pm        
រូបភាព
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព AP
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព AP
ប្រជាជនស៊ីវិលយ៉ាងហោចណាស់ ៥០នាក់ ត្រូវបានសម្លាប់ និង៣០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារផ្លូវអាកាសពីសំណាក់យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១១ ខែមេសា។ របបយោធាមីយ៉ាន់ម៉ា ត្រូវបានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំង។

 
ការប៉ះទង្គិចរវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) តែងកើតមានជាញឹកញ៉ាប់ នៅក្នុងប្រទេស​ បើទោះសហគមន៍អន្តរជាតិ អំពាវនាវម្តងហើយម្តងទៀត ឱ្យឈប់មានហិង្សាក៏ដោយ។ ក្នុងថ្ងៃទី១១ ខែមេសា យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកនៅក្នុងភូមិ Pa Zi Gyi ក្នុងតំបន់ Sagaing ខណៈមានពិធីឡើងផ្ទះមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បាននិយាយការពារថា ការវាយប្រហារនោះ ជាការប្រឆាំងនឹងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ 
 
«វាមានពិធីបើកការិយាល័យថ្មីរបស់កម្លាំងការពារប្រជាជន...នៅម៉ោង ៨ព្រឹក ក្នុងភូមិ Pa Zi Gyi។ យើងបានវាយប្រហារទីតាំងនោះ»។ លោក Zaw Min Tun អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅយប់ថ្ងៃទី១១ ខែមេសា ដោយបន្តថា អ្នកស្លាប់មួយចំនួនជាក្រុមគាំទ្រប្រឆាំងរដ្ឋប្រហារ និងមានពាក់ឯកសណ្ឋាន។ មន្រ្តីយោធារូបនេះ ក៏ទទួលស្គាល់ផងដែរថា មានប្រជាជនមួយចំនួនពាក់ឯកសណ្ឋានស៊ីវិល។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យយោធាមីយ៉ាន់ម់ា បានបន្ថែមថា ប្រជាជនទាំងនោះ មិនមែនស្លាប់ដោយសារការវាយប្រហាររបស់យោធាទាំងអស់ទេ ប៉ុន្តែប្រជាជនខ្លះ បានបាត់បង់ជីវិតដោយសារជាន់មីន ដែលពង្រាយដោយកម្លាំងការពារប្រជាជនមីយ៉ាន់ម៉ា នៅជុំវិញតំបន់នោះ។
 
ក្រោយការវាយប្រហារខាងលើ សហគមន៍អន្តរជាតិ បានរិះគន់របបសឹកមីយ៉ាន់ម៉ាយ៉ាងខ្លាំង។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្ស លោក Volker Turk បានអះអាងថា ការវាយប្រហារដោយឧទ្ធម្ភាគចក្រ Mi-35 របស់យោធាមីយ៉ាន់ម៉ា ធ្វើឱ្យលោកមានភាពតក់ស្លុត ដោយសារជនរងគ្រោះជាសិស្សសាលាផង។ ទន្ទឹមនេះ លោកបានអំពាវនាវឱ្យមានការទទួលខុសត្រូវ តាមរយៈការនាំទៅតុលាការកាត់ទោស។ 
 
ដោយឡែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានថ្កោសទោសយ៉ាងខ្លាំងចំពោះការវាយប្រហារខាងលើ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយអ្នកនាំពាក្យ លោក Stephane Dujarric លោក ហ្គូតេរ៉េស បានជំរុញឱ្យមានការទទួលខុសត្រូវចំពោះការវាយប្រហារផ្លូវអាកាសនៅមីយ៉ាន់ម៉ា ដែលបង្កឱ្យប្រជាជនស៊ីវិលជាច្រើននាក់ បាត់បង់ជីវិត។ 
 
ទន្ទឹម ប្រមុខUN ក៏បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា បញ្ចប់យុទ្ធនាការប្រឆាំងនឹងប្រជាជនស៊ីវិលនៅក្នុងប្រទេសផង។ 
 
ស្របគ្នានេះ ក្រុងវ៉ាស៊ីនតោន បានបង្ហាញក្តីបារម្ភ ជុំវិញការវាយប្រហារផ្លូវអាកាស។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Vedant Patel ការវាយប្រហាររបស់របបសឹក ជាការមិនគោរពជីវិតមនុស្ស ហើយយោធាមីយ៉ាន់ម៉ា ត្រូវតែទទួលខុសត្រូវចំពោះវិបត្តិមនុស្សធម៌ និងនយោបាយ ក្រោយមានរដ្ឋប្រហារនៅឆ្នាំ២០២១។ 
 
មកទល់ពេលនេះ មីយ៉ាន់ម៉ា នៅតែបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ខណៈការបោះឆ្នោតឡើងវិញ នៅតែមិនទាន់មានភាពច្បាស់លាស់ បើទោះយោធា បានសន្យារៀបចំនៅក្នុងឆ្នាំ២០២៣ នេះក៏ដោយ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាម៉េរិក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com